ទម្លាប់នៃការប្រើប្រាស់របស់របរប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗគឺខុសៗគ្នា ជាពិសេសជាមួយសម្ភារៈបច្ចេកវិទ្យាដូចជា ទូរស័ព្ទ ឬកុំព្យូទ័រ អ្នកខ្លះក៏បានដឹង ហើយចេះថែទាំត្រឹមត្រូវ ខណៈអ្នកខ្លះទៀតមិនបានដឹង កំពុងបន្តសកម្មភាពដដែលៗ ធ្វើឱ្យឧបករណ៍របស់យើងមិនអាចប្រើបានយូរអង្វែង ឬឆាប់ខូចមុនអាយុកាល។ ដូច្នេះអ្នកគួរពិនិត្យមើល និងផ្លាស់ប្ដូរសកម្មភាពទាំងនេះចេញភ្លាម៖
១.យកអាហារសម្រន់ទៅញុំមុខកុំព្យូទ័រ៖ និយាយឱ្យងាយយល់ អ្នកចំណាយពេលញុំអាហារសម្រន់ដូចជា នំកញ្ចប់ ឬកាហ្វេដោយយកកុំព្យូទ័រជាទ្រនាប់ជំនួសឱ្យតុ ធ្វើឱ្យកម្ទេចកំទីនំ ឬកាហ្វេស្រក់លើក្តារចុច ពីមួយថ្ងៃទៅមួយថ្ងៃបណ្ដាលឱ្យកុំព្យូទ័រកខ្វក់ ងាយគាំង ឬខូចតែម្ដង។
២.សាកថ្មទូរស័ព្ទទុកចោលមួយយប់ទល់ភ្លឺ៖ ការសាកថ្មទុកចោលពេញមួយយប់ អាចបណ្ដាលឱ្យកើតមានករណីផ្ទុះថ្មស្មាតហ្វូន។ ទោះជាយ៉ាងណាការផ្ទុះនេះគឺកើតឡើងដោយសារ ការទុកឱ្យទូរស័ព្ទអស់ថ្មរហូតដល់ ០% ការប្រើប្រាស់ឆ្នាំងសាកក្លែងក្លាយ ឬជារបស់គ្មានធានាពីក្រុមហ៊ុននាំចូល។ លើសពីនេះទូរស័ព្ទក្តៅខ្លាំង មិនទុកឱ្យត្រជាក់សិន តែយកទៅសាកថ្មពេលទូរស័ព្ទកំពុងក្ដៅខ្លាំង ក៏អាចបណ្ដាលឱ្យឆេះបានផងដែរ។.png)
៣.ដើរចេញទាំងមិនបានបិទកុំព្យូទ័រ៖ យុវវ័យដែលចូលចិត្តប្រើកុំព្យូទ័រយូរដៃ (Laptop) ភាគច្រើនដើរចេញពីកុំព្យូទ័រខ្លួន ដោយមិនបានបិទឱ្យរលត់នោះទេ គ្រាន់តែចុច sleep រួចទុកចោលរាប់សិបម៉ោង។ យោងតាមប្រភពពីអ្នកបច្ចេកទេសកុំព្យូទ័រ បានលើកឡើងថា កត្តានេះហើយជាចំណែកមួយ ធ្វើឱ្យផ្ទៃអេក្រង់កុំព្យូទ័រឆាប់ធ្លាក់គុណភាពពន្លឺ និងធ្វើឱ្យថ្មមិនសូវកាន់ភ្លើងទៀតផង។.png)
៤.ទុកទូរស័ព្ទ ឬថេប្លេតចោលក្នុងរថយន្ត៖ ទង្វើនេះក៏រាប់ថា ជាទម្លាប់មិនល្អដែលអ្នកគួរតែកែចេញផងដែរ។ មិនត្រឹមតែកត្តាសុវត្ថិភាពប៉ុណ្ណោះទេ វាក៏ជាកត្តាបច្ចេកវិទ្យាផងដែរ។ ឧទាហរណ៍៖ ប្រសិនបើអ្នកទុកទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិចចោលក្នុងរថយន្តដែលមានសីតុណ្ហភាពត្រជាក់រាប់សិបម៉ោង នោះអេក្រង់និងថ្ម ចាប់ផ្តើមធ្លាក់គុណភាព បើសិនសីតុណ្ហភាពក្តៅវិញ ឧបករណ៍កាន់តែឆាប់ខូច។
៥.ប្រើឆ្នាំងសាកចល័ត៖ តើអ្នកធ្លាប់ខ្ចីឆ្នាំងសាកមិត្តភក្តិមកសាកទូរស័ព្ទដែរឬទេ? ទង្វើនេះ ក៏រាប់ចូលជាទម្លាប់មិនល្អដែរ ដោយហេតុថា រន្ធសាកថ្ម និងទូរស័ព្ទមិនប៉ុនគ្នា ទោះប៉ុនគ្នា ក៏ការបញ្ចូលចរន្តមិនលឿនដូចរបស់ដើមអ្នកដែរ នេះក៏អាចធ្វើឱ្យស្មាតហ្វូនអ្នកឆាប់ខូចដែរ៕










