សៀវភៅស្នាក់នៅ ជាសៀវភៅប្រើប្រាស់សម្រាប់ជាវិធាននគរបាល ដើម្បីស្រង់ព័ត៌មានអំពីចំនួនមនុស្សដែលស្នាក់នៅក្នុងលំនៅឋាននីមួយៗ។

សៀវភៅនេះ ពុំអាចត្រូវបានប្រើប្រាស់ធ្វើជាឯកសារសម្រាប់អះអាង ឬបញ្ជាក់ពីភាពជាកម្មសិទ្ធិលើលំនៅឋានបានឡើយ ដោយផ្តល់បានតែមួយគត់ជូនចំពោះបុគ្គលឬគ្រួសារ ឬក្រុមគ្រួសារដែលជាម្ចាស់ ឬជាអ្នកជួលកំពុងស្នាក់នៅក្នុងលំនៅឋានអចិន្ត្រៃយ៍ណាមួយជាកំណត់។

ដោយឡែកចំពោះករណីបើប្អូនប្រជាពលរដ្ឋចង់ផ្លាស់ប្តូទីលំនៅ មិនថាពីភូមិមួយទៅភូមិមួយ ឬពីឃុំមួយទៅឃុំមួយ ឬពីខេត្តមកភ្នំពេញ ពីភ្នំពេញទៅខេត្ត គឺសាមីខ្លួនត្រូវតែធ្វើសៀវភៅស្នាក់នៅថ្មី នេះបើយោងតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។

ក្នុងការធ្វើនេះ សាមីខ្លួន ត្រូវតែជាប្រជាពលរដ្ឋខ្មែរ និងមានសញ្ជាតិខ្មែរ ហើយត្រូវទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ដែលជាទីលំនៅអចិន្ត្រៃយ៍របស់ខ្លួន ដើម្បីស្នើសុំបំពេញនូវសុំណុំបែបបទដែលត្រូវផ្លាស់ចេញ និងបញ្ចាក់ឱ្យបានច្បាស់ចំពោះទីលំនៅថ្មីដែលខ្លួនត្រូវផ្លាស់ទៅនៅ៕

ឈ្វេងយល់! ក្នុងករណីប្តូរទីលំនៅ តើពលរដ្ឋគួរធ្វើសៀវភៅស្នាក់នៅថ្មីឬអត់?