ប្រទេសឥណ្ឌា ៖ ផ្សែងអ័ព្ទនៅពាសពេញបរិយាកាសក្នុងទីក្រុងញូវដែលី ប្រទេសឥណ្ឌា ពុំបានកើតឡើងដោយសារអាកាសធាតុត្រជាក់ទេ ប៉ុន្តែវាជាធូលីកខ្វ.ក់ដែលប៉ះពាល់សុខភាពយ៉ាងខ្លាំង ។ តាំងពីព្រឹកព្រលឹម ការធ្វើដំណើររបស់ពលរដ្ឋជួបការលំបាកមើលពុំឃើញផ្លូវដោយសារធូលីកខ្វ.ក់ ហើយសន្ទស្សន៍គុណភាពខ្យល់ (AQI) ដែលបានវាស់កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺស្មើនឹង៤៥៥ ។.png)
សន្ទស្សន៍គុណភាពខ្យល់នៅទីក្រុងញូវដែលី ស្ថិតក្នុងកម្រិតមានគ្រោះថ្នាក់ដល់សុខភាពពលរដ្ឋ ហើយរដ្ឋាភិបាលឥណ្ឌាស្នើឱ្យពលរដ្ឋផ្អាកហាត់ប្រាណក្នុងអំឡុងពេលនេះ ពីព្រោះអាចប្រឈមនឹងផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ ឬមានជំងឺផ្លូវដង្ហើម ។
ទីក្រុងញូវដែលី និងតំបន់នៅជុំវិញបានប្រឈមនឹងអាកាសធាតុដ៏អាក្រក់ រហូតដល់ជាប់ចំណាត់ថ្នាក់ទី១ គឺជាទីក្រុងមានមានបរិយាកាសកខ្វក់បំផុតលើពិភពលោក កាលពីថ្ងៃទី១៥ ខែវិច្ឆិកា កន្លងមក ។ មូលហេតុចម្បងធ្វើឱ្យនៅទីនេះប្រឈមនឹងបរិយាកាសកខ្វក់ និងធូលីពុល គឺបណ្តាលមកពីការដុតចំប៉ើងខុសច្បាប់ ។
ក្រុមហ៊ុនឥណ្ឌា Airvoice លើកឡើងថា ការរៀបចំពិធីបុណ្យ Diwali សម្រាប់អ្នកគោរពសាសនាហិណ្ឌូ និងជាពិធីបុណ្យចូលឆ្នាំថ្មីរបស់ឥណ្ឌា កាលពីថ្ងៃទី៣១ ខែតុលា កន្លងមក បានធ្វើឱ្យតំបន់មួយចំនួនមានបរិយាកាសកខ្វក់រហូតដល់៨៧៥% ។ ក្រៅពីនេះ ពលរដ្ឋឥណ្ឌាក៏បានប្រឈមនឹងទឹកខ្វក់ក្នុងទន្លេយ៉ាក់មុណា នៅទីក្រុងញូវដែលី ផងដែរ ។ បច្ចុប្បន្ន ទន្លេនេះគ្របដណ្តប់ទៅដោយពពុះ ពណ៌ស ដោយសារការបង្ហូរទឹកស្អុយចេញពីរោងចក្រឧស្សាហកម្ម ជាពិសេស រោងចក្រតម្បាញនៅរដ្ឋហារ៉ាយាណា និងរដ្ឋអុតតារៈប្រាថេត ។.png)
ភ្នាក់ងារគ្រប់គ្រងទឹកនៅឥណ្ឌាបញ្ជាក់ថា ទឹកស្អុយ និងពពុះក្នុងទន្លេយ៉ាក់មុណា មានប្រភពមកពីរដ្ឋនៅក្បែរ និងគ្មានប្រភពពីទីក្រុងញូវដែលីទេ ហើយពួកគេបានសំណូមពរឱ្យថ្នាក់ដឹកនាំរដ្ឋនីមួយៗមានវិធានការគ្រប់គ្រងការបង្ហូរទឹកស្អុយចូលទន្លេ ។ ពពុះពណ៌ស គ្របដណ្តប់ក្នុងទន្លេនេះ កើតឡើងស្របពេលអ្នកគោរពសាសនាហិណ្ឌូធ្វើពិធីសាសនាក្នុងទន្លេ ដូចជា ៖ ងូតទឹក និងត្រាំទឹក ដែលជាពិធីបុណ្យបូជាព្រះអាទិត្យ ដែលពួកគេពុំអាចចៀសវាង ៕










