ប្រទេសជប៉ុន ៖ ទីក្រុងអូសាកា ប្រទេសជប៉ុន បានប្រកាសហាមឃាត់ពលរដ្ឋជ.ក់បា.រីនៅតាមផ្លូវ និងពិន័យជាប្រាក់អ្នកមិនគោរពច្បាប់ ដោយអនុវត្តចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ តទៅ ប៉ុន្តែអាជ្ញាធរនឹងរៀបចំទីតាំងមួយចំនួនសម្រាប់ឱ្យពលរដ្ឋជ.ក់បា.រីនៅក្នុងទីក្រុង ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។.png)
អាជ្ញាធរទីក្រុងអូសាកាប្រកាសថា ហាមពលរដ្ឋជក់បារីនៅតាមផ្លូវសាធារណៈ ដើម្បីថែរក្សាបរិស្ថាន និងកែលម្អសោភ័ណភាពទីក្រុង ។ អភិបាលក្រុងអូសាកា លោក Hideyuki Yokoyama បានប្រកាសអនុវត្តច្បាប់ហាមជក់បារីតាមផ្លូវក្នុងទីក្រុង នៅឆ្នាំ២០២៥ ខណៈបច្ចុប្បន្ន ទីក្រុងអូសាកាមានច្បាប់ហាមជក់បារីក្នុងតំបន់មួយចំនួនប៉ុណ្ណោះ ដូចជា ៖ តំបន់អ៊ុមេតាក់ និងមិដូស៊ុជិ ហើយអ្នកល្មើសច្បាប់នឹងត្រូវពិន័យជាប្រាក់ស្មើជាង៦ដុល្លារអាមេរិក ។
អាជ្ញាធរបានរៀបចំទីក្រុងអូសាកាឱ្យមានសណ្តាប់ធ្នាប់សម្រាប់ពិធី «Osaka-Kansai World Expo» ដែលនឹងរៀបចំឡើងនៅឆ្នាំ២០២៥ ទើបទីក្រុងនេះចេញច្បាប់ហាមពលរដ្ឋជក់បារី ។ ប៉ុន្តែអាជ្ញាធរបានរៀបចំទីតាំងជាង១៤០កន្លែងក្នុងទីក្រុងអូសាកាសម្រាប់ឱ្យពលរដ្ឋជក់បារី ដោយចៀសវាងជក់នៅតាមទីសាធារណៈ ឬកន្លែងមានមនុស្សច្រើន ។.png)
លោក Hideyuki អភិបាលក្រុងអូសាកា និយាយថា ៖ «យើងបានកំណត់ថ្ងៃហាមពលរដ្ឋជក់បារីតាមផ្លូវសាធារណៈ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ដើម្បីឱ្យទីក្រុងមានសណ្តាប់ធ្នាប់ល្អ និងថែរក្សាបរិស្ថាន» ។ ក្រៅពីនេះ លោកអភិបាលក្រុងក៏មានគម្រោងបង្កើនចំនួនភ្នាក់ងារថែរក្សាសណ្តាប់ធ្នាប់ទីក្រុងឱ្យបាន១០០នាក់ ដើម្បីត្រួតពិនិត្យការជក់បារីក្នុងតំបន់នានា ។
គួរបញ្ជាក់ថា ទីក្រុងអូសាកាបានកំណត់ទីតាំងអនុញ្ញាតឱ្យពលរដ្ឋជក់បារី និងទីតាំងហាមឃាត់ ។ ប៉ុន្តែការជក់បារីនៅតាមផ្លូវសាធារណៈត្រូវបានហាមដាច់ខាត ហើយការជក់បារីនៅក្រៅអគារ ក៏ត្រូវបានចាត់ទុកថា ជាការជក់បារីនៅតាមផ្លូវដូចគ្នា ។ ក្រៅពីនេះ ការដើរ, អង្គុយ, ជិះកង់ និងជិះម៉ូតូជក់បារី ក៏ត្រូវហាមឃាត់ទាំងអស់ ។
កាលពីសម័យមុន ពលរដ្ឋជប៉ុនអាចជក់បារីនៅគ្រប់ទីកន្លែង ដូចជា ៖ ភោជនីយដ្ឋាន និងក្នុងអគារ ហើយបានប៉ះពាល់យ៉ាងខ្លាំងដល់អ្នកមិនជក់បារី តាមរយៈការស្រូបផ្សែងបារី និងខូចសុខភាពមិនខុសពីអ្នកជក់ ។ ហេតុនេះ ទើបការជក់បារីនាពេលបច្ចុប្បន្នត្រូវបានរឹតបន្តឹងខ្លាំងឡើង ៕










