ឌីជេ ក្តិប បានសាងភាពល្បីល្បាញក្នុងវិស័យរ៉េបអំឡុងឆ្នាំ២០០៦ ជាពិសេសគឺបទ បើកលុយ សហការជាមួយនឹងតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ។ មិនត្រឹមតែជាអ្នកចម្រៀងរ៉េបប៉ុណ្ណោះទេតែលោកក៏ជាអ្នកនិពន្ធទំនុកច្រៀងមួយរូបដែលនិពន្ធបទឱ្យតារាល្បីៗជាច្រើនរូប។ ទោះយ៉ាងណា លោក ចាន់ សំណាង ហៅ ឌីជេ ក្តិប បានបាត់មុខពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំហើយក៏ធ្លាប់ផុងខ្លួនធ្លាប់ញៀន.ថ្នាំផងដែរ។
បន្ទាប់ពីកែប្រែខ្លួនឯងនិងចាប់ផ្តើមបោះជំហានចូលវិស័យសិល្បៈវិញ ឌីជេ ក្តិប ខិតខំកសាងកេរ្តិ៍ឈ្មោះខ្លួនឯងឡើងវិញហើយនៅតែមានហ្វេនៗគាំទ្រផ្តល់ជាកម្លាំងចិត្ត។ នាពេលថ្មីៗនេះ ឌីជេ ក្តិប ក៏បានចូលរួមផ្តល់បទសម្ភាសន៍ក្នុងកម្មវិធី «អ្នកជិតខាង»បានទម្លាយនូវរឿងរ៉ាវផ្សេងៗជាច្រើន។.png)
មួយក្នុងចំណោមនោះ ឌីជេ ក្តិប បាននិយាយថាប្រសិនជាអាចទាញពេលវេលាវិលត្រឡប់ថយក្រោយបានលោកនឹងកាត់ពាក្យ «ចង់ដឹង» បោះចោល។ ដោយសារតែពាក្យថា ចង់ដឹង នេះហើយពេលដឹងហើយធ្វើឱ្យលោកខាតពេល៦ឆ្នាំ។ ឌីជេ ក្តិប បន្តថា នៅពេលលោកមានកំហុសហើយមានឱកាសកែប្រែកំហុស ផ្លាស់ប្តូរខ្លួនឯង ផ្លាស់ប្តូរការគិត ដើរមកដល់ថ្ងៃនេះលោកតែងតែគិតថា សមត្ថភាព ស្នាដៃប្រហែលខ្លួន ប្រឹងស្វែងរកឱកាសឱ្យខ្លួនសឹងតែមិនចង់បានចុះទម្រាំ ប្អូនៗដែលមិនចេះអ្វី ខុសមួយពេលជាប់គុកជាប់ច្រវាក់ ខូចឈ្មោះ ខូចកិត្តិយស កែប្រែយ៉ាងមិច។
ឌីជេ រូបនេះថា វិស័យហ៊ីបហប វិស័យ Media ឥឡូវគឺទូលំទូលាយខ្លាំងមែនទែនកុំឱ្យប្អូនៗស្អប់ខ្លួនឯង ត្រូវផ្លាស់ប្តូរខ្លួនឯង កាលពីមុនមិនមានឱកាសព្រោះជាប់គុកជាប់ច្រវាក់ចេញមកគេស្អប់ ប៉ុន្តែឥឡូវលែងអីហើយឱ្យតែយើងកែប្រែខ្លួនឯង ផ្លាស់ប្តូរខ្លួនឯង១០០ភាគរយថាឈប់ឬនៅ យើងកាត់ចិត្ត ធ្វើបានឬនៅឱ្យតែយើងផ្លាស់ប្តូរខ្លួនឯងបានហើយ មហាជននឹងគាំទ្រដូចជាលោកជាដើម៕










