សង្កា្រន្តស្គាល់ស្នេហ៍ របស់តារាចម្រៀង ម៉ាន់ វណ្ណដា បានផ្ទុះភាពល្បីល្បាញយ៉ាងខ្លាំងទាំងតារាក្នុងបញ្ជីAនិងអ្នកមានឥទ្ធិពលជាច្រើនរូបចូលរួមលេងបទរបស់ខ្លួន តែអ្វីដែលធ្វើឱ្យលោករំភើបចិត្តរហូតបង្ហោះនៅលើបណ្តាញសង្គមគឺតារាចម្រៀងជើងចាស់ដ៏ល្បីល្បាញលោក ណូយ វ៉ាន់ណេត បកស្រាយបទនេះ។ អ្វីដែលកាន់តែធ្វើឱ្យហ្វេនៗរំជួលចិត្តភាពសហការរបស់អ្នកទាំងពីរទំនងជាអាចកើតមានឡើង។
ភាពល្បីល្បាញបទ សង្ក្រាន្តស្គាល់ស្នេហ៍ របស់ វណ្ណដា នៅលើបណ្តាញសង្គមទិកតុកនៅតែបន្តកើតមានឡើងអស់រយៈពេលជាច្រើនខែមកហើយអូសមិនទាន់ផុតនៅតែជាទីពេញនិយម។ បទមួយនេះក៏បានជំរុញចិត្តឱ្យតារាល្បីៗជាច្រើននៅប្រទេសថៃដូចជា Mai Davikah , Mint Chalida ,Faye Malison ,Pinky Savika, Miss Universe Vietnam 2023 និងតារាប្រុសស្រីជាច្រើនរូបទៀតកម្សាន្តសប្បាយជាមួយបទភ្លេងនិងចម្រៀងដ៏ទាក់ទាញនេះ។
ដ្បិតតែមានការគាំទ្រច្រើនពីតារាទាំងក្នុងស្រុកនិងក្រៅស្រុកប៉ុន្តែអ្វីដែលធ្វើឱ្យ វណ្ណដា រំភើបចិត្តផុសឡើងនៅលើបណ្តាញសង្គមគឺបន្ទាប់ពីតារាចម្រៀងជើងចាស់ ណូយ វ៉ាន់ណេត បកស្រាយបទ សង្ក្រាន្តស្គាល់ស្នេហ៍ របស់ខ្លួន។ តាមរយៈវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គម នាយព្រែក គេបានឃើញតារាចម្រៀងលោក ណូយ វ៉ាន់ណេត លេបខាយពាក្យសម្តីតាមរយៈការច្រៀងបទ «សង្ក្រាន្តស្គាល់ស្នេហ៍» របស់ វណ្ណដា ទៅកាន់អ្នកស្រី នួន សារី ហៅយាយយ៉យ។
វីដេអូការសម្តែងនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាកទស្សនិកជនមានការទស្សនារាប់លានដងនិងមានការចែករំលែករាប់ម៉ឺននាក់។ មិនត្រឹមតែមហាជនទេមានការចាប់អារម្មណ៍ សូម្បីតែ វណ្ណដា ក្រោយពីឃើញរៀមច្បងក្នុងវិស័យសិល្បៈច្រៀងបទចម្រៀងរបស់ខ្លួនរំភើបចិត្តឡើងមកហើយសុបិនរបស់លោកគឺចង់មានការសហការជាមួយតារាចម្រៀង ណូយ វ៉ាន់ណេត។
វណ្ណដា បានចែករំលែកការច្រៀងនិងសម្តែងរបស់លោក ណូយ វ៉ាន់ណេត និងបានដាក់ខ្លឹមសារថា « What if VannDa x ពូ vannet My dream collab» ។ វណ្ណដា ក៏បាន Mention ផលិតកម្មបារមីលើការស៊ែររបស់លោកផងដែរ។ ឃើញមានដំរួយបែបនេះអ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងនិងបានលើកឡើងថាការសហការនេះនឹងមានភាគរយខ្ពស់ទស្សនិកជននឹងបានឃើញក្នុងពេលខាងមុខនេះមិនខាន។
តាមរយៈការសហការកន្លងមក វណ្ណដា មានការសហការជាមួយអ្នកចម្រៀងក្នុងវិស័យរ៉េបជាច្រើនរូប ខណៈការសហការ២ជំនាន់ដែលទទួលបានល្បីល្បាញខ្លាំងគឺជាមួយលោកគ្រូ គង់ ណៃ ទៅលើបទ Time To Rise ដែលសាងភាពល្បីល្បាញទូទាំងពិភពលោក៕










