ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ មានទំនុកចិត្តថា ប្រព័ន្ធការងាររបស់ប៉ូលិសអន្តោប្រវេសន៍នឹងគ្មានបញ្ហា ហើយថៃបានត្រៀមខ្លួនទទួលភ្ញៀវទេសចរបរទេសឱ្យបានច្រើនបំផុតក្នុងរយៈពេល៦ខែខាងមុខ ។ បច្ចុប្បន្ន ថៃទទួលបានភ្ញៀវទេសចរបរទេសជិតស្មើពេលមុនជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ជាពិសេស ភ្ញៀវទេសចរឥណ្ឌា ដោយសារគោលនយោបាយលើកលែងទិដ្ឋាការភ្ញៀវទេសចររបស់លោក ស្រេតថា ថាវីស៊ីន អតីតនាយករដ្ឋមន្ត្រី ។
កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានសុវណ្ណភូមិ លោកស្រី ផេថងថាន នាយករដ្ឋមន្ត្រីថៃ បានថ្លែងក្រោយកិច្ចប្រជុំជាមួយស្ថាប័នពាក់ព័ន្ធថា ស្ថាប័នទាំងអស់បានត្រៀមខ្លួនរួចរាល់ហើយដើម្បីទទួលភ្ញៀវទេសចរបរទេសមកកម្សាន្តប្រទេសថៃ ។ រីឯប្រព័ន្ធការងាររបស់ប៉ូលិសអន្តោប្រវេសន៍នៅអាកាសយានដ្ឋាន គឺក្រសួងទេសចរណ៍ និងកីឡា ព្រមទាំងគ្រប់ស្ថាប័នចាត់ការរួចហើយ ដើម្បីជំរុញវិស័យទេសចរណ៍ ។
កន្លងមក ប្រព័ន្ធការងាររបស់ប៉ូលិសអន្តោប្រវេសន៍នៅអាកាសយានដ្ឋានមានបញ្ហាមួយចំនួន ពេលនេះ ពុំចាំបាច់បារម្ភពីចំនួនភ្ញៀវទេសចរបរទេសកើនឡើងទេ ពីព្រោះយើងបានចាត់ការរួចរាល់ហើយដើម្បីទទួលភ្ញៀវទេសចរ ។ នៅឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរធ្វើដំណើរមកប្រទេសថៃ គឺប្រហាក់ប្រហែលឆ្នាំ២០១៩ (ឬមុនពេលជំងឺកូវីដឆ្លងរាតត្បាត) ក្នុងនោះភ្ញៀវទេសចរឥណ្ឌាមកលេងថៃច្រើនជាងគេ ។.jpg)
កំណើនភ្ញៀវទេសចរបច្ចុប្បន្ន គឺដោយសារអតីតនាយករដ្ឋមន្ត្រី លោក ស្រេតថា ថាវីស៊ីន បានបង្កើតគោលនយោបាយលើកលែងទិដ្ឋាការភ្ញៀវទេសចរ ។ រីឯភ្ញៀវទេសចរចិនធ្លាក់ចុះបន្តិច ហើយថៃសង្ឃឹមថា នឹងទទួលបានភ្ញៀវទេសចរបរទេសច្រើនបំផុតក្នុងរយៈពេល៦ខែ (ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ខែមេសា ឆ្នាំ២០២៥) ឬអំឡុងពេល High Season ។
នាយករដ្ឋមន្ត្រីថៃបានស្នើឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ និងធ្វើឱ្យយ៉ាងណា ឱ្យភ្ញៀវទេសចរមានអារម្មណ៍កក់ក្តៅ និងសុវត្ថិភាពពេលមកលេងប្រទេសថៃ ។ ក្រៅពីនេះ តំបន់ទេសចរណ៍នានាត្រូវតែរៀបចំឱ្យមានអនាម័យជានិច្ច ដើម្បីក្លាយជាមន្តស្នេហ៍ទាក់ទាញភ្ញៀវទេសចរ និងស្គាល់ថៃឱ្យបានច្រើន ក្រៅពីវប្បធម៌ ។
ដោយឡែក ក្រសួងគមនាគមន៍ត្រូវតែផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរ ដូចជា ៖ រថយន្តក្រុង ឬរថយន្តទេសចរណ៍ ហើយអ្នកបើករថយន្តត្រូវទំនាក់ទំនងជាមួយសមត្ថកិច្ចដើម្បីផ្តល់សុវត្ថិភាពដល់ភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅស្រុក ៕










