ជាការពិតណាស់ នៅក្នុងកន្លែងការងារភាគច្រើន បុគ្គលិកទាំងអស់មិនប្រាកដថាត្រូវគ្នានោះទេ ដោយសារមនុស្សម្នាក់ៗមានចំណេះជំនាញ និងអត្តចរិតខុសគ្នា ធ្វើឱ្យពួកគេមើលមុខគ្នាមិនចំ នេះក៏ដោយសាររបៀបគ្រប់គ្រងរបស់យើងខ្សោយដែរ ទើបបុគ្គលិកមិនសូវត្រូវគ្នា។ ដូច្នេះដើម្បីជួយឱ្យក្រុមការងារមានទំនាក់ទំនងល្អនឹងគ្នា ក៏ដូចជាមានទំនាក់ទំនងល្អជាមួយអ្នកគ្រប់គ្រង និងធ្វើការដែលជាគោលដៅរបស់ក្រុមហ៊ុន គន្លឹះ ៤ យ៉ាងនេះអាចជួយអ្នកបាន៖.png)
១.ស្វែងរកចំណុចខ្លាំងរបស់បុគ្គលិកម្នាក់ៗ៖ ជារឿងចាំបាច់ដែលអ្នកគ្រប់គ្រងត្រូវតែដឹងចំណុចខ្លាំងរបស់បុគ្គលិកម្នាក់ៗក្នុងក្រុមការងារ និងរបៀបដែលក្រុមការងារអាចយកចំណុចខ្លាំងទាំងនោះមកចូលរួមក្នុងកិច្ចការរួម។ នៅពេលដែលអ្នកគ្រប់គ្រងផ្តោតលើចំណុចខ្លាំងរបស់បុគ្គលិកស្មើៗគ្នា ភាពព្រងើយកន្តើយរវាងអ្នកគ្រប់គ្រងនិងក្រុមការងារក៏លែងមានទៀតដែរ។
២.ពូកែលើកសំណួរបំផុសគំនិត៖ យោងតាមអ្នកជំនាញខាងលើកទឹកចិត្តមនុស្សលោក Tony Robbins បាននិយាយថា គុណភាពនៃសំណួររបស់អ្នកគ្រប់គ្រងជាកត្តាកំណត់គុណភាពនៃទំនាក់ទំនងរបស់អ្នក។ អ្នកគ្រប់គ្រងទាំងអស់ត្រូវចេះលើកសំណួរដែលមានប្រសិទ្ធភាពដោយផ្តោតលើបញ្ហាសំខាន់ៗ និងធ្វើយ៉ាងណាឱ្យបុគ្គលិកដឹងថាអ្នកគ្រប់គ្រងយកចិត្តទុកដាក់ចំពោះបញ្ហាទាំងនោះ។.png)
៣.យកចិត្តទុកដាក់ក្នុងការស្តាប់៖ ការស្តាប់មិនមែនគ្រាន់តែបង្ហាញវត្តមានដើម្បីគូសន្ទនាប៉ុណ្ណោះទេ តែត្រូវស្តាប់ឱ្យប្រាកដ និងធ្វើយ៉ាងណាឱ្យអ្នកនិយាយ យល់ថាអ្នកពិតជាបានឮសម្តីគ្រប់ម៉ាត់របស់គេមែន។ ដើម្បីធ្វើបែបនេះបាន អ្នកស្តាប់ត្រូវចេះអត់ធ្មត់មិននិយាយកាត់ ឬនិយាយបញ្ចប់សម្តីរបស់គេឡើយ បើទោះជាអ្នកយល់ថាអ្នកដឹងចម្លើយរួចហើយក៏ដោយ។
៤.លើកសរសើរលើស្នាដៃ ជាជាងចាប់កំហុស៖ អ្នកគ្រប់គ្រងត្រូវតែយល់ថាមនុស្សម្នាក់ៗមានលក្ខណៈពិសេសខុសៗគ្នា ហើយគេអាចនឹងចង់បានការទទួលស្គាល់ខុសៗគ្នាដែរ។ ជាទូទៅអ្នកគ្រប់គ្រងយល់ច្រឡំថាការវាយតម្លៃអវិជ្ជមាន គឺធ្វើឱ្យបុគ្គលិកដឹងពីកំហុសរបស់ពួកគេ ប៉ុន្តែបើអ្នកនិយាយតែចំណុចអវិជ្ជមាន មិនដែលឃើញពីគុណសម្បត្តិរបស់បុគ្គលិកក៏មិនល្អដែរ នេះធ្វើឱ្យបុគ្គលិកនិងបុគ្គលិកមិនត្រូវគ្នា ក៏ដូចជាធ្វើឱ្យពួកគេស្អប់អ្នកទៀតផង។ ហេតុនេះអ្នកគួរនិយាយសរសើរលើស្នាដៃ ជាជាងចាប់កំហុសញឹកញាប់៕










