ប្រទេសឥណ្ឌា ៖ សារព័ត៌មានបរទេសបានរាយការណ៍ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ពលរដ្ឋឥណ្ឌារាប់ពាន់នាក់បាននាំគ្នាចុះជ្រមុជទឹកក្នុងទន្លេ Yamuna នៅទីក្រុងញូវដែលី ដែលពោរពេញដោយសារធាតុពុលចេញពីរោងចក្រឧស្សាហកម្ម ដើម្បីប្រារព្ធពិធីបុណ្យសាសនាហិណ្ឌូដ៏ស័ក្តិសិទ្ធិ ។ .png)
បើទោះជាទឹកទន្លេនេះពោរពេញទៅដោយសារធាតុពុលហូរចេញពីរោងចក្រឧស្សាហកម្មក្តី ប៉ុន្តែពលរដ្ឋដែលមានជំនឿបានធ្វើដំណើរមកកាន់ទន្លេដ៏ស័ក្តិសិទ្ធិនេះ ដើម្បីប្រារព្ធពិធីបូជាព្រះអាទិត្យ ។ ពលរដ្ឋម្នាក់ៗបានឈរក្នុងទឹក និងជ្រមុជទឹកបន្តិចម្តងៗក្នុងអំឡុងពេលព្រះអាទិត្យរះ ឬលិច ហើយពួកគេពុំពេញចិត្តនឹងទឹកទន្លេកខ្វក់បែបនេះទេ និងអំពាវនាវឱ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហាទឹកទន្លេស័ក្តិសិទ្ធិ ។
លោក ដេហ្វីនឌ័រ ខាពូ នាយកគម្រោងទឹកនៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបរិស្ថានឥណ្ឌានិយាយថា រដ្ឋាភិបាលគួរតែជួយដោះស្រាយបញ្ហាទឹកកខ្វក់ក្នុងទន្លេ Yamuna ដើម្បីឱ្យពលរដ្ឋប្រាកដចិត្តថា វប្បធម៌ និងប្រពៃណីរបស់ពួកគេពុំបាត់បង់ ។ ហេតុនេះ ពួកគេនឹងអាចសូត្រធម៌នៅមាត់ទន្លេបន្តទៀត ដោយពុំបារម្ភពីទឹកកខ្វក់ ។.png)
ទន្លេ Yamuna គ្របដណ្តប់ទៅដោយសារធាតុពុលបានបង្ហាញថា ទីក្រុងញូវដែលីរបស់ឥណ្ឌាពោរពេញទៅដោយបរិយាកាសកខ្វក់ជារៀងរាល់ឆ្នាំ ក្រោយពិធីបុណ្យសាសនាហិណ្ឌូ ។.png)
គួរបញ្ជាក់ថា ទន្លេ Yamuna បានក្លាយជាទន្លេកខ្វក់ពោរពេញទៅដោយពពុះពណ៌ស គឺបណ្តាលមកពីសារធាតុគីមីកើតពីការលួចទម្លាក់សំរាមរោងចក្រឧស្សាហកម្ម និងការបង្ហូរទឹកស្អុយពីទីក្រុង ។ ប៉ុន្តែភ្នាក់ងារគ្រប់គ្រងទឹកឥណ្ឌាបញ្ជាក់ថា ទឹកស្អុយនេះមានប្រភពពីរដ្ឋនៅក្បែរៗ មិនមែនមានប្រភពពីទីក្រុងញូវដែលី ទេ ។
អ្នកកាន់សាសនាហិណ្ឌូជាច្រើននាក់បានចុះជ្រមុជទឹកក្នុងទន្លេកខ្វក់នេះ ដោយសារត្រូវប្រារព្ធពិធីបុណ្យបូជាព្រះអាទិត្យ គឺអ្នកមានជំនឿត្រូវតែចុះទន្លេដើម្បីធ្វើពិធីស័ក្តិសិទ្ធិក្នុងទន្លេ ពុំអាចប្រកែកបាន ។ អ្នកកាន់សាសនាហិណ្ឌូប្រាប់ថា បើទោះជាទឹកទន្លេកខ្វក់ខ្លាំងក្តី ប៉ុន្តែគ្មានជម្រើសផ្សេងទេ ៕










