ប្រទេសថៃ ៖ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា គណបក្សផ្លាំងប្រាឆារ៉ាត់ បានសំណូមពរឱ្យរដ្ឋាភិបាលលុបចោលកិច្ចព្រៀង MOU កោះកុតជាមួយកម្ពុជា ឬធ្វើកិច្ចព្រមព្រៀង MOU ថ្មី ។ គណបក្សនេះអះអាងថា ការកំណត់ព្រំដែនរបស់កម្ពុជាក្នុងសមុទ្រ គឺធ្វើហួសពីច្បាប់អន្តរជាតិ និងធ្វើឱ្យថៃចាញ់ប្រៀប ។.jpg)
លោក សុនធីរ៉ាត់ សុនធិជិរ៉ាវង្ស អនុប្រធានគណបក្សផ្លាំងប្រាឆារ៉ាត់ បានលើកឡើងពីការចុះកិច្ចព្រមព្រៀង MOU កោះកុតរវាងប្រទេសកម្ពុជា និងថៃថា ៖ «យើងពុំចាំបាច់ចរចាតំបន់ត្រួតស៊ីគ្នាក្នុងសមុទ្រជាមួយកម្ពុជាទេ ហើយយើងក៏គ្មានចេតនារារាំងដល់ការចរចាបែងចែកផលប្រយោជន៍របស់ប្រទេសទាំងពីរ ។ កោះកុត គឺជារបស់ថៃ ប៉ុន្តែត្រូវបានរំលោភដែនទឹក» ។.jpg)
ករណីកិច្ចព្រមព្រៀង MOU ឆ្នាំ២០០១ គណបក្សផ្លាំងប្រាឆារ៉ាត់ សូមបញ្ជាក់ពីគោលជំហរថា វាជាឧបសគ្គក្នុងការចរចា និងបែងចែកផលប្រយោជន៍ពុំយុត្តិធម៌របស់ភាគីទាំងពីរ ។ កាលពីមុន ប្រទេសថៃពុំបានស្រាវជ្រាវឯកសារកោះកុតឱ្យស៊ីជម្រៅដូចពេលបច្ចុប្បន្ន ហើយយើងបានណែនាំឱ្យរដ្ឋាភិបាលធ្វើ MOU ថ្មី ពីព្រោះប្រទេសមួយគោរពច្បាប់អន្តរជាតិ ប៉ុន្តែប្រទេសមួយទៀតមិនអនុវត្តតាមច្បាប់អន្តរជាតិ តើនឹងចរចាគ្នាដូចម្តេច? នេះហើយជាក្តីបារម្ភរបស់យើង ។

រីឯលោក ធីរ៉ាក់ឆ័យ ភូវ៉ាណាថុរ៉ានុបាល អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងប្រធានគោលនយោបាយរបស់គណបក្សផ្លាំងប្រាឆារ៉ាត់ និយាយថា គណបក្សចេញមកនិយាយពីបញ្ហាកោះកុត ដើម្បីជាផលប្រយោជន៍ជាតិ និងនយោបាយ ។ លោកសូមសំណូមពរឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសការពារជាតិ និងគោរពតាមច្បាប់អន្តរជាតិ ។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ និងលោក ភូមិថាំ វេជ្ជឆ័យ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងមកកាន់ក្រុមអ្នកសារព័ត៌មាន អំពីបញ្ហាកិច្ចព្រមព្រៀង MOU ជាមួយកម្ពុជា ហើយលោកស្រី ផេថងថាន នឹងបង្កើតគណៈកម្មការ JTC ឱ្យរួចរាល់នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៤ ។
គណបក្សផ្លាំងប្រាឆារ៉ាត់ បានដាក់សម្ពាធឱ្យរដ្ឋាភិបាលលុបចោលកិច្ចព្រមព្រៀង MOU ឆ្នាំ២០០១ គឺរដ្ឋាភិបាលយល់ថា នៅមានបញ្ហាផ្នែកច្បាប់ និងពុំបានឆ្លងកាត់រដ្ឋសភា ។ រីឯករណីត្រូវកម្ពុជាប្តឹង ប្រសិនបើថៃលុបចោល MOU នោះ លោកស្រី ផេថងថាន ថ្លែងថា រឿងប្តឹង ឬមិនប្តឹង វាអាចកើតឡើងបាន បើថៃលុបចោល MOU ។ ដូច្នេះ ថៃពុំគួរលុបចោល MOU ទេ ពីព្រោះនឹងធ្វើឱ្យប្រទេសទាំងពីរមានបញ្ហាជាមួយគ្នា ៕










