សហរដ្ឋអាមេរិក ៖ សារព័ត៌មានបរទេស Business Insider បានវិភាគពីកត្តាមួយចំនួន ដែលជំរុញឱ្យលោក Donald Trump មកពីគណបក្ស Republican ទទួលបានសំឡេងគាំទ្រច្រើនពីពលរដ្ឋអាមេរិកក្នុងការបោះឆ្នោតឆ្នាំ២០២៤ និងឡើងកាន់តំណែងជាប្រធានាធិបតីថ្មី នាដើមឆ្នាំ២០២៥ ។
ការវិភាគរបស់សារព័ត៌មានបរទេសបញ្ជាក់ថា គណបក្ស Democrat បានបាត់បង់សំឡេងឆ្នោតជិតពាក់កណ្តាលពីពលរដ្ឋអាមេរិកអាយុតិចបំផុត ចាប់ពី១៨ឆ្នាំ ទៅ២៩ឆ្នាំ ខណៈកាលពីឆ្នាំ២០២០ សម័យលោក ចូ បៃឌិន គណបក្សនេះទទួលបានសំឡេងគាំទ្រពីក្រុមយុវជន រហូតដល់២៤% ។ ប៉ុន្តែការបោះឆ្នោតនៅឆ្នាំ២០២៤នេះ សំឡេងគាំទ្រគណបក្សពីក្រុមយុវជនបានធ្លាក់ចុះមកនៅត្រឹមតែ១៣% ប៉ុណ្ណោះ ក្នុងសម័យលោកស្រី Kamala Harris ។.png)
ក្រៅពីនេះ ពលរដ្ឋអាមេរិកឡាទីន២៥% បានប្តូរចិត្តឈប់គាំទ្រគណបក្ស Democrat ហើយងាកមកគាំទ្រលោក Trump ក្នុងការបោះឆ្នោតលើកនេះ ។ ដូច្នេះ ពួកគេបានក្លាយជាក្រុមជួយជំរុញឱ្យលោក Trump ឈ្នះឆ្នោត រីឯលោកស្រី Harris ទទួលបានសំឡេងគាំទ្រពីពលរដ្ឋអាមេរិកឡាទីន តិចជាងលោក Trump រហូតដល់១០% ។ វាខុសគ្នាពីការបោះឆ្នោតនាពេលកន្លងមក ដែលលោក ចូ បៃឌិន ធ្វើជាបេក្ខជនរបស់គណបក្ស Democrat គឺធ្លាប់ទទួលបានសំឡេងគាំទ្រពីពលរដ្ឋអាមេរិកឡាទីនខ្ពស់ជាងលោក Trump ។
វិបត្តិសេដ្ឋកិច្ចដែលពលរដ្ឋអាមេរិកកំពុងតែប្រឈមនោះ គឺជាបញ្ហាសំខាន់ដែលធ្វើឱ្យពួកគេសម្រេចចិត្តជ្រើសរើសប្រធានាធិបតីអាមេរិកថ្មីលើកនេះ ។ ពលរដ្ឋ២នាក់ ក្នុងចំណោម៣នាក់ និយាយថា សេដ្ឋកិច្ចអាមេរិកបច្ចុប្បន្នមិនល្អឡើយ ឬធ្លាក់ចុះដល់ចំណុចទាប ។ ពលរដ្ឋអាមេរិកខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ទើបពួកគេសម្រេចចិត្តជ្រើសរើសលោក Trump ។
កត្តាមួយទៀត គឺពលរដ្ឋរស់នៅតំបន់ជនបទ និងជាយក្រុង ដែលធ្លាប់បោះឆ្នោតគាំទ្រលោក ចូ បៃឌិន កន្លងមក ពួកគេបានងាកមកគាំទ្រគណបក្ស Republican វិញ ។ រីឯសារព័ត៌មាន New York Times វិភាគថា ពលរដ្ឋអាមេរិកមានសិទ្ធិបោះឆ្នោតជាង៩០% បានងាកទៅគាំទ្រគណបក្ស Republican ក្នុងការបោះឆ្នោតលើកចុងក្រោយនេះ ៕










