ប្រទេសថៃ ៖ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ក្រោយពីពលរដ្ឋបារម្ភពីការបាត់បង់កោះកុតទៅឱ្យកម្ពុជា លោក Maris Sangiampongsa រដ្ឋមន្ត្រីក្រសួងការបរទេសថៃថ្លែងថា ការចរចាពីផលប្រយោជន៍តំបន់ត្រួតស៊ីគ្នាក្នុងសមុទ្ររវាងកម្ពុជា និងថៃ គឺត្រូវតែស្តាប់សំឡេងពលរដ្ឋប្រទេសទាំងពីរតាមរយៈរដ្ឋសភា ។

លោករដ្ឋមន្ត្រីក្រសួងការបរទេសថ្លែងថា ៖ «លទ្ធផលការចរចានឹងទទួលបានជោគជ័យ ឬបញ្ឈប់ការចរចានោះ លុះត្រាតែពលរដ្ឋទាំងពីរប្រទេសយល់ព្រម ។ រដ្ឋសភាប្រទេសទាំងពីរត្រូវតែយល់ព្រមតាមរយៈការអនុម័តសំណើពីគណៈរដ្ឋមន្ត្រីចូលសភា ក្នុងនាមតំណាងឱ្យពលរដ្ឋ» ។.png)
បញ្ហាកោះកុតជាកម្មសិទ្ធរបស់ប្រទេសណា គឺត្រូវបានពលរដ្ឋថៃលើកយកមកជជែកយ៉ាងច្រើនក្នុងបណ្តាញសង្គម ហើយពួកគេព្យាយាមស្នើទៅកាន់តុលាការធម្មនុញ្ញឱ្យលុបចោលកិច្ចព្រមព្រៀង MOU 44 ពីព្រោះកិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យកោះកុតក្លាយជាទឹកដីកម្ពុជា ។.png)
កិច្ចព្រមព្រៀងនឹងស្របតាមច្បាប់អន្តរជាតិ និងច្បាប់ពាក់ព័ន្ធផ្សេងៗ ហើយវាពុំអាចទៅរួចទេ ក្នុងការចរចាគ្នាដើម្បីឱ្យប្រទេសណាមួយទទួលបានផលប្រយោជន៍តាមការទាមទារ ។ សូមពលរដ្ឋថៃទុកចិត្តចុះ ការចរចាជាមួយកម្ពុជា គឺថៃនឹងគិតពីអធិបតេយ្យភាព និងផលប្រយោជន៍របស់ពលរដ្ឋថៃ ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសថៃ ។
សារព័ត៌មានថៃរាយការណ៍ថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ បានចាប់ផ្តើមកើតឡើងតាំងពីឆ្នាំ១៩០៧ មកម៉្លេះ ហើយថៃបានយល់ព្រមប្រគល់ខេត្តបាត់ដំបង, សៀមរាប និងស៊ីសុផុន ឱ្យទៅបារាំងដែលគ្រប់គ្រងកម្ពុជានាសម័យនោះ ដើម្បីឱ្យថៃទទួលបានខេត្តត្រាត និងកោះកុត ។ ប៉ុន្តតែនៅឆ្នាំ១៩៧៣ កម្ពុជាបែរជាអះអាងកម្មសិទ្ធក្នុងសមុទ្រឆ្លងកាត់កោះកុត ទើបរដ្ឋាភិបាលថៃកំណត់ព្រំដែនជាថ្មី ហើយក៏ក្លាយជាតំបន់ត្រួតស៊ីគ្នាក្នុងសមុទ្រ ។.png)
ហេតុនេះ ដើម្បីបញ្ចប់បញ្ហា កាលពីឆ្នាំ២០០១ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃសម័យនោះបានពិភាក្សាជាមួយកម្ពុជា រហូតដល់បង្កើតកិច្ចព្រមព្រៀង MOU 44 ។ កិច្ចព្រមព្រៀងនេះបញ្ជាក់ថា ប្រទេសទាំងពីរនឹងចរចាគ្នាដើម្បីបែងចែកធនធានធម្មជាតិរ៉ែប្រេងក្នុងតំបន់ត្រួតស៊ីគ្នា និងចរចាពីការបែងចែកតំបន់ក្នុងសមុទ្រ ហើយចាត់ទុកថា កោះកុតជារបស់ថៃ ។
ក្រោយមក រដ្ឋាភិបាលរបស់លោក អភិសីទ វេចាជីវ៉ាក់ បានព្យាយាមលុបចោល MOU 44 ជាមួយកម្ពុជា ហើយក៏មានការចរចាពីរឿងនេះម្តងទៀតក្នុងសម័យរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ និងលោក ប្រាយុទ្ធ ចាន់អូចា ប៉ុន្តែគ្មានការផ្លាស់ប្តូរកិច្ចព្រមព្រៀងទេ ។ ដូច្នេះ វាបានក្លាយជាប្រធានក្តៅដែលពលរដ្ឋថៃលើកយកមកជជែកម្តងទៀតក្នុងបណ្តាញសង្គម ៕










