សហរដ្ឋអាមេរិក ៖ ការស្ទង់មតិពលរដ្ឋអាមេរិកមុនពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីបង្ហាញថា លោក Donald Trump និងលោកស្រី Kamala Harris នឹងទទួលបានសំឡេងប្រហាក់ប្រហែលគ្នា ។ ប៉ុន្តែលទ្ធផលបោះឆ្នោតជាក់ស្តែង គឺលោក Donald Trump ទទួលបានសំឡេងគាំទ្រច្រើន និងក្លាយជាប្រធានាធិបតីថ្មីរបស់អាមេរិក ។
តើយើងបានជ្រាបអ្វីខ្លះពីប្រធានាធិបតីថ្មីរបស់អាមេរិករូបនេះ?
១-ប្រធានាធិបតីដំបូងគេរងការចោទប្រកាន់ពីបទឧក្រិដ្ឋ ៖ កាលពីឆ្នាំ២០២៣ លោក Trump ត្រូវបានគណៈវិនិច្ឆ័យធំនៅទីក្រុងញូវយ៉កចោទប្រកាន់ថា លោកបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ករណីលោកផ្តល់ប្រាក់បិទមាត់តារាភាពយន្តម្នាក់ឈ្មោះ Stormy Daniels មិនឱ្យនាងផ្សព្វផ្សាយពីទំនាក់ទំនងជាមួយលោក ក្នុងអំឡុងពេលឃោសនារកសំឡេងឆ្នោត នៅឆ្នាំ២០១៦ ។ លោក Trump បានបដិសេធរឿងនេះរហូតមក ហើយពេលឈ្នះឆ្នោតឆ្នាំ២០២៤ លោកក៏ក្លាយប្រធានាធិបតីអាមេរិកដំបូងគេ ដែលរងការប្រកាន់បទឧក្រិដ្ឋ ។
២-ប្រធានាធិបតី ទី២ ដែលកាន់តំណែង២អាណត្តិមិនជាប់គ្នា ៖ លោក Trump បានក្លាយជាប្រធានាធិបតីអាមេរិក ទី២ បន្ទាប់ពីលោក Grover Cleveland ដែលត្រឡប់មកកាន់តំណែងឡើងវិញក្រោយពីធ្លាប់ចាញ់ឆ្នោត ។
៣-ប្រធានាធិបតីដំបូងគេរងការចោទប្រកាន់២លើក ៖ លោក Trump បានក្លាយជាប្រធានាធិបតីតែម្នាក់គត់ ដែលប្រឈមនឹងការចោទប្រកាន់រហូតដល់២លើក ។ លោកត្រូវបានគេចោទប្រកាន់ថា ជំរុញឱ្យកើតចលាចលក្នុងអគាររដ្ឋសភា ពេលលោក ចូ បៃឌិន ឈ្នះឆ្នោតកាលពីឆ្នាំ២០២១ ។
៤-ប្រធានាធិបតីអាយុច្រើនបំផុតពេលកាន់តំណែង ៖ លោក Trump នឹងកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ហើយពេលនោះ លោកនឹងមានអាយុ៧៨ឆ្នាំ គឺស្មើនឹងអាយុរបស់លោក ចូ បៃឌិន ពេលកាន់តំណែង ។ ហេតុនេះ បុគ្គលទាំង២រូបបានក្លាយជាប្រធានាធិបតីអាមេរិកមានអាយុច្រើនបំផុត ។
ទោះយ៉ាងណា ការក្លាយជាប្រធានាធិបតីរបស់លោក Trump ពុំអាចធ្វើឱ្យលោកចៀសផុតពីបណ្តឹងទេ ប៉ុន្តែបណ្តឹងនេះអាចនឹងពន្យារពេលរហូតដល់លោកបញ្ចប់អាណត្តិ ។ រីឯរឿងក្តីដែលតុលាការបានកាត់ទោសរួច គឺលោកពុំអាចផ្លាស់ប្តូរអ្វីឡើយ ប៉ុន្តែអាចត្រូវពន្យារពេលទទួលទោស រហូតដល់លោកបញ្ចប់អាណត្តិដូចគ្នា ៕










