ប្រទេសចិន៖ កាលពីពេលថ្មីៗនេះប្រជាជននៅតំបន់លំនៅដ្ឋានមួយក្នុងទីក្រុង Dongguan ខេត្ត Guangdong ប្រទេសចិន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារបានឃើញត្រីចម្លែកមួយក្បាលលេចឡើងក្នុងបឹងសិប្បនិម្មិតនៃកន្លែងនេះ។.png)
យោងតាមខ្លឹមសារនៃវីដេអូដែលបានចែករំលែកនៅលើ Weibo បានឱ្យដឹងថា នៅក្នុងបឹងសិប្បនិម្មិតនៃតំបន់លំនៅដ្ឋាន Dongguan ខេត្ត Guangdong ប្រទេសចិន គឺជាតំបន់មួយដែលមានត្រីទឹកសាបរស់នៅជាច្រើនប្រភេទ។ ជារៀងរាល់ថ្ងៃ មានមនុស្សជាច្រើនតែងតែមកឱ្យចំណីត្រី។
ទោះជាយ៉ាងណាក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ គេសង្កេតឃើញថា ហ្វូងត្រីហាក់ដូចជាថយចុះ ដោយសារចំនួនត្រីមកបរិភោគចំណីមានតិចខុសធម្មតា។ ក្រោយមកអ្នកភូមិម្នាក់ក៏បានប្រទះឃើញសត្វចម្លែកមួយ ត្រូវបានគេស្គាល់ថាជាត្រីយក្ស Lepisosteus osseus ឬ billy gar ដែលត្រីនេះភាគច្រើនរកឃើញមានតែក្នុងអាមេរិកខាងជើងប៉ុណ្ណោះ។ billy gar ត្រូវបានអ្នកភូមិជនជាតិចិនចាប់បានចំនួន ៣ ក្បាលជាមួយទម្ងន់ជាង ១០០ គីឡូក្រាម និងប្រវែងជាង១ ម៉ែត្រ ដោយពួកវាមានមាត់វែង ធ្មេញមុតស្រួច និងរាងមូល។.png)
ពួកវាត្រូវបានគេហៅថាជា “ឃាតករក្រោមទឹក” ដោយសារវាតែងតែសម្លា.ប់ និងបរបាញ់សត្វក្នុងទឹកជាច្រើនប្រភេទ។ ត្រីយក្ស billy gar មានសមត្ថភាពបំផ្លាញបរិស្ថានធម្មជាតិដោយបំផ្លាញត្រីតូចៗ និងសារពាង្គកាយផ្សេងៗទៀត។ ត្រីនេះច្រើនតែរស់នៅក្នុងភាពឯកោ ចូលចិត្តស្ងប់ស្ងាត់ ហើយជារឿយៗអសកម្ម ប៉ុន្តែនៅពេលឃ្លាន ពួកវាឈ្លានពានខ្លាំង។ មូលហេតុដែលត្រីនេះអាចលុកលុយចូលមកក្នុងទឹកដីប្រទេសចិនបានគឺដោយសារបរិយាកាសធម្មជាតិ។
គួរបញ្ជាក់ដែរថា ត្រីយក្ស Lepisosteus osseus ឬ billy gar មិនមែនជាត្រីចម្លែកនោះទេ ដោយសារត្រីនេះមានវត្តមាននៅអាមេរិកខាងជើងប្រហែល ១០០ លានឆ្នាំមកហើយ គឺជាប្រភេទត្រីចំណាស់ជាងគេបំផុតមួយ នេះបើយោងតាមកំណត់ត្រាវិទ្យាសាស្ត្រ។ billy gar គឺជាត្រីបុរាណ ដែលត្រូវបានគេស្គាល់ថាជាត្រីហ្វូស៊ីលមានជីវិត ឬត្រីបុព្វកាល ព្រោះវារក្សានូវលក្ខណៈរូបវន្តពីបុព្វបុរសបុរាណ។ ដូច្នេះហេតុផលដែលពួកវាអាចរស់បានក្នុងរយៈពេលដ៏យូរបែបនេះ មិនផុតពូជគឺដោយសាររចនាសម្ព័ន្ធរាងកាយពិសេសរបស់ពួកវា៕










