ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ផ្កាយរណបផលិតពីឈើដំបូងគេរបស់អ្នកស្រាវជ្រាវជប៉ុន ត្រូវបានបង្ហោះទៅលើអវកាសហើយ ។ វាជាការសាកល្បងជំហានដំបូងពាក់ព័ន្ធនឹងការប្រើប្រាស់ឈើក្នុងភារកិច្ចស្រាវជ្រាវនៅឋានព្រះច័ន្ទ និងភពអង្គារ ។.png)
ផ្កាយរណបឈើនេះឈ្មោះ «LignoSat» ផលិតដោយអ្នកជំនាញមកពីសាកលវិទ្យាល័យតូក្យូ សហការជាមួយក្រុមហ៊ុនកែច្នៃឈើ និងសាងសង់លំនៅឋាន Sumitomo Forestry ព្រមទាំងបញ្ជូនទៅស្ថានីយអវកាសសម្រាប់ការងាររបស់ក្រុមហ៊ុន Space X ។ បន្ទាប់មក ផ្កាយរណបឈើក៏ត្រូវបង្ហោះទៅលើគន្លងអវកាស ដែលមានកម្ពស់៤០០គីឡូម៉ែត្រពីផែនដី ។ ផ្កាយរណប LignoSat គឺដាក់ឈ្មោះតាមភាសាឡាតាំង ដែលបានយកឈើទៅសាកល្បងប្រើប្រាស់លើអវកាស ខណៈមនុស្សកំពុងស្រាវជ្រាវពីការរស់នៅទីនោះ ។
លោក ថាខាអុ ដូអិ អាកាសយានិកធ្លាប់ធ្វើដំណើរតាមយានអវកាសដើម្បីស្រាវជ្រាវពីសកម្មភាពមនុស្សក្នុងលំហ មកពីសាកលវិទ្យាល័យតូក្យូ បញ្ជាក់ថា ឈើជាវត្ថុដែលមនុស្សអាចផលិតបាន និងយកទៅប្រើប្រាស់សម្រាប់សាងសង់លំនៅឋានរស់នៅ និងអគារធ្វើការលើអវកាស ។
ក្រុមអ្នកស្រាវជ្រាវមានគម្រោង៥០ឆ្នាំ ក្នុងការដាំដើមឈើ និងសាងសង់លំនៅឋានលើឋានព្រះច័ន្ទ និងភពអង្គារ ។ ដូច្នេះ ក្រុមអ្នកស្រាវជ្រាវបានសម្រេចចិត្តផលិតផ្កាយរណបឈើដោយមានការទទួលស្គាល់ពីអង្គការអាកាសចរណ៍ជាតិ និងអវកាសអាមេរិក (NASA) ដើម្បីពិសោធន៍ពីវត្ថុអាចប្រើប្រាស់នៅលើអវកាសបានពិតប្រាកដ ។
ចំណែកលោក ខូជិ មុរ៉ាតាក់ សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រព្រៃឈើនៅសាកលវិទ្យាល័យតូក្យូ និយាយថា កាលពីឆ្នាំ១៩០០ មានយន្តហោះផលិតពីឈើ ហេតុនេះ ផ្កាយរណបក៏អាចផលិតពីឈើបានដែរ ។ ឈើនៅលើអវកាសរឹងមាំជាងឈើលើផែនដី ពីព្រោះអវកាសគ្មានទឹក ឬអុកស៊ីសែន ដែលធ្វើឱ្យឈើខូចគុណភាពទេ ហើយផ្កាយរណបឈើអាចជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន ។
រីឯផ្កាយរណបលោហៈបានបង្កើតភាគល្អិតអុកស៊ីតអាលុយមីញ៉ូមលើអវកាស ហើយគេអាចឈប់ប្រើប្រាស់វានាថ្ងៃអនាគត បើពិសោធន៍ឃើញថា ផ្កាយរណបឈើអាចដំណើរការបាន ។ ផ្កាយរណប LignoSat ផលិតពីឈើហូណូគិ មានដើមកំណើតនៅជប៉ុន ដែលអាចប្រើប្រាស់លើអវកាសបានក្រោយការសាកល្បងនៅស្ថានីយអវកាសរយៈពេល១០ខែ ។ ផ្កាយរណបនឹងហោះជុំវិញផែនដី៦ខែ ដើម្បីសាកល្បងភាពរឹងមាំរបស់ឈើលើអវកាសដែលមានសីតុណ្ហភាព -១០០អង្សារសេ ទៅ១០០អង្សារសេ នៅរៀងរាល់៤៥នាទី ៕










