បើទោះលោក Mark Zuckerberg គឺជា CEO ក្រុមហ៊ុន Meta ដ៏ល្បីល្បាញលំដាប់ពិភពលោក ធ្វើដំណើរទៅកន្លែងណាក៏ដោយ ដូចជា ៖ សួនច្បារសាធារណៈ និងឡើងលើវេទិកានានា គឺគេតែងតែឃើញលោកពាក់អាវយឺតពណ៌ប្រផេះ កមូល ដៃខ្លី និងស្លៀកខោខូវប៊យ ពុំផ្លាស់ប្តូរសោះ ។ ហេតុអ្វីមហាសេដ្ឋីបច្ចេកវិទ្យាដែលមានទ្រព្យសម្បត្តិច្រើន រហូតដល់ជាង១១ម៉ឺន១ពាន់លានដុល្លារអាមេរិករូបនេះ ពាក់អាវយឺតដដែលរាល់ថ្ងៃ?
.png)
លោក Mark បាននិយាយមកកាន់សារព័ត៌មានថា ៖ «ខ្ញុំចង់រស់នៅក្នុងជីវិតដែលអាចសម្រេចចិត្តជាមួយរឿងរ៉ាវផ្សេងៗឱ្យតិចបំផុតតាមដែលអាចធ្វើបាន ។ មានទ្រឹស្តីផ្នែកចិត្តវិទ្យាជាច្រើនពាក់ព័ន្ធនឹងការសម្រេចចិត្តជ្រើសរើសរឿងតូចតាចនៅជុំវិញខ្លួន ដូចជា ៖ សម្លៀកបំពាក់ និងម្ហូបអាហារ ។ រីឯទស្សនៈខ្ញុំ គឺខ្ញុំស្ថិតនៅចំណុចល្អមួយដែលអាចជួយមនុស្សរហូតដល់១ពាន់លាននាក់ ហើយខ្ញុំពុំអាចធ្វើការបានទេ បើរវល់តែចំណាយពេលលើរឿងតូចតាច ។ ខ្ញុំបានចំណាយកម្លាំងទាំងអស់ក្នុងការបង្កើតលទ្ធផល និងសេវាកម្មដ៏ល្អបំផុតដើម្បីសម្រេចគោលដៅជួយឱ្យមនុស្សលើពិភពលោក អាចទំនាក់ទំនង និងផ្ញើក្តីស្រឡាញ់ ក្តីបារម្ភឱ្យគ្នាទៅវិញទៅមក នេះហើយជាអ្វីដែលខ្ញុំផ្តោតខ្លាំង» ។
បើទោះជាស្តាប់ទៅល្ងង់ក្តី ប៉ុន្តែវាជាមូលហេតុធ្វើឱ្យលោក Mark ពាក់អាវយឺតពណ៌ប្រផេះរៀងរាល់ថ្ងៃ ពីព្រោះការពាក់អាវធំ និងក្រវ៉ាត់ក ពុំបានធ្វើឱ្យលោកមានមោទនភាពទេ ។ ហេតុនេះ ការតុបតែងខ្លួនពុំបានបញ្ជាក់ថា មនុស្សម្នាក់ៗជាមនុស្សបែបណា ឬទទួលបានជោគជ័យទេ ប៉ុន្តែការធ្វើអ្វីដែលខ្លួនចូលចិត្ត និងមានចក្ខុវិស័យច្បាស់លាស់ ទើបអាចបញ្ជាក់ពីភាពជោគជ័យរបស់បុគ្គល ។ វាជាមូលហេតុដូចគ្នាជាមួយលោក Steve Jobs ដែលតែងតែពាក់អាវយឺតពណ៌ខ្មៅរាល់ថ្ងៃ ពីព្រោះលោកពុំចាំបាច់ចំណាយពេលជ្រើសរើសសម្លៀកបំពាក់ពេលព្រឹក ។
អ្វីដែលមនុស្សភាគច្រើនពុំជ្រាបនោះ គឺអាវយឺតធម្មតាពណ៌ប្រផេះ កមូល ដៃខ្លី ដែលស្ថាបិក Facebook រូបនេះតែងតែពាក់ជាប្រចាំនោះ គឺម៉ាក Brunello Cucinelli ដ៏ប្រណីតផលិតនៅប្រទេសអ៊ីតាលី ។ លោក Mark បានកុម្ម៉ង់ទិញអាវយឺតតាំងពីឆ្នាំ២០១៦ មកម៉្លេះ ហើយអាវយឺត១ មានតម្លៃចាប់ពី៣០០ដុល្លារ ទៅ៤០០ដុល្លារអាមេរិក ដែលជាប្រភេទអាវយឺតកុម្ម៉ង់ឱ្យកាត់សម្រាប់តែលោក Mark ម្នាក់គត់ ៕










