សហរដ្ឋអាមេរិក ៖ បណ្ណាល័យ Libraries Without Borders បានអនុវត្តគម្រោងឈ្មោះ «Wash and Learn» គឺជាការបង្កើតបណ្ណាល័យ និងផ្តល់សម្ភារៈសិក្សាក្នុងហាងបោកគក់សម្លៀកបំពាក់នានានៅសហរដ្ឋអាមេរិក ។ គម្រោងនេះមានគោលបំណងជួយឱ្យគ្រួសារទទួលបានប្រាក់ចំណូលតិចមានឱកាសរៀនសូត្រពីការប្រើប្រាស់បច្ចេកវិទ្យា ។
នាយកគ្រប់គ្រងបណ្ណាល័យ Libraries Without Borders និយាយថា ៖ «គ្រួសារជាច្រើនពុំអាចទៅអានសៀវភៅក្នុងបណ្ណាល័យបានទេ ទើបយើងបង្កើតគម្រោង Wash and Learn ដើម្បីឱ្យពួកគេមានឱកាសអានសៀវភៅ ។ យើងបានយកសៀវភៅទៅដាក់ក្នុងបណ្ណាល័យរៀងរាល់សប្តាហ៍ ឬហៅថា បាញ់ព្រួញ១ បានសត្វ២ក្បាល គឺពេលយកសម្លៀកបំពាក់ទៅហាងបោកគក់ ពួកគេនឹងបានចូលរួមគម្រោងអភិវឌ្ឍន៍អាជីព ហើយកូនៗពួកគេក៏បានរៀនអាន និងសរសេរផងដែរ» ។
ពលរដ្ឋមានប្រាក់ចំណូលតិចនៅអាមេរិកតែងតែយកសម្លៀកបំពាក់ទៅបោកគក់ក្នុងហាងជារៀងរាល់សប្តាហ៍ ហើយពួកគេបានចំណាយពេលប្រមាណជាង១ម៉ោង ដើម្បីបោក និងសម្ងួតសម្លៀកបំពាក់ ។ នេះជាឱកាសមួយដែលពួកគេអាចយកពេលវេលានេះរៀនសូត្រអភិវឌ្ឍជំនាញរបស់ខ្លួន ។
គម្រោង «Wash and Learn» គឺជាការសហការគ្នារវាងបណ្ណាល័យសាធារណៈ, ហាងបោកគក់សម្លៀកបំពាក់ និងអង្គការមិនស្វែងរកប្រាក់ចំណេញ ដើម្បីផ្លាស់ប្តូរហាងបោកសម្លៀកបំពាក់ឱ្យក្លាយជាកន្លែងរៀនសូត្រ តាមរយៈការអានសៀវភៅ, ប្រើប្រាស់កុំព្យូទ័រ និងសម្ភារៈផ្សេងៗ ។
ក្រៅពីនេះ ក៏មានការបណ្តុះបណ្តាលបុគ្គលិកហាងបោកគក់ឱ្យរង់ចាំជួយពលរដ្ឋ ដែលមកអានសៀវភៅផងដែរ ។ ម្ចាស់ហាងបោកគក់សម្លៀកបំពាក់មួយកន្លែងឈ្មោះ «Giant Wash» និយាយថា ៖ «វាអស្ចារ្យខ្លាំងណាស់ ដែលពលរដ្ឋអាមេរិកអាចរៀនសូត្រនូវចំណេះដឹងផ្សេងៗ ហើយវាជាគម្រោងល្អមួយដើម្បីឱ្យយើងបានរួមចំណែកផ្តល់ចំណេះដឹងដល់ពលរដ្ឋ» ។
ហាងបោកគក់សម្លៀកបំពាក់ គឺជាកន្លែងដ៏សមរម្យបំផុតសម្រាប់ពលរដ្ឋអាមេរិកមានចំណូលតិចអាចរៀនសូត្ររួមគ្នា ហើយការបោកសម្លៀកបំពាក់ក្នុងហាង គឺតម្រូវឱ្យពួកគេទម្លាក់កាក់ ។ បណ្ណាល័យ Libraries Without Borders សង្ឃឹមថា នឹងអាចពង្រីកគម្រោង «Wash and Learn» ក្នុងហាងបោកគក់ចំនួន៣ម៉ឺនកន្លែងនៅទូទាំងសហរដ្ឋអាមេរិក ៕










