ប្រទេសចិន៖ រដ្ឋាភិបាលទីក្រុង Lyuliang ខេត្ត Shanxi ភាគខាងជើងប្រទេសចិន ថ្មីៗនេះបានប្រកាសថា ខ្លួននឹងផ្តល់រង្វាន់ចំនួន ១,៥០០ យន់ (ប្រមាណ ២១៤ ដុល្លារអាមេរិក) សម្រាប់គូស្នេហ៍ដែលបានចុះឈ្មោះអាពាហ៍ពិពាហ៍ដំបូងរបស់ពួកគេ ក្នុងលក្ខខណ្ឌដែលកូនក្រមុំមានអាយុតិចជាង ៣៥ ឆ្នាំ ដែលនេះត្រូវបានចាត់ទុកថាជាវិធានការមួយក្នុងការកសាងសង្គមដែលងាយនឹងមានកូន។.png)
យោងតាម Xinhua គោលនយោបាយថ្មីនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥។ អាស្រ័យហេតុនេះ គូស្នេហ៍ដែលបានចុះឈ្មោះអាពាហ៍ពិពាហ៍នៅទីក្រុង Lyuliang នឹងទទួលបានប្រាក់រង្វាន់ចំនួន ១,៥០០ យន់ ឬ ២១៤ ដុល្លារ នៅពេលដែលអ្នកទាំងពីរចុះឈ្មោះជាលើកដំបូង ហើយកូនក្រមុំមានអាយុ ៣៥ ឆ្នាំ ឬក្មេងជាងនេះ។ ដូច្នេះចំនួនទឹកប្រាក់នេះនឹងត្រូវបានផ្តល់ឱ្យដល់គូស្វាមីភរិយាភ្លាមៗនៅកន្លែងចុះឈ្មោះតែម្តង។

លើសពីនេះ ទីក្រុងក៏នឹងផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារដែលបំពេញតាមគោលការណ៍ណែនាំសម្រាប់ការមានកូនទីមួយ ទីពីរ ឬទីបី ដោយមានការឧបត្ថម្ភចំនួន ២,០០០ យន់ (២៨៥ ដុល្លារ) , ៥,០០០ យន់ (៧១៤ ដុល្លារ) និង ៨,០០០ យន់ (១,១៤២ ដុល្លារ) ក្នុងមួយគ្រួសារ។ យោងតាមគណនីផ្លូវការរបស់ការិយាល័យកិច្ចការរដ្ឋប្បវេណីនៃទីក្រុង Lyuliang វិធានការនេះគឺជាផ្នែកមួយនៃការឧបត្ថម្ភធនជាបន្តបន្ទាប់ដែលមានគោលបំណងជួយគ្រួសារក្នុងអាពាហ៍ពិពាហ៍ ការសម្រាលកូន ការអប់រំ ការទិញផ្ទះ និងការថែទាំសុខភាព។
ទីក្រុងនេះក៏នឹងបង្កើតមូលដ្ឋានទិន្នន័យសម្រាប់អ្នកមិនទាន់រៀបការ ដើម្បីផ្តល់សេវាកម្មអាពាហ៍ពិពាហ៍តាមគោលដៅ និងផ្ទាល់ខ្លួនតាមរយៈបណ្តាញអ៊ីនធឺណេត និងដោយផ្ទាល់ ព្រមទាំងផ្តល់ការណែនាំជួយយុវជនឱ្យមានទស្សនៈវិជ្ជមានលើអាពាហ៍ពិពាហ៍ គ្រួសារ និងការមានកូន។ ក្រៅពីទីក្រុង Lyuliang ទីក្រុងជាច្រើនទៀតក្នុងខេត្ត Guangdong, Henan និង Shaanxi របស់ប្រទេសចិនក៏បានផ្តល់ការលើកទឹកចិត្តជាសាច់ប្រាក់ផ្សេងទៀតផងដែរ ដូចជាប្រាក់រង្វាន់ ១,០០០ យន់សម្រាប់អ្នកផ្គូរផ្គងដែលទទួលបានជោគជ័យចំពោះគូស្នេហ៍ដែលមានអាយុចាប់ពី ៣០ ឆ្នាំឡើងទៅ៕










