កាលពីថ្ងៃទី ១ ខែវិច្ឆិកា ក្រុមហ៊ុន Netflix បានទម្លាក់ Trailer ថ្មីនៃរឿង Squid Game រដូវកាលទី ២ ដែលគ្រោងនឹងចាក់បញ្ចាំងឆាប់ៗនេះ ជាមួយនឹងឈុតឆាកពិសេសៗច្រើនជាងរដូវកាលទី១ទៀត ខណៈក៏ទទួលបាននូវការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន។.png)
គេហទំព័ររបស់ក្រុមហ៊ុន Netflix បានបង្ហាញ Trailer រយៈពេលប្រមាណនឹងជិត ២ នាទី ដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា«មិនមានការបញ្ឈប់ហ្គេមនោះទេ Squid Game រដូវកាលទី ២ នឹងបង្ហាញខ្លួននៅលើ Netflix នាថ្ងៃទី ២៦ ខែធ្នូ»។
សូមជម្រាបថា Squid Game រដូវកាលទី១ បានក្លាយជាស៊េរីដែលមានអ្នកមើលច្រើនបំផុតរបស់ Netflix កាលពីអំឡុងឆ្នាំ ២០២១ ហើយនេះគឺវារំលងទៅរយៈពេល ៣ ឆ្នាំហើយ ដែលរដូវកាលទី ២ នៃរឿងនេះបានលេចឡើងមក នឹងរំពឹងថានឹងទទួលបានសន្ទុះនៃការគាំទ្រច្រើនដូចគ្នា។ យ៉ាងណាមិញ រឿងនេះ ក៏នូវមានរដូវកាលទី៣ និងជាវគ្គបញ្ចប់ ដែលត្រូវបានគេបង្ហើបថានឹងមកដល់នាខែកក្កដា ឆ្នាំ២០២៥។
លោក Hwang Dong-hyuk ដែលអ្នកនិពន្ធ អ្នកដឹកនាំ និងផលិតកររឿង Squid Game ទាំង ២ រដូវកាលនេះបានគូសបញ្ជាក់ថា ការសងសឹកនឹងត្រឡប់មកវិញក្នុងរដូវកាលទី ២ ធានាថានឹងមានតួអង្គធំជាង និងបញ្ហាប្រឈមច្រើនជាងវគ្គមុនទៅទៀត។
លោកបានលើកឡើងត្រួសៗថា “នៅក្នុងរដូវកាលទី ២ នេះ តួអង្គ Gi-hun (Lee) ដែលបានរស់រានមានជីវិតពីរដូវកាលទី ១ នឹងត្រឡប់មកលេងហ្គេមនេះវិញទៀត មិនមែនដើម្បីយកឈ្នះហ្គេម ប៉ុន្តែដើម្បីបញ្ចប់ហ្គេមទាំងនេះ ពោលគឺគាត់ត្រឡប់មកដើម្បីសងសឹក។ រឿងនេះនឹងមានតួអង្គច្រើនជាងមុន ក៏ដូចជាហ្គេមដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន ហ៊ាននិយាយបានថា មិនធ្វើឲ្យទស្សនិកជនខកបំណងឡើយ៕










