នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៦:៤០នាទីរសៀល មានករណីជនជាប់ឃុំជនជាតិវៀតណាម ម្នាក់ ឈ្មោះ ង្វៀង តុងហ្វឹង (NGUYEN TRONG NGUYEN) ភេទប្រុស បានរត់គេចចេញពីពន្ធនាគារខេត្តស្វាយរៀង។
ពាក់ព័ន្ធនឹងបញ្ហានេះ អគ្គនាយកដ្ឋានពន្ធនាគារ ទទួលស្គាល់ថា ពិតជាមានហេតុការណ៍ ពិតប្រាកដមែន ដោយការរត់គេចខ្លួនរបស់ជនជាប់ឃុំជនជាតិវៀតណាមខាងលើ មិនមែនជាសកម្មភាពចូលរំដោះ អ្នកទោសចេញពីក្នុងពន្ធនាគារ ឬសកម្មភាពប្រដាប់អាវុធរំដោះអ្នកទោសនោះទេ។
ជនជាប់ឃុំជនជាតិវៀតណាមនេះ បានធ្វើសកម្មភាពរត់គេចខ្លួនក្នុងអំឡុងពេលទទួលបានការអនុញ្ញាតឱ្យជួបគ្រួសារមកសួរសុខទុក្ខ ហើយឆ្លៀតពេល ដែលមន្ត្រីយាមកាមមានការធ្វេសប្រហែសមិនបានចាក់សោរសុវត្ថិភាព ជនជាប់ឃុំរូបនេះក៏រត់ចេញពីបន្ទប់សំដៅទៅគូកនដែលបានរង់ចាំជាស្រេច និងបានយកអាវុធខ្លីពីគូកនតម្រង់គំរាមទៅមន្ត្រីដែលដេញតាមពីក្រោយ រួចហើយឡើងជិះម៉ូតូដែលត្រៀមរង់ចាំនៅរបងកំផែងខាងក្រៅជិះគេចខ្លួនបាត់ទៅ។
បច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធនាគារ និងសមត្ថកិច្ចពាក់ព័ន្ធបាននឹងកំពុងតាមស្វែងរកចាប់ជនជាប់ឃុំ ឈោ្មះ ង្វៀង តុងហ្វឹង (NGUYEN TRONG NGUYEN) មកវិញ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕











