ប្រទេសដាណឺម៉ាក ៖ អ្នកស្រាវជ្រាវនៅអឺរ៉ុបបានស្រាវជ្រាវពីការបកប្រែភាសាជ្រូក ឬយល់ពីសំឡេងស្រែករបស់វា ដោយការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងគោលដៅបង្កើតឧបករណ៍មួយជួយឱ្យកសិករយល់ពីអត្ថន័យសំឡេងស្រែករបស់ជ្រូក ។ ហេតុនេះ កសិករនឹងអាចកែលម្អវិធីសាស្ត្រចិញ្ចឹម និងថែទាំជ្រូករបស់ខ្លួនឱ្យកាន់តែល្អប្រសើរឡើង ។
វាជាការរកឃើញរបស់ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Copenhagen ប្រទេសដាណឺម៉ាក ដោយក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់ការថតសំឡេងស្រែករបស់ជ្រូក ស្មើជាង៧.០០០ក្បាល ដើម្បីចង់ដឹងថា តើសំឡេងស្រែកនីមួយៗមានន័យដូចម្តេច? ក្រុមអ្នកស្រាវជ្រាវបានបែងចែកសំឡេងជ្រូកនៅតាមទីកន្លែងផ្សេងៗ ដូចជា ៖ ពេលជ្រូកនៅជាមួយមេរបស់វា, សំឡេងកូនជ្រូកបៅដោះមេ, សំឡេងជ្រូកពេលខាំគ្នា និងពេលពួកវាត្រូវបានម្ចាស់លែងពីទ្រុង ជាដើម ។.png)
បន្ទាប់មក ក្រុមអ្នកស្រាវជ្រាវក៏បានបកស្រាយសំឡេងជ្រូកនីមួយៗដោយប្រើប្រាស់បច្ចេកវិទ្យា AI ដោយបញ្ចូលសំឡេងជ្រូកជាមួយអារម្មណ៍, ស្ថានការណ៍នានា, ឥរិយាបថ និងអត្រាចង្វាក់បេះដូង ។ រីឯលទ្ធផលដែលទទួលបាន គឺក្រុមអ្នកស្រាវជ្រាវអាចបញ្ចូលសំឡេងទាំងនេះជាមួយអារម្មណ៍របស់ជ្រូកបាន ។.png)
ជាក់ស្តែង បើជ្រូកស្រែកថ្ងូរខ្លីៗ មានន័យថា វាមានសេចក្តីសុខ ។ រីឯសំឡេងមានប្រេកង់ខ្ពស់ ដូចជា ៖ សំឡេងយំ មានន័យថា ជ្រូកកំពុងតានតឹងផ្លូវចិត្ត ពេលពួកវាមានអារម្មណ៍ថា ឈឺចាប់, ឈ្លោះគ្នា ឬត្រូវបានបំបែកចេញពីគ្នា ។.png)
ក្រៅពីនេះ Algorithm របស់បច្ចេកវិទ្យា AI នឹងបង្ហាញថា សត្វជ្រូកដែលចិញ្ចឹមក្នុងកសិដ្ឋាន ឬជ្រូកចិញ្ចឹមក្រៅទ្រុង ឬជ្រូកចិញ្ចឹមក្នុងទីធ្លាស្រឡះល្អ ដែលជ្រូកទាំងនេះអាចដើរចុះឡើង ឬកាយដីបាន គឺពួកវានឹងមានភាពតានតឹងផ្លូវចិត្ត តិចជាងជ្រូកដែលចិញ្ចឹមយ៉ាងមានសុវត្ថិភាព ។

Elodie Mandel-Briefer គឺជាអ្នកស្រាវជ្រាវផ្នែកឥរិយាបថនៅសាកលវិទ្យាល័យ Copenhagen ប្រទេសដាណឺម៉ាក និងជាប្រធានក្រុមស្រាវជ្រាវបកប្រែភាសាជ្រូក និយាយថា គោលដៅរបស់ Algorithm នៃបច្ចេកវិទ្យា AI ដែលបង្កើតឡើងនេះ គឺដើម្បីជួយឱ្យកសិករដឹងថា ជ្រូករបស់ពួកគេកំពុងមានអារម្មណ៍បែបណា ។ វានឹងជួយឱ្យកសិករយល់ពីភាសា និងឥរិយាបថជ្រូក ដើម្បីដោះស្រាយបញ្ហាចំគោលដៅ ។
នាថ្ងៃអនាគត បច្ចេកវិទ្យានេះនឹងត្រូវបានអភិវឌ្ឍន៍ជាកម្មវិធីក្នុងអ៊ីនធើរណេត សម្រាប់ឱ្យកសិករកាន់តែងាយស្រួលប្រើប្រាស់ ។ ក្រៅពីនេះ បើទទួលបានទិន្នន័យគ្រប់គ្រាន់ ក្រុមអ្នកស្រាវជ្រាវនៅប្រទេសដាណឺម៉ាកនឹងយកបច្ចេកវិទ្យានេះទៅបកប្រែភាសាសត្វផ្សេងទៀត ដែលចិញ្ចឹមកូនដោយទឹកដោះ ៕










