ប្រទេសថៃ៖ កោះ “Koh Kham” ដែលជាកោះឯកជនមានទេសភាពស្រស់ស្អាតបំផុត ស្ថិតក្នុងខេត្តត្រាតប្រទេសថៃ ស្រាប់តែប្រកាសដាក់លក់ភ្លាមៗក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ជាមួយតម្លៃមិននឹកស្មានដល់។
យោងតាមគេហទំព័របរទេស Khaosod English ការប្រកាសដាក់លក់ភ្លាមៗនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបង្កជាចម្ងល់ថា តើកោះនេះដាក់លក់ពិតមែនឬយ៉ាងណា? បើតាមមន្ត្រីមូលដ្ឋានបញ្ជាក់ថា កោះនេះគឺជាការលក់ពិតប្រាកដ ក្នុងតម្លៃ ១,៨ ពាន់លានបាត (ប្រមាណ ៥៣,២ លានដុល្លារអាមេរិក)។ 
ស្របពេលដែលប្រទេសជាច្រើនកំពុងប្រឈមបញ្ហាវិបត្តិសេដ្ឋកិច្ចក្នុងវិស័យអចលនទ្រព្យ កោះដ៏តូចមួយនេះស្រាប់តែប្រកាសដាក់លក់ក្នុងតម្លៃខ្ពស់មិនគួរឱ្យជឿ។ ទោះជាយ៉ាងណាតម្លៃខាងលើនេះគឺបានរួមបញ្ជូនទាំងរមណីយដ្ឋានដែលកំពុងស្ថិតនៅក្នុងដំណាក់ការសាងសង់មួយកន្លែងផងដែរ។ លក្ខណៈពិសេសលេចធ្លោរបស់ Ko Kham ក្រៅពីភាពស្រស់ស្អាតធម្មជាតិរបស់វា គឺឆ្នេរពណ៌សដ៏បរិសុទ្ធរបស់វាលាតសន្ធឹងជាង ៣០០ ម៉ែត្រ។ .png)
វាជាកោះមួយក្នុងចំណោមកោះផ្កាយរណបចំនួនប្រាំបួននៃ Ko Mak ដែលជារឿយៗត្រូវបានភ្ញៀវទេសចរហៅថា “Emerald of the Trat Sea” ដោយសារតែទឹកពណ៌បៃតងត្បូងមរកត។ កោះនេះមានច្រាំងសមុទ្រប្រវែង ៣០០ ម៉ែត្រនៅភាគខាងកើត និងខាងត្បូង ដោយមានភ្នំ និងច្រាំងថ្មចោទនៅសងខាង។ ជាមួយនឹងឆ្នេរខ្សាច់សស្អាត សមុទ្រទឹកថ្លា និងថ្មភ្នំភ្លើង រៀបចំដូចរូបចម្លាក់ធម្មជាតិ ដែលមានផ្ទៃដីសរុបចំនួន ១,៦ ហិចតា រុំព័ទ្ធដោយព្រៃឈើយ៉ាងក្រាស់ កោះប្រណីតមួយនេះមានម្ចាស់តែម្នាក់គត់កំពុងគ្រប់គ្រង។ 
គួរបញ្ជាក់ដែរថា កោះខាំ គឺជាកោះមួយក្នុងចំណោមកោះដ៏ស្រស់ស្អាតបំផុតទាំង ១០ របស់ប្រទេសថៃ ដែលត្រូវបានត្រួតពិនិត្យជាញឹកញាប់ដោយអ្នកមានឥទ្ធិពល។ កោះនេះស្ថិតនៅចម្ងាយប្រហែល ៣៥ គីឡូម៉ែត្រពីឆ្នេរសមុទ្រ ឡាមង៉ប ក្នុងខេត្តត្រាត ជិតកោះម៉ាក់ ចម្ងាយត្រឹមតែ ១ គីឡូម៉ែត្រ អាចចូលបានដោយទូកល្បឿនលឿនក្នុងរយៈពេល ៣០-៤០ នាទី៕










