អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេនគ្រុប បានអនុញ្ញាត និងស្វាគមន៍ក្រុមហ៊ុន Doppelmayr និង ក្រុមហ៊ុន Confluences ឱ្យធ្វើការសិក្សាអំពីគម្រោងកន្ត្រកខ្សែកាប (Cable Car) នៅលើភ្នំបូកគោ។
គោលបំណងចម្បងនៃគម្រោងនេះ គឺដើម្បីបង្កើនភាពទាក់ទាញផ្នែកទេសចរណ៍នៅខេត្តកំពត ជាពិសេសឧទ្យានជាតិព្រះមុនីវង្សបូកគោ សម្រាប់ទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
ក្រៅពីការទាក់ទាញផ្នែកទេសចរណ៍គម្រោងកន្ត្រកខ្សែកាបនេះនឹងបង្កើតឱកាសការងារថ្មីៗសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយនឹងរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជារួមរបស់ប្រទេសកម្ពុជា។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ ២០០៨ រហូតមកទល់នឹងពេលនេះ ក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមេនគ្រុបបានចំណាយទុនអស់ពី ៧០០ទៅ៨០០លានដុល្លារ ទៅលើការវិនិយោគអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ភ្លើង ទឹក សណ្ឋាគារលំដាប់ផ្កាយ ៥, គម្រោងសង់លំនៅឋានប្រណិត និងសំណង់អគារផ្សេងៗទៀត ដែលបម្រើឱ្យវិស័យទេសចរណ៍នៅឧទ្យានជាតិព្រះមុនីវង្សបូកគោ៕










