សហរដ្ឋអាមេរិក ៖ បើនិយាយពីហេមបឺហ្គ័រ មនុស្សភាគច្រើននឹងនឹកឃើញដល់ហេមបឺហ្គ័រ Quarter Pounder ដែលមានទំហំធំជាងហេមបឺហ្គ័រធម្មតា រហូតដល់២.៥ដង ។ ប៉ុន្តែបច្ចុប្បន្ន ពលរដ្ឋអាមេរិកចាប់ផ្តើមបារម្ភពីគ្រោះថ្នា.ក់ សុខភាពធ្ងន់ធ្ងរ ឬស្លា.ប់ ដោយសារការបរិភោគហេមបឺហ្គ័រ Quarter Pounder របស់ក្រុមហ៊ុន McDonald’s ក្រោយរកឃើញមេរោគ E.Coli ។
កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ គ្រូពេទ្យអាមេរិកនិយាយថា ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ មានមនុស្សយ៉ាងហោចណាស់៤៩នាក់មកពីរដ្ឋចំនួន១០ បានធ្លាក់ខ្លួនឈឺក្រោយពេលពួកគេបរិភោគហេមបឺហ្គ័រ Quarter Pounder ផ្ទុកមេរោគ E.Coli ។ អតិថិជនវ័យចំណាស់ម្នាក់មកពីរដ្ឋខូឡូរ៉ាដូ បានស្លាប់ក្រោយបរិភោគហេមបឺហ្គ័រនេះរួច ។
ចំណែកអតិថិជនហេមបឺហ្គ័រ ចំនួន១០នាក់ទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យ ហើយក្នុងចំណោមនោះមានកុមារម្នាក់មានអាការៈធ្ងន់ធ្ងរ ។ អ្នកជំងឺទាំងនេះនិយាយថា ពួកគេបានបរិភោគហេមបឺហ្គ័រ Quarter Pounder របស់ McDonald’s មុនពេលធ្លាក់ខ្លួនឈឺ ។.png)
ក្រសួងកសិកម្ម, ភ្នាក់ងារគ្រប់គ្រងចំណីអាហារ និងឱសថ ព្រមទាំងគ្រូពេទ្យនៅរដ្ឋនានារបស់អាមេរិកបានសហការគ្នាស៊ើបអង្កេតករណីនេះជាបន្ទាន់ ។ បើទោះជាគ្មានការបញ្ជាក់ពីគ្រឿងផ្សំហេមបឺហ្គ័រនេះច្បាស់លាស់ថា តើគ្រឿងផ្សំមួយណាបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អតិថិជន ប៉ុន្តែក្រុមអ្នកសង្កេតបានផ្តោតលើសាច់គោ និងខ្ទឹមបារាំង ដោយសារគ្រឿងផ្សំ២ប្រភេទនេះងាយចម្លងមេរោគ ។.png)
ក្រោយមានអតិថិជនជាច្រើននាក់ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រុមហ៊ុន McDonald’s ប្រកាសថា ពួកគេបានផ្អាកការលក់ខ្ទឹមបារាំង និងឈប់ដាក់ខ្ទឹមបារាំងក្នុងហេមបឺហ្គ័រ Quarter Pounder ជាបណ្តោះអាសន្ន ។
គួរបញ្ជាក់ថា E.Coli (Escherichia Coli) គឺជាមេរោគដែលជាទូទៅត្រូវបានរកឃើញក្នុងពោះវៀនមនុស្ស និងសត្វមួយចំនួន ។ តាមធម្មតា មេរោគនេះមិនធ្ងន់ធ្ងរទេ ប៉ុន្តែករណីខ្លះ មេរោគនេះប៉ះពាល់ដល់ប្រព័ន្ធតម្រងនោម និងបណ្តាលឱ្យរាគរូស ។.png)
អ្នកឆ្លងជំងឺ E.Coli ដោយសារការបរិភោគហេមបឺហ្គ័រនេះ នឹងមានរោគសញ្ញាចុកពោះលើសពី៣ថ្ងៃ, ក្តៅខ្លួនខ្លាំង, បន្ទោរបង់ចេញឈាម, ក្អួតចង្អោរ, ពិបាកផឹកទឹក ព្រមទាំងមានអាការៈខ្វះជាតិទឹក ដូចជា ៖ ពុំសូវបត់ជើងតូច, ស្ងួតមាត់, ស្ងួតក និងឈឺក្បាលពេលក្រោកឈរ ។ អ្នកជំងឺនេះភាគច្រើននឹងជាសះស្បើយដោយខ្លួនឯង ចាប់ពី៥ថ្ងៃ ទៅ៧ថ្ងៃ ប៉ុន្តែអ្នកខ្លះទៀតប៉ះពាល់តម្រងនោមធ្ងន់ធ្ងរ និងត្រូវព្យាបាលនៅមន្ទីរពេទ្យ ។
មជ្ឈមណ្ឌលគ្រប់គ្រងជំងឺអាមេរិកឱ្យដឹងថា បច្ចុប្បន្ន ហេមបឺហ្គ័រ Quarter Pounder របស់ McDonald’s បានឈប់លក់ជាបណ្តោះអាសន្ននៅរដ្ឋមួយចំនួន ហើយមន្ត្រីស៊ើបអង្កេតនឹងចាត់ការករណីនេះដើម្បីបញ្ជាក់ថា គ្រឿងផ្សំរបស់ហេមបឺហ្គ័រធ្វើឱ្យមនុស្សឈឺ ។ គ្រឿងផ្សំទាំងនេះអាចដាក់លក់ក្នុងភោជនីយដ្ឋាន និងហាងទំនិញផ្សេងៗផងដែរ ៕










