ប្រទេសន័រវេស ៖ ជំងឺផ្សេងៗអាចកើតឡើងលើកុមារ និងមនុស្សចាស់គ្រប់ពេលវេលា ដោយសារស្ថានភាពរាងកាយ, ទម្លាប់នៃការរស់នៅ និងការបរិភោគចំណីអាហារខុសៗគ្នាក្នុងក្រុមគ្រួសារនីមួយៗ ។ លើសពីនេះ ការធ្វើដំណើរទៅសាលារៀនឆ្លងកាត់ខ្យល់, ទឹកភ្លៀង និងកំដៅថ្ងៃ បានធ្វើឱ្យកូនសិស្សមួយចំនួនឈឺថ្កាត់ញឹកញាប់ និងពុំបានទៅសាលារៀន ។
ហេតុនេះ មនុស្សយន្ត AV1 បានក្លាយភ្នាក់ងារជំនួយដ៏សំខាន់សម្រាប់អាណាព្យាបាលសិស្សទាំងអស់ ដែលពុំចង់ឱ្យកូនអវត្តមានក្នុងថ្នាក់ ឬខ្លាចកូនរៀនមិនទាន់មិត្តភក្តិ ។ មនុស្សយន្តប្រភេទនេះស័ក្តិសមបំផុតសម្រាប់អាណាព្យាបាលណាដែលកូនមានបញ្ហាសុខភាព គួរតែទិញវាមកប្រើប្រាស់ ។
ក្រុមហ៊ុនមួយនៅប្រទេសន័រវេសឈ្មោះ No Isolation បានផលិតមនុស្សយន្ត AV1 ដើម្បីជួយដោះស្រាយបញ្ហាកូនសិស្សអវត្តមាន រៀនទាន់មិត្តភក្តិ ដោយសារឈឺថ្កាត់ ។ អាណាព្យាបាលសិស្សអាចបញ្ជូនមនុស្សយន្តនេះទៅរៀនក្នុងថ្នាក់ជំនួសកូនរបស់ខ្លួនក្នុងពេលអវត្តមាន ដើម្បីឱ្យកូនអាចរៀនពីផ្ទះទៅ ។.png)
ខាងក្រោមនេះ គឺជាលក្ខណៈពិសេសរបស់មនុស្សយន្ត AV1 ៖
-មានទំហំតូច និងរួសរាយរាក់ទាក់
-បំពាក់កាមេរ៉ា, មីក្រូហ្វូន និងឧបករណ៍បំពងសំឡេងសម្រាប់កុមារ
-អាចបញ្ជាមនុស្សយន្តពីផ្ទះ ឬមន្ទីរពេទ្យតាមរយៈកម្មវិធីបញ្ជា
-ជួយឱ្យសិស្សនៅផ្ទះអាចមើលឃើញថ្នាក់រៀន, ស្តាប់គ្រូពន្យល់ និងជជែកជាមួយមិត្តភក្តិដូចគ្នានឹងការរៀនក្នុងថ្នាក់ដែរ ។
ចំណែកតម្លៃមនុស្សយន្តវិញ គឺស្មើជិត៥.០០០ដុល្លារអាមេរិក ហើយនៅឆ្នាំ២០២៤ មានប្រទេសចំនួន១៧ បានប្រើប្រាស់មនុស្សយន្ត AV1 ។ ប្រទេសអាល្លឺម៉ង់បានប្រើប្រាស់មនុស្សយន្តនេះច្រើនជាងគេ គឺស្មើរហូតដល់ជាង១.០០០គ្រឿងឯណោះ ។

ហេតុនេះ សាលារៀននានាអាចជួលមនុស្សយន្ត AV1 ស្មើតម្លៃប្រមាណ២០០ដុល្លារអាមេរិកក្នុង១ខែ ដើម្បីជួយឱ្យកូនសិស្សអវត្តមានដោយសារក្តៅខ្លួន ឬមានបញ្ហាផ្សេងៗអាចរៀនពីចម្ងាយ និងទំនាក់ទំនងជាមួយមិត្តភក្តិបានដូចរៀនក្នុងថ្នាក់ ៕










