ប្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា សមត្ថកិច្ចបានប្រមូលភស្តុតាងទាំងអស់ដើម្បីឱ្យតុលាការចេញដីកាចា.ប់ ខ្លួនលោក វ៉ារ៉ាត់ផុន វ៉ារ៉ាត់វរ៉ាគុន ជានាយកគ្រប់គ្រងក្រុមហ៊ុន The iCON GROUP ព្រមទាំងចា.ប់ ខ្លួនជនពាក់ព័ន្ធ និងតារាសម្តែងទាំងអស់ សរុបចំនួន១៨នាក់ ពីករណីឆបោ.ក ពលរដ្ឋ ដោយរួមគ្នាផ្សាយព័ត៌មានមិនពិតចូលក្នុងប្រព័ន្ធកុំព្យូទ័រ ។
មន្ត្រីស៊ើបអង្កេតនៃនាយកដ្ឋានប្រឆាំងបទល្មើសបានប្រមូលភស្តុតាង និងសាក្សី ដើម្បីសុំដីកាពីតុលាការចាប់ខ្លួនជនពាក់ព័ន្ធទាំងអស់ជាមួយក្រុមហ៊ុន The iCON GROUP ចំនួន១៨នាក់ រួមទាំងនាយកគ្រប់គ្រងក្រុមហ៊ុន The iCON GROUP ផងដែរ ក្រោយពីរកឃើញថា មានជនរងគ្រោះជាច្រើនបានចាញ់បោកក្រុមហ៊ុននេះ ។
សមត្ថកិច្ចបានចាប់ខ្លួនជនពាក់ព័ន្ធនឹងក្រុមហ៊ុន The iCON GROUP ចំនួន១៨នាក់ រួមមាន ៖ លោក វ៉ារ៉ាត់ផុន វ៉ារ៉ាត់វរ៉ាគុន ជានាយកគ្រប់គ្រងក្រុមហ៊ុន The iCON GROUP, អ្នកនាង ភីឆាយ៉ា វឌ្ឍនាមុនទ្រី (ជាតារាសម្តែង), លោក យូរ៉ាណាន់ ផាម៉ុនមុនទ្រី (ជាអតីតតារាសម្តែង ឬហៅលោក ប៉ាតាវី), លោក បូសាកាន់ កាន់ថាថាវ៉ន (ជាតារាសម្តែង និងជាពិធីករទូរទស្សន៍) ដែលតារាសម្តែងទាំង៣រូបនេះកាន់មុខតំណែងផ្នែកគ្រប់គ្រងរបស់ក្រុមហ៊ុន ព្រមទាំងចាប់ខ្លួនជនពាក់ព័ន្ធផ្សេងទៀតបញ្ជូនទៅកន្លែងសួរចម្លើយ ។
ក្រៅពីនេះ សមត្ថកិច្ចក៏បានរឹបអូសយកទ្រព្យសម្បត្តិទាំងអស់របស់ជនជាប់ចោទ រួមទាំងទ្រព្យសម្បត្តិរបស់តារាសម្តែងផងដែរ រួមមាន ៖ រថយន្តទំនើបៗ និងទ្រព្យសម្បត្តិជាច្រើន ។ សមត្ថកិច្ចបញ្ជាក់ថា វាជារឿងក្តីមួយដែលពលរដ្ឋថៃចាប់អារម្មណ៍យ៉ាងខ្លាំង ហើយជនជាប់ចោទទាំងនេះពុំអនុញ្ញាតឱ្យនៅក្រៅឃុំទេ ដោយសារវាជារឿងក្តីមានទោសធ្ងន់ និងពលរដ្ឋថៃជាច្រើននាក់រងគ្រោះ ។
កន្លងមក តារាសម្តែងលំដាប់ប្រទេសទាំង៣រូបបានបកស្រាយនៅចំពោះមុខសារព័ត៌មានថា ពួកខ្លួនគ្រាន់តែជាអ្នកតំណាងលក់ផលិតផលប៉ុណ្ណោះ និងគ្មានសិទ្ធិក្នុងក្រុមហ៊ុនទេ ។ ប៉ុន្តែជនរងគ្រោះលើកឡើងថា តារាសម្តែងទាំង៣រូបបានធ្វើសកម្មភាពយ៉ាងច្រើនជាមួយក្រុមហ៊ុន ។
គួរបញ្ជាក់ថា The iCON GROUP គឺជាក្រុមហ៊ុនប្រកបអាជីវកម្មផ្នែកផលិតផលអាហារបំប៉ន និងសម្រស់ ដែលអាជីវកម្មរបស់ក្រុមហ៊ុនផ្តោតលើទីផ្សារបណ្តាញ ហើយមានភាពចម្រូងចម្រាស់ខ្លាំងនៅប្រទេសថៃនាពេលបច្ចុប្បន្ន ។ ពលរដ្ឋថៃបានជឿទុកចិត្តក្រុមហ៊ុននេះ ដោយសារមានតារាល្បីៗលំដាប់ប្រទេសជាច្រើនរូបចូលរួមជាមួយក្រុមហ៊ុន ។
ជនរងគ្រោះជាច្រើននាក់និយាយថា ដោយសារតែតារាសម្តែងល្បីៗទាំងនេះហើយ ទើបធ្វើឱ្យពួកគេជឿទុកចិត្តរហូតដល់លង់ខ្លួន ។ ក្រុមហ៊ុនសន្យាថា នឹងផ្តល់ប្រាក់កម្រៃឱ្យពួកគេប្រចាំខែ និងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនទៀត បើពួកគេអាចស្វែងរកសមាជិកបន្ថែមដើម្បីទិញផលិតផលក្រុមហ៊ុន ។
ក្រុមហ៊ុន The iCON GROUP រកចំណូលបានរាប់លានដុល្លារអាមេរិកក្នុងរយៈពេល៥ឆ្នាំមកនេះ ប៉ុន្តែអ្នកតំណាងចែកចាយផលិតផលជាច្រើននាក់និយាយថា ក្រុមហ៊ុននេះបោកប្រាស់ពួកគេ រហូតដល់អស់ទ្រព្យសម្បត្តិពីខ្លួន ។ លើសពីនេះ ក្រុមហ៊ុនក៏បានធ្វើប្រតិបត្តិការក្នុងប្រទេសផ្សេងៗផងដែរ រួមមាន ៖ កម្ពុជា, ឡាវ និងជប៉ុន ៕










