Elon Musk បច្ចុប្បន្នមានកូនសរុបទាំងអស់ ១២ នាក់ហើយគឺប្រុសចំនួន ៩ និងស្រីចំនួន ៣ ។ នៅក្នុងបទសម្ភាសន៍មួយលោក Elon Musk ដែលជាមហាសេដ្ឋីលំដាប់ទីមួយរបស់ពិភពលោក បានចែករំលែកបទពិសោធន៍ចិញ្ចឹមកូនៗរបស់លោកថា លោកតែងតែព្យាយាមដាក់សម្ពាធលើពួកគេជានិច្ច ដើម្បីឱ្យពួកគេក្លាយជាមនុស្សរឹងមាំ និងចាស់ទុំតាំងពីក្មេង ដែលនេះគឺជាវិធីសាស្រ្តអប់រំត្រូវបានចាត់ទុកថាមានប្រសិទ្ធភាពបំផុតក្នុងការចិញ្ចឹមកូនៗរបស់លោក។
មហាសេដ្ឋីវ័យ ៥២ ឆ្នាំរូបនេះបានបន្តថា ដើម្បីអភិវឌ្ឍកូនៗឱ្យមានសមត្ថភាពពេញលេញគ្រប់ជ្រុងជ្រោយ និងឆ្លាតវៃ កុមារត្រូវតែជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនក្នុងជីវិត មានន័យថា លោកមិនដែលបំពេញបំណង ឬឱ្យវត្ថុអ្វីមួយទៅពួកគេឡើយ បើទោះបីជាក្មេងៗសុំអ្វី ឬចង់បានអ្វីមួយ គឺគាត់មិនដែលទិញ ឬប្រគល់ឱ្យនោះទេ។ លោកបាននិយាយថា លោកធំឡើងក្នុងស្ថានភាពលំបាក ដូច្នេះលោកក៏បង្រៀនកូនៗឱ្យស្គាល់ភាពលំបាកដូចលោកដែរ។ មហាសេដ្ឋីរូបនេះបានបន្តទៀតថា លោកមិនចង់ឱ្យក្មេងៗមានភាពស្រណុកសុខស្រួលនោះទេ បើកាលណាពួកគេធ្វើបែបនេះ ក្មេងៗនឹងក្លាយជាមនុស្សទន់ខ្សោយហើយ។
ហេតុនេះហើយបានជាលោកជ្រើសរើសឱ្យកូនរបស់លោកទទួលបានការអប់រំតឹងរ៉ឹងបំផុត ដូចជាត្រូវទៅរៀនជារៀងរាល់ថ្ងៃ ក្រោកពីគេងឱ្យបានលឿនបំផុត ទៅរៀនឱ្យទាន់ពេលវេលា ចេញពីរៀនត្រូវធ្វើកិច្ចការផ្ទះ និងជួយការងារផ្ទះ ត្រូវរៀនសិក្សាស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗជានិច្ច ទោះបីក្មេងៗមិនចង់ក៏ដោយ ដែលវិធីសាស្រ្តអប់រំនេះគឺដើម្បីឱ្យកុមារក្លាយជាមនុស្សឯករាជ្យ និងចាស់ទុំជាងមុន។ ទោះជាយ៉ាងណានៅសល់ពេលវេលាជាច្រើនទៀត លោក Musk បានលើកទឹកចិត្តកូនរបស់លោកឱ្យទាញយកអត្ថប្រយោជន៍ពីអ៊ីនធឺណិតដើម្បីសិក្សាដោយខ្លួនឯង និងស្វែងយល់ពីពិភពលោកខាងក្រៅ។
លោកសង្កេតឃើញថា សព្វថ្ងៃនេះ ក្មេងៗបានរៀនអ្វីៗជាច្រើនតាមរយៈ YouTube និងប្រព័ន្ធផ្សព្វផ្សាយសង្គម ដូច្នេះអ៊ីនធឺណិតគឺកំពុងក្លាយជាឧបករណ៍អប់រំដ៏សំខាន់បំផុតមួយសម្រាប់ក្មេងជំនាន់ក្រោយ។ ហេតុនេះត្រូវឱ្យកុមារមើល និងស្វែងយល់ពីពួកវាឱ្យច្រើនទើបជាការល្អ។ កាលណាកុមារមិនដែលដឹងពីពិភពលោកខាងក្រៅ ឬបិទសិទ្ធមិនឱ្យមើលទូរស័ព្ទ ឬបច្ចេកវិទ្យាអ្វីទេនោះ ពួកគេគឺមិនឆ្លាតនោះទេ នេះបើយោងតាមសម្តីរបស់លោក Elon Musk ៕










