ថ្មីៗនេះប្រទេសជាច្រើននៅអឺរ៉ុបដូចជា អ៊ីតាលី អាល្លឺម៉ង់ និងបារាំងបានកត់ត្រាចំនួនទារកទើបនឹងកើតទាបបំផុតចាប់តាំងពីឆ្នាំ ១៩៦០ មកដែលអត្រាកំណើតនេះបានធ្លាក់ចុះខ្លាំងទៅៗ បង្កឱ្យមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងសង្គមជាច្រើន។.png)
យោងតាមទិន្នន័យរបស់សហភាពអឺរ៉ុបដែលចេញផ្សាយនៅដើមឆ្នាំ ២០២៤ បានឱ្យដឹងថា ចំនួនកំណើតនៅសហភាពអឺរ៉ុប (EU) នាពេលបច្ចុប្បន្ននេះបានឈានដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ១៩៦០ មកដោយមានទារកចំនួន ៣.៨៨ លាននាក់ប៉ុណ្ណោះនឹងកើតនៅតំបន់នេះក្នុងឆ្នាំ ២០២៤ ដែលនេះគឺជាលើកទីមួយហើយដែលចំនួនបានធ្លាក់ចុះក្រោម ៤ លាននាក់។
ដូច្នេះបច្ចុប្បន្នទ្វីបអឺរ៉ុបគឺកំពុងប្រឈមនឹងវិបត្តិអត្រាកំណើតទាបខុសធម្មតា ដែលនឹងបង្កឱ្យមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងសង្គមជាច្រើន។ មូលហេតុគឺដោយសារការផ្លាស់ប្តូរទំនាក់ទំនងរវាងភេទទាំងពីរ មានន័យថា ស្ត្រីដែលមានការអប់រំខ្ពស់កម្រនឹងចង់បានគូរស្រករណាស់ លើសពីនេះពួកគេក៏គ្មានអារម្មណ៍ចង់មានកូនអីទៀតដែរ។ ពិភពលោកជឿនលឿន អ្វីៗកាន់តែផ្លាស់ប្តូរ មនុស្សគ្រប់គ្នាភាគច្រើនលែងចង់មានកូន ហើយអ្នកខ្លះក៏ចូលចិត្តរស់នៅម្នាក់ឯង ដែលនេះបានបង្កឱ្យរដ្ឋាភិបាលទាំងអាស៊ី និងអឺរ៉ុបកំពុងជួបប្រទះនឹងការលំបាកក្នុងការដោះស្រាយបញ្ហានេះ។
ជាក់ស្តែងដូចប្រទេសអ៊ីតាលីអ៊ីចឹង គឺមានអត្រាកំណើតទាបបំផុតជាយូរមកហើយ ដោយសារភាពចាស់នៃចំនួនប្រជាជនកំពុងកើតឡើងយ៉ាងឆាប់រហ័សជាងប្រទេសសមាជិកដទៃទៀត។ ជាមធ្យម ចំនួនកុមារដែលកើតបានថយចុះពី ១.២៤ លាននាក់ក្នុងឆ្នាំ ២០២២ មកត្រឹម ១.២០ លាននាក់ក្នុងឆ្នាំ ២០២៣។ អ្នកជំនាញនិយាយថា ប្រសិនបើវិបត្តិប្រជាជននៅតែបន្តកើតមាន ប្រជាជនអ៊ីតាលីចំនួន ៥៩ លាននាក់អាចធ្លាក់ចុះជិតមួយលាននាក់នៅឆ្នាំ ២០៣០។
រីឯនៅប្រទេសអាល្លឺម៉ង់វិញ អត្រាកំណើតបានធ្លាក់ចុះពី ១.៥៧ លាននាក់ក្នុងឆ្នាំ ២០២១ មកនៅត្រឹម ១.៣៦ លាននាក់ក្នុងឆ្នាំ ២០២៣។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា វិបត្តិជាបន្តបន្ទាប់ដូចជា Covid-19 សង្គ្រាមនៅអ៊ុយក្រែន អតិផរណា និងការប្រែប្រួលអាកាសធាតុ គឺជាមូលហេតុនៃការធ្លាក់ចុះអត្រាកំណើតក្នុងប្រទេសអាល្លឺម៉ង់។ ចំណែកឯប្រទេសបារាំងវិញក៏បានជួបប្រទះនឹងវិបត្តិអត្រាកំណើតទាបផងដែរ។ ទោះជាយ៉ាងណាប្រទេសទាំងនេះបច្ចុប្បន្នបានកំពុងខិតខំលើកទឹកចិត្តប្រជាពលរដ្ឋឱ្យមានគូ និងមានកូនដោយការផ្តល់ប្រាក់ឧបត្ថម ក៏ដូចជាផ្តល់ការថែទាំកុមារកាន់តែច្រើន រួមទាំងការកាត់បន្ថយពន្ធ និងការឈប់សម្រាក ដោយរំពឹងថាអ្វីៗនឹងល្អដូចមុន៕










