ការមានសត្វចិញ្ចឹមគឺដូចជាមានសមាជិកថ្មីក្នុងគ្រួសារអ៊ីចឹង ក្រៅពីសេចក្ដីស្រឡាញ់និងចំណងមិត្តភាព រឿងមួយដែលម្ចាស់សត្វចិញ្ចឹមគ្រប់រូបត្រូវយកចិត្តទុកដាក់ជាពិសេសគឺអាហារ។ កាលណាដែលយើងផ្តល់អាហារមិនល្អចំពោះសត្វចិញ្ចឹម វានឹងប៉ះពាល់ដោយផ្ទាល់ដល់សុខភាព និងអាយុជីវិតរបស់សត្វចិញ្ចឹមជាទីស្រឡាញ់របស់យើង។ ដូច្នេះសម្រាប់ម្ចាស់ឆ្កែ ឬឆ្មាថ្មីៗដែលមិនទាន់មានបទពិសោធន៍ចិញ្ចឹម តែងតែមានការងឿងឆ្ងល់ថា គួរផ្តល់អាហារបែបណាដល់សត្វចិញ្ចឹមរបស់យើងដើម្បីឱ្យពួកវាមានសុខភាពល្អ ហើយយើងគួរផ្តល់អាហារឱ្យពួកវាប៉ុន្មានដងក្នុងមួយថ្ងៃ? តើការចិញ្ចឹមសត្វឆ្កែ និងឆ្មាដូចគ្នាដែរឬទេ?
សម្រាប់ចម្លើយនោះគឺថារវាងការចិញ្ចឹមសត្វឆ្កែ និងឆ្មាគឺមិនដូចគ្នាទេ។ ប្រសិនបើកូនឆ្មាមានអាយុក្រោម ៦ខែ អ្នកគួរផ្តល់អាហារកំប៉ុងលាយជាមួយអាហារស្ងួតទន់ៗឱ្យពួកវាញ៉ាំច្រើនដងក្នុងមួយថ្ងៃ ដើម្បីជួយឱ្យកូនឆ្មារបស់អ្នកញ៉ាំបានច្រើនតាមដែលវាត្រូវការ។ ប៉ុន្តែប្រសិនបើឆ្មាមានអាយុចាប់ពី ៦ ខែឡើងទៅអ្នកគួរឱ្យពួកវាញ៉ាំអាហារត្រឹមតែ ២ ដងក្នុងមួយថ្ងៃបានហើយ ព្រោះប្រសិនបើពួកវាញ៉ាំច្រើនដងពេក សត្វចិញ្ចឹមរបស់អ្នកនឹងធាត់យ៉ាងឆាប់រហ័ស ដែលបណ្តាលឱ្យសុខភាពរបស់វាទ្រុឌទ្រោម ចុះខ្សោយ និងមិនល្អនោះទេ។
ហេតុនេះការចិញ្ចឹមសត្វឆ្មាគឺខុសពីការចិញ្ចឹមសត្វឆ្កែ កូនឆ្កែដែលមានអាយុក្រោម ៦ ខែត្រូវបានណែនាំឱ្យញ៉ាំអាហារស្ងួត ជាជាងអាហារកំប៉ុង ក៏ដូចជាឱ្យពួកវាផឹកទឹកដោះគោឱ្យបានច្រើន ខណៈកូនឆ្មាមិនតម្រូវឱ្យផឹកដោះគោនោះទេ។ ដូច្នេះអ្នកត្រូវផ្តល់អាហារឱ្យកូនឆ្កែ ៤ ដងក្នុងមួយថ្ងៃរហូតដល់ពួកវាមានអាយុ ៦ខែ។ នៅពេលសត្វឆ្កែមានអាយុ ៦ ខែឡើងទៅ ម្ចាស់មិនត្រូវផ្តល់អាហារឱ្យវាញឹកញាប់ដូចកាលពីមុនទេ ពោលគឺផ្តល់អាហារឱ្យវាត្រឹមតែ ២ ដងក្នុងមួយថ្ងៃបានហើយ។ ទោះជាយ៉ាងណាប្រសិនបើលោកអ្នកសង្កេតឃើញថា សត្វចិញ្ចឹមរបស់អ្នកមិនថាឆ្កែ ឬឆ្មាមិនព្រមញ៉ាំអាហាររយៈពេល ២ ទៅ ៣ ថ្ងៃសូមទាក់ទងពេទ្យសត្វរបស់អ្នកជាបន្ទាន់៕










