ប្រទេសថៃ ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចថៃបានទទួលដំណឹងថា មានហេតុការណ៍ភ្លើងឆេះក្នុងបរិវេណសាកលវិទ្យាល័យដ៏ល្បីមួយកន្លែងនៅឃុំប្រាឆាធិប៉ាត់ ស្រុកថាណាក់បុរី ខេត្តប៉ាធុមថានី ហើយសមត្ថកិច្ចក៏ចុះមកត្រួតពិនិត្យភ្លាមៗ ព្រមទាំងបញ្ជូនរថយន្តបាញ់ទឹកមកកន្លែងកើតហេតុ ដើម្បីពន្លត់ភ្លើងដែលកំពុងឆេះសន្ធោសន្ធៅ ។
សមត្ថកិច្ចនិយាយថា រថយន្តបាញ់ទឹកបានចំណាយពេលបាញ់ទឹករហូតដល់៤០នាទី ទើបភ្លើងរលត់ទៅវិញ ។ ភ្លើងបានឆេះរថយន្តក្រុងចំនួន២គ្រឿង និងឆេះរថយន្តទួរីស១គ្រឿងទៀត ដែលចតនៅក្បែរគ្នា ។ រីឯមូលហេតុបណ្តាលឱ្យភ្លើងឆេះនេះ គឺដោយសារការធ្វេសប្រហែស ។
លោក វិឈៀ ម៉ឺនឆៃវង្ស អាយុ៥៧ឆ្នាំ ជាសន្តិសុខឱ្យដឹងថា កាលពីម៉ោង៦ព្រឹក ថ្ងៃទី១០ ខែតុលា ខ្លួនបានដើរត្រួតពិនិត្យសណ្តាប់ធ្នាប់នៅបរិវេណនេះ និងឮសំឡេងផ្ទុះចេញពីរថយន្តក្រុងចតនៅកណ្តាល ។ ពេលនោះ ខ្លួនក៏សង្កេតមើលមួយសន្ទុះ ប៉ុន្តែគ្មានអ្វីខុសប្លែក ទើបចាកចេញពីទីនេះ ។ ក្រោយមក សន្តិសុខម្នាក់ទៀតរត់មកប្រាប់ថា មានភ្លើងឆេះរថយន្ត៣គ្រឿង ដែលចតចោលក្នុងចំណត ។
សន្តិសុខរូបនេះបន្តថា មូលហេតុមានភ្លើងឆេះនេះ គឺបណ្តាលមកពីរថយន្តចតនៅកណ្តាលសាកថ្មឧបករណ៍អេឡិចត្រូនិកចោលក្នុងរថយន្ត ទើបឧបករណ៍អេឡិចត្រូនិកផ្ទុះឆេះរថយន្ត និងរាលដាលទៅរថយន្តចតនៅក្បែរៗ ។ កន្លងមក ខ្លួនធ្លាប់ឃើញពន្លឺភ្លើងម្តងហើយដែលបណ្តាលមកពីការសាកថ្មចោលពេលយប់ និងជូនដំណឹងទៅម្ចាស់រថយន្តរួចហើយដែរ ប៉ុន្តែម្ចាស់រថយន្តនៅតែសាកដដែល ។
ចំណែកអ្នកនៅក្បែរកន្លែងកើតហេតុរៀបរាប់ថា រថយន្តក្រុងចតនៅកណ្តាលចូលចិត្តសាកថ្មឧបករណ៍អេឡិចត្រូនិកក្នុងរថយន្តចោលពេលយប់ ។ ពេលនោះ ខ្លួនកំពុងសម្រាកក្នុងបន្ទប់ ហើយក៏ឮសំឡេងឆេះរថយន្ត ទើបចេញមកមើល ។ ការពិត រថយន្តចតនៅទីនេះមានទាំងអស់៥គ្រឿង ប៉ុន្តែរថយន្ត២គ្រឿងបានបើកចេញពីកន្លែងកើតហេតុទាន់ពេលវេលា នៅសល់រថយន្ត៣គ្រឿងជារបស់សាកលវិទ្យាល័យ បើកចេញពុំទាន់ ទើបភ្លើងឆេះខ្ទេច ។.png)
ជំហានដំបូង សមត្ថកិច្ចបានត្រួតពិនិត្យនៅកន្លែងកើតហេតុ ព្រមទាំងថតរូបភាពទុកជាភស្តុតាង ។ ជំហានបន្ទាប់ សមត្ថកិច្ចនឹងទំនាក់ទំនងទៅកាន់មន្ត្រីពិសោធន៍ភស្តុតាង ដើម្បីចុះមកត្រួតពិនិត្យរកមូលហេតុជាក់លាក់បន្ថែមទៀតដែលបណ្តាលឱ្យភ្លើងឆេះរថយន្ត ។
ចុងក្រោយ សមត្ថកិច្ចបានផ្តាំផ្ញើទៅពលរដ្ឋទាំងអស់ឱ្យប្រុងប្រយ័ត្នសុវត្ថិភាព និងចៀសវាងសាកថ្មឧបករណ៍អេឡិចត្រូនិកចោលពេលយប់ ពីព្រោះវានឹងបង្កការក្តៅក្រហាយដល់ខ្លួនឯង និងអ្នកដទៃ ។ ការពីពេលថ្មីៗនេះ ប្រទេសថៃទើបតែកើតហេតុការណ៍ឆេះរថយន្តក្រុងដឹកកូនសិស្ស ដែលបណ្តាលឱ្យគ្រូបង្រៀន និងកូនសិស្សស្លាប់អស់ជាច្រើននាក់ ៕










