ជុំវិញបញ្ហាចម្រូងចម្រាសការប្រកួតកម្មវិធីសម្រស់ Miss Grand International ដែលកម្ពុជាធ្វើជាសហម្ចាស់ផ្ទះត្រូវបញ្ឈប់ពាក់កណ្តាលទីបង្កឱ្យផ្ទុះការវែកញែកយ៉ាងខ្លាំងពេញបណ្តាញសង្គម។ យ៉ាងណាបើស្តាប់តាមការបកស្រាយរបស់លោកស្រី អ៊ឹម សុគន្ធា លោក ណាវ៉ាត់ និងនាង ម៉ាលីន បង្កស្ថានភាពមិនល្អតាំងពីថ្ងៃដំបូងមិនដឹងថាជាចេតនាចង់បំបាក់មុខប្រទេសកម្ពុជាឬយ៉ាងណានោះទេ។
លោកស្រី អ៊ឹម សុគន្ធា បាននិយាយថា Malin Chara Miss Grand Thailand 2024 ដែលយំសស្រាក់នៅលើទឹកដីខ្លួនរៀបរាប់ពីស្ថានភាពនៅប្រទេសកម្ពុជានាងមានគំនិតមិនល្អតាំងពីថ្ងៃមកកម្ពុជាដំបូងនៅថ្ងៃទី៣ តុលា ដោយបាន add Story ថាញុំាបាយមិនគ្រប់គ្រាន់ទាំងមិនបានប្រាប់ក្រុមការងារថាចង់បានប៉ុន្មានប្រអប់។ ពោលនាង ម៉ាលីន គ្រាន់តែចាប់ផ្តើមមកដល់ភ្លាមផុសពីខ្មែរបែបនេះទៅហើយ។ ការយំទួញសោកប្រាប់ប្រជាជនថៃថាញុំាសណ្តែកដី ពងក្រូចមានដង្កូវ លោកស្រី អ៊ឹម សុគន្ធា ថានាង ម៉ាលីន គួរតែទៅសិក្សារៀនសូត្រម្តងទៀត។
ចំពោះលោក ណាវ៉ាត់ វិញលោកស្រី អ៊ឹម សុគន្ធា ថាដើមហេតុមិនស្រួលតាំងពីខ្លួនអ្នកនាងទៅកម្មវិធីMiss Cosmoនៅវៀតណាម មានបំណងចង់ទៅគាំទ្រអ៊ិន លក្ខិណា ក្នុងការប្រកួត ប៉ុន្តែលោក ណាវ៉ាត់ ចង់ឱ្យលោកស្រីមកទទួលលោកនៅព្រលានយន្តហោះហៅអ្នកកាសែតមកសម្ភាសន៍ខណៈលោក ណាវ៉ាត់ ឡើងមកកម្ពុជាថ្ងៃទី៤តុលា ទាំងលោកស្រីសុំថាមិនទៅទទួលនៅព្រលានយន្តហោះបានឬអត់ តែលោក ណាវ៉ាត់ ដាច់ខាតត្រូវតែឱ្យលោកស្រីទៅទទួល។ 
នៅថ្ងៃទី៤ តុលា ពេលលោក ណាវ៉ាត់ មកដល់ស្រាប់តែលោកឡើងឡានធ្វើព្រងើយមិនជួយមុខខ្លួនមិនបានផ្តល់បទសម្ភាសន៍ជាមួយអ្នកកាសែតមានតែអនុប្រធានកម្មវិធីនិងម្ចាស់មកុដ MGI2023 ទើបធ្វើឱ្យលោកស្រីមានអារម្មណ៍មិនស្រួលថាលោក ណាវ៉ាត់ មិនពេញចិត្តចំពោះខ្លួនបាត់ទៅហើយ។ 
មិនទាន់អស់នោះទេ ការរៀបចំមួយចំនួនត្រូវបានលោក ណាវ៉ាត់ ផ្លាស់ប្តូរភ្លាមៗតាមតែចិត្តខ្លួនឯងផ្លាស់ប្តូរម៉ោងពេលវេលាហាឡើងខ្លួនឯងជាអ្នកចេញលុយទាំងការពិតក្រុមការងារកម្ពុជាជាអ្នកចេញលុយសូម្បីតែការទិញសណ្តែកដី ពងក្រូច ក្រុមការងារ MGI ជាអ្នកទិញ តែក្រុមការងារ MGC ជាអ្នកចេញលុយ។
អ្វីដែលជាចង្ងល់មហាជននោះក្រោយពីមានបញ្ហាភ្លាមៗស្រាប់តែលោក ណាវ៉ាត់ កក់សំបុត្រយន្តហោះឡើងទៅប្រទេសថៃយ៉ាងឆាប់រហ័សទាំងបវរកញ្ញានិងក្រុមការងារមិនតិចជាង១០០នាក់នោះទេ៕










