្រទេសថៃ ៖ កាលពីពេលថ្មីៗនេះ សារព័ត៌មានថៃរាយការណ៍ថា បណ្តាខេត្តនៅភាគខាងជើងប្រទេសថៃ ដូចជា ៖ ខេត្តឈៀងម៉ៃ និងខេត្តឈៀងរ៉ៃ នៅតែរ.ងគ្រោះដោយសារទឹកជំនន់ ដែលបណ្តាលមកភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ។ ទឹកជំនន់បានបំផ្លា.ញ ទ្រព្យសម្បត្តិពលរដ្ឋអស់យ៉ាងច្រើន ហើយសូម្បីតែរថយន្តតូច-ធំ ក៏អណ្តែតតាមទឹកជំនន់បាត់អស់ដែរ ។
ទឹកទន្លេពីងបានកើនឡើងខ្ពស់បណ្តាលឱ្យជន់លិចតំបន់ជាច្រើនរបស់ខេត្តឈៀងម៉ៃ ហើយអ្វីដែលធ្វើឱ្យពលរដ្ឋខេត្តឈៀងម៉ៃកាន់តែបារម្ភខ្លាំងនោះ គឺកម្រិតទឹកទន្លេពីងនឹងកើនឡើងថែមទៀត ដោយសារភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ។ លើសពីនេះ ទឹកជំនន់បណ្តាលឱ្យប៉ះពាល់ដល់ការរៀនសូត្ររបស់សិស្សសាលាផងដែរ ដោយសារសាលារៀនបិទទ្វារជាបន្តបន្ទាប់ ។
មុនដំបូង ទឹកជំនន់ចាប់ផ្តើមលិចនៅតំបន់ប៉ាកប្រាវណក ដែលជាតំបន់ទំនាប បន្ទាប់មក ទឹកជំនន់ក៏លិចតំបន់ជាច្រើនទៀតនៅខេត្តឈៀងម៉ៃ ដូចជា ៖ តំបន់ប៉ាឌេត និងតំបន់សាន់តាខុយ ព្រមទាំងលិចផ្លូវចារឺនប្រាថេត ដោយកម្រិតទឹកបានកើនឡើង ចាប់ពី២សង់ទីម៉ែត្រ ទៅ៣សង់ទីម៉ែត្រក្នុង១ម៉ោង ។
សាលារៀន និងទីកន្លែងផ្សេងៗបានបិទទ្វារបណ្តោះអាសន្ន និងរង់ចាំឱ្យស្ថានការណ៍ទឹកជំនន់ធូរស្រាលវិញ ។ រីឯនៅភូមិហួយប៉ាកសាង ឃុំគីឆាង ស្រុកមេទែង ក៏គួរឱ្យបារម្ភដែរ ដោយសារទឹកជំនន់មានកម្ពស់ស្មើជាង៤ម៉ែត្រ គឺជិតដល់កម្រិតប្រកាសអាសន្ន ស្មើនឹង៥ម៉ែត្រ ។
សារព័ត៌មានថៃរាយការណ៍ថា កម្រិតទឹកជំនន់កើនឡើងជាបន្តបន្ទាប់ក្នុងតំបន់នានា ខណៈទឹកទន្លេពីងបានហូរតាមលូរបង្ហូរទឹក និងលិចផ្លូវឆាងក្លាន ដែលជាតំបន់សេដ្ឋកិច្ចដ៏សំខាន់របស់ខេត្តឈៀងម៉ៃ ។ ហាងលក់ដូរផ្សេងៗបានយកការ៉ុងខ្សាច់មកដាក់នៅមុខហាងការពារកុំឱ្យទឹកហូរចូល ប៉ុន្តែដោយសាររថយន្តបើកបរតាមផ្លូវធ្វើឱ្យទឹកហូរចូលផ្នែកខាងក្នុង ។
អាជ្ញាធររាយការណ៍ថា កម្រិតទឹកជំនន់នៅតំបន់ឈៀងដាវបានកើនឡើងជាបន្តបន្ទាប់ ហើយវានឹងហូរមកទីរួមខេត្តឈៀងម៉ៃ ដោយសារតំបន់នេះមានភ្លៀងធ្លាក់ខ្លាំង ។ ហេតុនេះ ទឹកជំនន់នឹងមិនស្រកក្នុងរយៈពេលខ្លីទេ ។
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារសារព័ត៌មានថៃបានរាយការណ៍ពីបរិវេណផ្លូវឆាងក្លានថា រថយន្តតូចៗពុំអាចបើកបរតាមផ្លូវនេះបានទេ ហើយពលរដ្ឋនិយាយថា ទឹកជំនន់ឆ្នាំនេះធ្វើឱ្យពួកគេលំបាកយ៉ាងខ្លាំង ដូចជា ៖ ខូចខាតទ្រព្យសម្បត្តិ និងមានទឹកកខ្វក់ហូរចូលផ្ទះ ។ រីឯនៅផ្លូវចារឺនប្រាថេត ក៏មានទឹកលិចជ្រៅដែរ ខណៈតំបន់ប៉ាកប្រាវណក និងប៉ាកប្រាវណៃ ក្នុងស្រុកមឿងឈៀងម៉ៃ មានទឹកជំនន់លិចខ្លាំងដូចគ្នា ប៉ុន្តែពលរដ្ឋបានដឹកជញ្ជូនសម្ភារៈចេញមុនទឹកលិច ។
ដោយឡែក នៅខេត្តឈៀងរ៉ៃ សារព័ត៌មានថៃរាយការណ៍ថា ទឹកហូរលាយឡំជាមួយមែកឈើ និងភក់មកពីតំបន់ព្រៃភ្នំបណ្តាលឱ្យលិចផ្ទះសម្បែងពលរដ្ឋ និងខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន ដោយសារតែភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ។
កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ មានទឹកជំនន់យ៉ាងខ្លាំងហូរពីតំបន់ព្រៃភ្នំឆ្លងកាត់ភូមិបានហ៊ីនឡាតណៃ ឃុំបានប៉ូង ស្រុកវៀងប៉ាប៉ៅ ខេត្តឈៀងរ៉ៃ ដែលបណ្តាលឱ្យផ្ទះពលរដ្ឋនៅសងខាងផ្លូវ និងរថយន្តតូច-ធំអណ្តែតតាមទឹកអស់ជាច្រើនគ្រឿង ។ រីឯតំបន់នៅឆ្ងាយៗក៏មានទឹកជំនន់ហូរពីតំបន់ព្រៃភ្នំផងដែរ ខណៈពលរដ្ឋដឹកជញ្ជូនសម្ភារៈចេញពីផ្ទះពុំទាន់អស់ ។
អាជ្ញាធរខេត្តឈៀងរ៉ៃបានជូនដំណឹងឱ្យពលរដ្ឋរស់នៅតំបន់ជិតព្រៃភ្នំបង្កើនប្រុងប្រយ័ត្ន និងតាមដានស្ថានការណ៍ទឹកជំនន់ឱ្យបានដិតដល់ ដោយសារមានភ្លៀងធ្លាក់ខ្លាំងមិនឈប់ឈរ ៕










