ប្រទេសចិន ៖ សមុទ្រខ្សាច់ Gobi ត្រូវបានគេមើលឃើញថា គឺជាតំបន់មួយដែលពុំសូវមានរុក្ខជាតិដុះ ប៉ុន្តែបើបានឃើញសមុទ្រខ្សាច់នេះដោយផ្ទាល់ភ្នែក យើងនឹងឃើញថា នៅទីនេះ មិនត្រឹមតែមានអណ្តូងប្រេង និងវាលខ្សាច់ប៉ុណ្ណោះទេ ប៉ុន្តែវាសម្បូរទៅដោយធនធានធម្មជាតិ ព្រមទាំងជាប្រភពរ៉ែថ្មដ៏ធំបំផុតនៅប្រទេសចិន ។
សមុទ្រខ្សាច់ Gobi ស្ថិតនៅតំបន់ព្រំដែនភាគពាយ័ព្យប្រទេសចិន និងជាផ្លូវទៅកាន់ភាគខាងលិចខេត្តឈីងហៃ ។ បើធ្វើដំណើរចេញពីទីក្រុងម៉ាងយ៉ា ទៅកាន់ភាគអាគ្នេយ៍ ក្នុងចម្ងាយផ្លូវ២៧គីឡូម៉ែត្រ យើងនឹងបានឃើញសមុទ្រខ្សាច់មួយមានភាពហួតហែងយ៉ាងខ្លាំង និងគ្មានស្មៅដុះទេ ។ មូលហេតុធ្វើឱ្យវាលខ្សាច់នេះមានសភាពហួតហែង ដោយសារមានអណ្តូងទឹកក្តៅចម្លែកមួយនៅបរិវេណនេះឈ្មោះ «អណ្តូងអាយខិន» ឬ «អណ្តូងគ្រាប់ភ្នែកបីសាច» ។
ចំណែកពាក្យថា «អាយខិន» ជាភាសាម៉ុងហ្គោល មានន័យថា «គួរឱ្យខ្លាច» ហើយទឹកក្តៅដែលផុសចេញពីអណ្តូងនេះមានពណ៌ក្រហមខាប់ ។ អណ្តូងមានរូបរាងស្រដៀងគ្នានឹងរូបភាពស្កេនកែវភ្នែក និងមានអង្កត់ផ្ចត់ប្រមាណ១០ម៉ែត្រ ។
បើទោះជាអណ្តូងស្ថិតនៅកណ្តាលវាលខ្សាច់ ប៉ុន្តែវាទឹកក្តៅគ្រប់ពេលវេលា ហើយគេពុំអាចវាស់ជម្រៅអណ្តូងបានទេ ។ រីឯនៅជុំវិញអណ្តូងគ្មានសត្វស្លាប ឬសត្វព្រៃនៅក្បែរទេ ហើយក៏គ្មានរុក្ខជាតិដុះលូតលាស់ដែរ ដោយសារក្នុងអណ្តូងសម្បូរដោយសារធាតុរ៉ែ ។ បើទោះជាទឹកក្នុងអណ្តូងស្អាតក្តី ប៉ុន្តែដោយសារវាមានសារធាតុរ៉ែច្រើនធ្វើឱ្យវាអាចបំផ្លាញថ្មបាន ។
រីឯសត្វពុំដឹងពីគ្រោះថ្នាក់ និងផឹកទឹកអណ្តូងនេះ វានឹងងាប់ដោយសារជាតិពុល ទើបគេតែងតែប្រទះឃើញខ្មោចសត្វនៅក្បែរអណ្តូង ។ ក្រៅពីនេះ ដីខ្សាច់ពណ៌ត្នោតលាយក្រហមនៅជុំវិញអណ្តូង ដែលមើលទៅមានភាពរឹងខ្លាំង ប៉ុន្តែការ វាមានសភាពទន់ជ្រាយនៅផ្នែកខាងក្រោម ។ បើយើងដើរពុំប្រុងប្រយ័ត្នទេនោះ នឹងធ្លាក់ទៅក្រោមបាន ។.png)
ក្រោយពីបានស្រាវជ្រាវអណ្តូងទឹកក្តៅរួច នាយកស្រាវជ្រាវផ្នែកធរណីវិទ្យាប្រចាំខេត្តជីលីនសន្និដ្ឋានថា ដើមកំណើតរបស់អណ្តូងអាចពាក់ព័ន្ធជាមួយការផ្អៀងរបស់ស្រទាប់នៅផ្នែកខាងក្រោម ។ ប៉ុន្តែបច្ចុប្បន្ន នៅខ្វះខាតឯកសារច្បាស់លាស់ ហើយត្រូវមានការស្រាវជ្រាវ និងវិភាគបន្ថែមទៀតពីដើមកំណើតរបស់អណ្តូង, ចរន្តទឹក និងធាតុផ្សំរបស់សារធាតុគីមី ។
បើសម្លឹងពីទីខ្ពស់ អណ្តូងនេះស្រដៀងនឹងគ្រាប់ភ្នែកមនុស្ស ដែលមើលឃើញសរសៃភ្នែកយ៉ាងច្បាស់ដូចមានជីវិត ។ ហេតុនេះ ទើបអណ្តូងនៅខេត្តឈីងហៃ បានក្លាយជាតំបន់ពេញនិយមរបស់ភ្ញៀវទេសចរបរទេសយ៉ាងច្រើន ។ ប៉ុន្តែមន្ត្រីទេសចរណ៍ចិនដាស់តឿនថា ផ្លូវទៅកាន់អណ្តូងជាដីខ្សាច់ជ្រាបទឹក និងមានសត្វព្រៃរស់នៅ បើភ្ញៀវទេសចរចង់មកទីនេះ គួរធ្វើដំណើរតាមរថយន្ត ហើយពេលមកដល់ ហាមលេងទឹក ឬផឹកទឹកនេះដាច់ខាត ។
ប្រទេសចិនបានអនុញ្ញាតឱ្យភ្ញៀវទេសចរចូលមកទីនេះដោយពុំគិតថ្លៃតាមពេលវេលាកំណត់ ហើយដើម្បីសុវត្ថិភាព ចិនពុំទាន់មានគម្រោងឱ្យភ្ញៀវទេសចរមកលេងទីនេះពេលយប់ទេ ៕










