បន្ទាប់ពីក្លាយជាម្ចាស់ពាន Beat The Best រដូវកាលទី២ជាង៣ខែ លីន សោម៉ា បានចេញបទដំបូងរបស់ខ្លួនហើយ។ ទោះយ៉ាងណា បទទី១ក្នុងទ្រនំរស្មីហង្សមាស លីន សោម៉ា ទទួលរងនូវមតិចម្រុះពីសាធារណជនដោយអ្នកខ្លះក៏សរសើរ អ្នកខ្លះទៀតហាក់មិនសូវជាពេញចិត្តសំឡេងរបស់ សោម៉ា ដែលខុសប្លែកពីការប្រកួត និងមានមតិខ្លះទៀតថាបទដំបូងបែបនេះគួរមានការផ្ចត់ផ្ចង់ជាងនេះ។
បន្ទាប់ពីក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធី Beat The Best រដូវកាលទី២ លីន សោម៉ា បានលេចមុខតាមកម្មវិធីមួយចំនួននៅលើកញ្ចក់ទូរទស្សន៍ហង្សមាស ខណៈនាងនិងតារាចម្រៀង សួរ វិចិត្រ ហាក់បង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាញឹកញាប់។ ជាមួយគ្នានេះដែរ កាលពីយប់ថ្ងៃទី១៩ ខែកញ្ញា លីន សោម៉ា បានចេញបទដំបូងរបស់ខ្លួនហើយក្នុងនាមជាម្ចាស់ពាន។
បទដំបូងរបស់ម្ចាស់ពាន Beat The Best រដូវកាលទី២មានចំណងជើងថា «មិនចេះតាមដាន» ជាប្រភេទមនោសញ្ចេតនាត្រូវបានគូស្នេហ៍បោកប្រាស់និពន្ធទំនុកច្រៀងដោយ ឈិត តេងរិទ្ធ។ ទោះយ៉ាងណា បទនេះរបស់ សោម៉ា ទទួលរងនូវមតិចម្រុះពីសាធារណជនទាំងការសរសើរនិងការរិះគន់ផ្សេងៗ។
អ្នកខ្លះក៏សរសើរថាបទនេះពីរោះប្លែកជាដើមចំណែកអ្នកខ្លះទៀតបានលើកឡើងថា «ផ្ចិតផ្ចង់ជាងនេះ ហើយម្ចាស់បទ អត់សម្ដែងខ្លួនឯងទៀត មើលទៅអត់ទាក់ទាញព្រោះឃើញតែ អ្នកសម្ដែងអត់សូវឃើញ ម្ចាស់បទ (គេមើលនិងស្ដាប់តែម្ដងគេលែងចង់មើលទៀតហើយ, អរគុណ RHM តែសងសោម៉ា ខ្ញុំពីមុនមក ហេតុអី្វបទនេះវីដេអូការសម្ដែងតួអង្គទាក់ទាញតែឃើញតែវីដេអូចម្រៀង ឯអ្នកច្រៀងបាត់ភាពពីរោះអស់រលីញ គួរតែធ្វើឱ្យល្អល្អិតល្អន់ជាងនេះ ខ្ញុំក៏ហ្វេនប្អូនសោម៉ាដែរតែ១បទនេះទាក់ទាញតែMV ជាចម្រៀង ខកចិត្ត កែឡើងបាត់ភាពម្ចាស់សំឡេង សោមាខ្ញុំមិនមែនអ៊ីចឹងទេ»។
អ្នកផ្សេងទៀតបានលើកឡើងថា «ខ្ញុំក៏ហ្វេន សោម៉ា តែ ហ្វេនបទ រាជបុត្រា ( កាលប្រលង) ចុះបទនេះ សម្លេង សោម៉ា ទៅណាឆ្ងាយម្ល៉េះ, ខ្ញុំក៏ជា Fan គាត់ដែរ តែជាក់ស្តែងការ comment រិះគន់ក្នុងន័យស្ថាបនាគួរតែបើកចិត្តទូលាយ ។ បើតាមការស្តាប់ជាក់ស្តែងសម្លេងគាត់មានទឹកដមពីធម្មជាតិស្រាប់ហើយ តែហេតុអ្វីបានជាព្យាយាមកែសម្លេងយ៉ាងខ្លាំងស្តាប់ហើយមានអារម្មរណ៍អត់ដូចសម្លេងគាត់ គ្រលរៗ ឡងៗ គៀបខ្លាំងពេកដូចនេះបាត់ភាពពីរោះអស់»។
គួរបញ្ជាក់ផងដែរថា លីន សោម៉ា បានក្លាយជាម្ចាស់ពាន Beat The Best រដូវកាលទី២កាលពីយប់ថ្ងៃទី១ មិថុនា ។ សោម៉ា មានអាយុ២១ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ជានិស្សិតឆ្នាំទី២ផ្នែកគណនេយ្យពន្ធដារ ដោយមុនទទួលបានភាពជោគជ័យនេះ លីន សោម៉ា ធ្លាប់ឆ្លងកាត់ការប្រកួតជាច្រើនដង៕










