តារាសម្តែង Ella បានបង្ហើបប្រាប់អ្នកគាំទ្រទាំងព្រឹកបន្ទាប់ពីយប់មិញនាងបានទៅម៉ាតក្បែរផ្ទះទិញរបស់ញុំាជួបមនុស្សរោគចិត្ត។ ជួបហេតុការណ៍ស្រស់ៗខ្លួនឯងនេះ Ella ក៏បានដាស់តឿនស្រីៗដែលដើរម្នាក់ឯងនៅពេលយប់ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ហើយពាក្យមិនល្អរបស់មនុស្សរោគចិត្តនោះ Ella ថានៅតែរត់ពេញខួរក្បាលនាង។
នៅព្រឹកថ្ងៃទី២១ ខែកញ្ញា តារាសម្តែង Ella តួឯកស្រីក្នុងរឿង «ស្នាមញញឹមចុងក្រោយ» បានបង្ហោះសំណេរមួយថា «យប់ម្សិលមិញប្រហែលម៉ោង ៩យប់ ខ្ញុំទៅទិញរបស់ញុំានៅ Mart ជិតផ្ទះ។ ហើយមានពូម្នាក់ដើរជាមួយកូនក្មេងតូច២នាក់។ គាត់ដើរតាមខ្ញុំ មើលហើយញញឹមៗ តាំងពីខាងក្រៅចូលដល់ក្នុង។ប៉ុន្តែខ្ញុំគិតថាវាធម្មតា, ប្រហែលជាគាត់ដើររកទិញអីដែរ។ តែក៏អត់ចូលចិត្តកាយវិការគាត់ ចេះតែដើរគេចៗ។ បន្ទាប់មកគាត់ដើរតាមទៀត ហើយនិយាយថា «រាងអូនឯងស្អាត បើបានចាប់ពីក្រោយមិនដឹងល្អមិច»។ ខ្ញុំឮហើយក៏ងាកមើលមុខគាត់ តែគាត់ញញឹមឡើងរោគចិត្ត»។
ចុងក្រោយ តារាសម្តែង Ella បានបន្ថែមជាមួយនឹងសារដាស់តឿនទៅកាន់មនុស្សស្រីដើរម្នាក់ឯងពេលយប់ទាំងអស់ត្រូវមានការប្រុសប្រយ័ត្ន ខណៈនាងក៏បង្ហើបដែរថាពាក្យរបស់មនុស្សរោគចិត្តនោះនិយាយនៅតែរត់ក្នុងក្បាលនាង។
ចែករំលែករឿងនេះរួចអ្នកគាំទ្រនិងមិត្តភក្តិរបស់តារាសម្តែងរូបនេះក៏បានចូលទៅខម្មិនឱ្យប្រុងប្រយ័ត្នថែរក្សាខ្លួន អ្នកខ្លះថែមទាំងមានបំណងចង់ឱ្យមានរបស់ក៏ដូចជាហាត់ក្បាច់គុនដើម្បីការពារខ្លួនជាដើម។
មិនត្រឹមតែតារាសម្តែង Ella ប៉ុណ្ណោះទេធ្លាប់ជួបមនុស្សរោគចិត្តបែបនេះ ខណៈមាននារីៗមួយចំនួនក៏បានចែករំលែកនៅលើប្រព័ន្ធបណ្តាញសង្គមបានជួបនូវហេតុការណ៍ផ្សេងៗដើម្បីជាសារដាស់តឿនឱ្យមនុស្សស្រីមានការប្រុងប្រយ័ត្នខ្ពស់ពេលដើរនៅពេលយប់ ឬទីកន្លែងណាដែលពុំសូវមានមនុស្សច្រើន៕










