យោងតាមលិខិតរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះថ្ងៃទី ២ ខែកញ្ញា ដាក់ទៅលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ក្រសួង បានសម្រេចផ្អាកដំណើរការសកម្មភាពជាបណ្តោះអាសន្នរបស់ក្រុមហ៊ុនវារីអគ្គិសនីស្ទឹងមេទឹក ហាយដ្រូផៅវ័រ (Stung Meteuk Hydropower) ដែលមានទីតាំងស្ថិតក្នុងដែនជម្រកសត្វព្រៃសំកុស ភូមិសាស្ត្រខេត្តពោធិ៍សាត់ និងខេត្តកោះកុង។
ការផ្អាកនេះ ក៏ព្រោះតែក្រុមហ៊ុនវារីអគ្គិសនីរបស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ពុំបានអនុវត្តត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្ត ខ្លឹមសារណែនាំនៃសៀវភៅបន្ទុក ប្រមូលផល-អនុផលព្រៃឈើ និងការណែនាំរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ព្រមទាំងសមត្ថកិច្ចមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។
លើសពីនេះទៅទៀត ក្រុមហ៊ុនបានធ្វើសកម្មភាពល្មើសនឹងបទប្បញ្ញត្តិនៃក្រមបរិស្ថាន និង ធនធានធម្មជាតិម្តងហើយម្តងទៀតខុសពីកិច្ចសន្យាររហូតដល់ទៅបីលើក។
ក្នុងនោះរួមមានករណី ការដឹកជញ្ជូនឈើដោយគ្មានលិខិតអនុញ្ញាត,ការកាប់ ប្រមូលឈើក្រៅតំបន់បាតអាងវារីអគ្គិសនី និងការដឹកជញ្ចូន កែច្នៃឈើ ដែលមិនទាន់បង់ថ្លៃសួយសារ។
ហេតុដូច្នេះហើយ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏សម្រេចផ្អាកជាបណ្តោះអាសន្ននូវរាល់សកម្មភាពរបស់ក្រុមហ៊ុនស្ទឹងមេទឹកហាយដ្រូផៅវ័រ៕











