ស្របពេលដែលស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) គ្រោងនឹងសាងសង់នៅកណ្តាលឆ្នាំ២០២៥ ក្នុងទំហំទឹកប្រាក់ជាង២៥០លានដុល្លារ ពេលនេះភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការសាងសង់ស្ពានមួយទៀតភ្ជាប់ពីផ្លូវជាតិលេខ១ទៅតំបន់អរិយក្សត្រ។
កាលពីថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួង ចូលរួមកិច្ចប្រជុំលើប្រធានបទស្តីពី គម្រោងអាទិភាព ក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូងរបស់កម្ពុជា ដោយមានការចូលរួមពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។
នៅក្នុងកិច្ចប្រជុំនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) និងអង្គប្រជុំទាំងមូលបានឯកភាព-សម្រេចឱ្យមានការសិក្សាសមិទ្ធិលទ្ធភាពដំបូង លើការកែលម្អកំណាត់ផ្លូវជាតិលេខ១ ចាប់ពីស្ពានព្រះមុនីវង្ស ទៅដល់ស្ពានត្សឹបាសា និងការសាងសង់ស្ពានភ្ជាប់ពីតំបន់ផ្លូវជាតិលេខ ១ ឆ្លងកាត់ទន្លេមេគង្គឆ្ពោះទៅតំបន់អរិយក្សត្រ។
គួរបញ្ជាក់ផងដែរថា គម្រោងស្ពានផ្លូវជាតិលេខ១ ភ្ជាប់ទៅអរិយក្សត្រ ត្រូវបានសម្តេចធិបតីស្នើសុំទៅកាន់ភាគីជប៉ុនក្នុងឆ្នាំ២០២៣ ដោយសម្តេចមានប្រសាសន៍ថា៖ “ខ្ញុំសូមស្នើដល់មិត្តជប៉ុន តាមរយៈឯកឧត្តម អនុរដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ជួយពិនិត្យលទ្ធភាពក្នុងការគាំទ្រដល់ការគាំទ្រដល់ការអភិវឌ្ឍផ្លូវស្ពានបន្ថែមទៀត ដូចជាគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ១ និងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្តីតាកុយ-អរិយក្សត្រ”៕










