ប្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា អ្នកលេងបណ្តាញសង្គមថៃមួយចំនួនបានបង្ហោះរូបសំណាក Angel of Maesal ហើយសរសេរថា គឺជាទេពធីតាបង្កើតឱ្យមានទឹកជំនន់យ៉ាងខ្លាំងក្លា និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់ពលរដ្ឋនៅខេត្តឈៀងរ៉ៃ ។ លើសពីនេះ ពួកគេពុំជឿថា ទឹកជំនន់នៅខេត្តឈៀងរ៉ៃបណ្តាលមកពីឥទ្ធិពលខ្យល់ព្យុះ Yagi ទេ ។
នាពេលថ្មីៗនេះ ខេត្តឈៀងរ៉ាយរបស់ថៃបានរងគ្រោះដោយសារទឹកជំនន់យ៉ាងខ្លាំងក្លា ដែលថៃពុំធ្លាប់ជួបហេតុការណ៍បែបនេះពីមុនមក ។ ពលរដ្ឋថៃជាច្រើនគ្រួសារត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ខ្លួនភ្លាមៗ ខណៈអ្នកខ្លះទៀតជម្លៀសតែខ្លួន និងពុំអាចយកទ្រព្យសម្បត្តិទៅជាមួយបានទេ ។
នៅថ្ងៃទី១៦ ខែកញ្ញា កម្រិតទឹកជំនន់បានស្រកចុះខ្លះៗហើយនៅតាមតំបន់មួយចំនួន គឺនៅសល់តែគំនរភក់ និងមែកឈើបាក់ ។ រីឯតំបន់ខ្លះទៀតពុំអាចធ្វើដំណើរតាមផ្លូវបានទេ ដោយសារមានគំនរភក់បិទផ្លូវ ហើយអាជ្ញាធរបានបញ្ជូនស្បៀងអាហារ និងទឹកបរិសុទ្ធតាមឧទ្ធម្ភាគចក្រចែកឱ្យពលរដ្ឋរងគ្រោះ ។
ប៉ុន្តែអ្នកលេងបណ្តាញសង្គមថៃមួយចំនួនជឿថា មូលហេតុបណ្តាលឱ្យមានទឹកជំនន់ខ្លាំងនៅស្រុកមេសាយ ខេត្តឈៀងរ៉ៃ គឺដោយសារទេពធីតា Angel of Maesal ដែលតម្កល់នៅបរិវេណព្រំដែនប្រទេសថៃ និងមីយ៉ាន់ម៉ា បានបង្កើតទឹកជំនន់ ។ ពួកគេនិយាយថា វាពុំបានកើតឡើងដោយសារឥទ្ធិពលខ្យល់ព្យុះទីហ្វុង Yagi ឬបណ្តាលមកពីការកាប់បំផ្លាញព្រៃឈើទេ ហើយពួកគេសំណូមពរឱ្យអាជ្ញាធរយករូបសំណាកទេពធីតាចេញពីបរិវេណនេះ ។
ហ្វេសប៊ុកផេកឈ្មោះ PGerrard Eatnewshawk បានផ្សព្វផ្សាយវីដេអូអាជ្ញាធរយករូបសំណាកទេពធីតាចេញពីបរិវេណព្រំដែនថៃ-មីយ៉ាន់ម៉ា នៅស្រុកមេសាយ រួចរាល់ហើយ ដោយសារអាជ្ញាធរត្រូវសម្អាតបរិវេណនេះ ក្រោយមានទឹកជំនន់ខ្លាំង ។.png)
អ្នកលេង TikTok ម្នាក់បានបង្ហោះវីដេអូទេពធីតា Angel of Maesal ដែលត្រូវបានគេដឹកតាមរថយន្តធំមួយ ព្រមទាំងសរសេរថា ៖ «ទឹកជំនន់នៅស្រុកមេសាយ ខេត្តឈៀងរ៉ៃ លើកនេះ តើបណ្តាលមកពីទេពធីតាមែនទេ ឬជាស្នាដៃអ្នកណា? ហេតុអ្វីត្រូវយកទេពធីតាចេញពីទីនេះ?» ។
នៅថ្ងៃទី១៥ ខែកញ្ញា លោកសាស្ត្រាចារ្យឈ្មោះ ឆាឡឺមឆ័យ ខូស៊ិតផិផាត់ អ្នកតំណាងសិល្បករជាតិបាននិយាយពាក់ព័ន្ធនឹងករណីនេះថា ៖ «វាជារឿងឆ្កួតមួយ ហេតុអ្វីនាំគ្នាឆ្កួតបែបនេះ? បែរជាទៅបន្ទោសរូបសំណាកទៅវិញ ហើយភ័យខ្លាចខ្លាំងអីដល់ថ្នាក់នេះ? ខ្ញុំពុំយល់ថា តើរូបសំណាកអាចបង្កើតគ្រោះធម្មជាតិដោយរបៀបណា» ។
ហេតុនេះ លោកបានសំណូមពរឱ្យយករូបសំណាកទេពធីតាមកតម្កល់ក្នុងសារមន្ទីរសិល្បៈសហសម័យនៅស្រុកមឿងឈៀងរ៉ៃ ហើយរង់ចាំមើលថា តើសារមន្ទីរនេះនឹងមានគ្រោះថ្នាក់ដូចការលើកឡើងរបស់មនុស្សខ្លះដែរឬទេ?
គួរបញ្ជាក់ថា រូបសំណាកទេពធីតាដែលតម្កល់នៅបរិវេណព្រំដែនថៃ-មីយ៉ាន់ម៉ា នៅស្រុកមេសាយ ខេត្តឈៀងរ៉ៃ គឺសម្រាប់តំណាងឱ្យក្រុមជនជាតិផ្សេងៗ ។ រូបសំណាកនេះជាស្នាដៃរបស់សាស្តា្រចារ្យឈ្មោះ ក្រៃវុធ ដនចាក់ មកពីសមាគមសិល្បៈខេត្តឈៀងរ៉ៃ ។
ទឹកជំនន់បានជន់លិចបរិវេណច្រកព្រំដែនថៃ-មីយ៉ាន់ម៉ាយ៉ាងខ្លាំង ប៉ុន្តែរូបសំណាកទេពធីតាបែរជាពុំខូចខាតអ្វីទាំងអស់ ។ ហេតុនេះ ទើបពលរដ្ឋថៃមួយចំនួនទម្លាក់កំហុសលើរូបសំណាក និងជឿថា គឺជាមូលហេតុធ្វើឱ្យខេត្តឈៀងរ៉ៃមានគ្រោះទឹកជំនន់ ៕










