ធ្មិចបើកៗជិតដល់រដូវបុណ្យភ្ជុំបិណ្ឌហើយ ដែលជាពេលវេលាមនុស្សម្នាជួបជុំគ្រួសារ និងធ្វើដំណើរកម្សាន្តទៅកន្លែងទេសចរណ៍នានា។ ជឿថានៅរដូវនេះប្រិយមិត្តប្រាកដជាមានបំណងចង់ដើរលេងទៅតាមខេត្តជួបជុំបងប្អូន ឬមិត្តភក្តិហើយ ដូច្នេះថ្ងៃនេះយើងនឹងនាំលោកអ្នកមកស្គាល់កន្លែងទេសចរណ៍ល្បីៗ ក៏ដូចជាស្រស់ស្អាត និងលេចធ្លោខ្លាំងក្នុងខេត្តព្រះសីហនុ សូម្បីជនបរទេសក៏ពោលពាក្យសរសើរមិនដាច់ពីមាត់ដែរ ដែលកន្លែងទាំងនោះរួមមាន៖
១.រមណីដ្ឋានឆ្នេរអូរឈើទាល៖ រមណីយដ្ឋានឆ្នេរអូរឈើទាល ស្ថិតនៅក្នុងសង្កាត់ ៣ នៃខេត្តព្រះសីហនុ ក្រុងព្រះសីហនុ។ ឆ្នេរអូរឈើទាល ជាឆ្នេរដែលវែងជាងគេ និងជម្រៅទឹករាក រីឯបរិយាកាសជុំវិញគឺមានលក្ខណៈស្ងប់ស្ងាត់ ហើយសភាពទឹកសមុទ្រមានពណ៌ខៀវថ្លា អមដោយឆ្នេរខ្សាច់មានពណ៌សក្បោះ គឺជាកន្លែងដែលល្បីបំផុតក្នុងខេត្តព្រះសីហនុ។ ឆ្នេរនេះមិនសូវស្ងាត់ប៉ុន្មាននោះទេ ដោយសារមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ងូតទឹកកម្សាន្ដលេង ជិះម៉ូតូទឹក និងញ៉ាំអាហារសមុទ្រស្រស់ៗ មិនថានៅថ្ងៃធម្មតា ថ្ងៃចុងសប្ដាហ៍ ឬថ្ងៃបុណ្យទាននោះទេគឺតែងតែអ៊ូអ៊រជានិច្ច។ 
២.រមណីដ្ឋានក្បាលឆាយ៖ រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ក្បាលឆាយ មានទីតាំងស្ថិតនៅស្រុកព្រៃនប់មានចំងាយ ៧ គីឡូម៉ែត្រពីខេត្តព្រះសីហនុ បត់ឆ្វេង ៦ គីឡូម៉ែត្រទើបទៅដល់ទឹកធ្លាក់នេះ។ រមណីយដ្ឋាន «ទឹកធ្លាក់ក្បាលឆាយ» គឺជាប្រភេទទឹកជ្រោះឬទឹកធ្លាក់តាមបែបទេសចរណ៍ធម្មជាតិ កំពុងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករនារដូវវស្សានេះ ដោយសារសម្រស់ធម្មជាតិព្រៃព្រឹក្សាយ៉ាងស្រស់បំព្រង អមជាមួយនឹងវត្តមានទឹកធ្លាក់ពីលើភ្នំ និងផ្ទាំងថ្មដ៏ខ្ពស់ជាមួយទេសភាពខ្យល់អាកាសបរិសុទ្ធ ព្រៃឈើធំៗខ្ពស់ៗ និងភ្នំដ៏ស្រស់ស្អាត ក្នុងការទាក់ចិត្តភ្ញៀវទេសចរឱ្យទៅលេងកម្សាន្ត។ នៅទីនេះអ្នកអាច ហែលទឹក ឬលេងទឹក, ញុំអាហារឆ្ងាញ់ៗបែបស្រុកស្រែ, ដើរលេងថ្មើរជើង និងមានកន្លែងពិកនិចជាច្រើនផ្សេងទៀត។

៣.វត្តជោតញ្ញាណ ឬវត្តលើ៖ វត្តជោតញ្ញាណ ឬវត្តលើ មានទីតាំងស្ថិតនៅលើភ្នំមួយនៃខេត្តព្រះសីហនុដែលមានកម្ពស់ ១៣២ ម៉ែត្រ។ វត្តដ៏ចំណាស់មួយនេះគឺជាទីសក្ការរបស់ពុទ្ធសាសនិក និងជាកន្លែងដែលពលរដ្ឋនៅខេត្តព្រះសីហនុ ចូលចិត្តទៅលម្ហែអារម្មណ៍ស្រូបខ្យល់អាកាសបរិសុទ្ធ ជាពិសេសក៏ជាទីតាំងដ៏ល្អសម្រាប់ភ្ញៀវទេសចរ ដែលចង់មើលទេសភាពនៃទីក្រុងព្រះសីហនុបានយ៉ាងច្បាស់ល្អផងដែរ។
៤.ឧទ្យានរាម៖ ឧទ្យានជាតិរាម ស្ថិតនៅប្រហែលជា ១៨ គម ខាងកើតក្រុងព្រះសីហនុ ត្រូវបានគេស្គាល់ថាជាតំបន់អភិរក្ស។ ឧទ្យានជាតិនេះ ជាកន្លែងដ៏មានប្រជាប្រិយបំផុតក្នុងការផ្ដិតយកទិដ្ឋភាពផូរផង់ នៃធម្មជាតិ។ ទោះជាយ៉ាងណាឆ្នេរនៅឧទ្យានរាមមិនសូវមានភាពទាក់ទាញដូចបណ្តាឆ្នេរដទៃទៀតនោះទេ ដោយសារភាគច្រើនភ្ញៀវដែលមកកម្សាន្តច្រើនតែជិះហួសទៅ ហួសមក។ ប៉ុន្តែភាពស្ងប់ស្ងាត់នៃឆ្នេរមួយនេះ ក៏ជាចំណុចទាក់ទាញដែលអន្ទងចិត្តភ្ញៀវទេសចរមួយចំនួន ជ្រើសរើសជាកន្លែងសម្រាកលំហែកាយសម្រាប់ដំណើរកម្សាន្តមកខេត្តព្រះសីហនុ។ ឆ្នេរសំខាន់ៗនៅទីនោះរួមមានឆ្នេរចម្ការដូង ឆ្នេរបរិស្ថាន ឆ្នេរថ្មដុះ និងឆ្នេរព្រែកចាកជាដើម។.png)
ក្រៅពីរមណីយដ្ឋានល្បីៗខាងលើ ខេត្តព្រះសីហនុក៏មានតំបន់ទេសចរណ៍សប្បាយៗជាច្រើនទៀតផងដែរដូចជា ឆ្នេរអូរត្រេះ, កោះរ៉ុង, កោះរ៉ុងសន្លឹម, កោះទន្សាយ, កោះសង្សារ, កោះតាគៀវ រមណីដ្ឋានឆ្នេរប្រាំពីរជាន់ និងកន្លែងកម្សាន្តដ៏សម្បូរបែបជាច្រើនផ្សេងទៀត៕










