សហរដ្ឋអាមេរិក ៖ អាមេរិកបានរកឃើញអ្នកកើតជំងឺផ្តាសាយបក្សី ប៉ុន្តែពុំធ្លាប់ប៉ះពាល់បក្សីឈឺពីមុន ។ វាជាករណីដំបូងគេនៅអាមេរិក ប៉ុន្តែពុំទាន់មានការបញ្ជាក់ថា អ្នកជំងឺរូបនេះឆ្លងពីណាទេ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ។
កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ ព្រមទាំងនាយកដ្ឋានសេវាសុខភាពសាធារណៈនៅរដ្ឋ Missouri សហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាសថា មនុស្សម្នាក់រស់នៅរដ្ឋ Missouri បានត្រួតពិនិត្យឃើញកើតជំងឺផ្តាសាយបក្សី ។ ប៉ុន្តែអ្នកជំងឺនេះពុំធ្លាប់ប៉ះពាល់សត្វបក្សីឈឺឡើយ ហើយវាជាករណីដំបូងគេ ។
សេចក្តីប្រកាសនេះបញ្ជាក់ថា អ្នកជំងឺរូបនេះមានជំងឺប្រចាំកាយ និងបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាលពីថ្ងៃទី២២ ខែសីហា កន្លងមក ដោយទទួលបានថ្នាំព្យាបាលជំងឺផ្តាសាយបក្សី ។ បន្ទាប់មក អ្នកជំងឺក៏ជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យនាពេលបន្ទាប់ ។
ប៉ុន្តែដោយសារគ្រូពេទ្យសង្ស័យពីលទ្ធផលការធ្វើតេស្តលើកដំបូង ក៏បញ្ជូនអ្នកជំងឺនេះទៅត្រួតពិនិត្យបន្ថែមនៅបន្ទប់សាកល្បងរបស់រដ្ឋឃើញថា អ្នកជំងឺបានឆ្លងជំងឺផ្តាសាយបក្សី «H5» និងពុំមែនជាមេរោគគ្រុនផ្តាសាយទេ ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺបញ្ជាក់ថា ជំងឺនេះពុំទាន់ឆ្លងរាលដាលទៅមនុស្សនៅក្បែរអ្នកជំងឺទេ ។
អ្នកជំនាញបារម្ភយូរមកហើយថា ការកើនឡើងនៃចំនួនសត្វចិញ្ចឹមកូនដោយទឹកដោះ ដែលឆ្លងជំងឺផ្តាសាយបក្សីនៅអាមេរិកអាចធ្វើឱ្យជំងឺវិវត្តន៍ និងបណ្តាលឱ្យឆ្លងមនុស្សម្នា ។ អ្នកជំងឺនេះ គឺជាអ្នកឆ្លងជំងឺផ្តាសាយបក្សី ទី១៤ នៅអាមេរិកក្នុងឆ្នាំ២០២៤ ប៉ុន្តែជាអ្នកជំងឺផ្តាសាយបក្សីដំបូងគេ ដែលពុំធ្លាប់ប៉ះពាល់បក្សី ។ កាលពីឆ្នាំ២០២២ អ្នកជំងឺផ្តាសាយបក្សីភាគច្រើន គឺជាកម្មករក្នុងកសិដ្ឋានចិញ្ចឹមសត្វ ឬធ្វើការផ្នែកសត្វស្លាប ។

ចំណែកការិយាល័យសុខភាពសាធារណៈនៅរដ្ឋ Missouri បញ្ជាក់ថា កសិដ្ឋានចិញ្ចឹមសត្វក្នុងរដ្ឋនេះ គ្មានអ្នកកើតជំងឺផ្តាសាយបក្សីទេ ប៉ុន្តែមានសេចក្តីរាយការណ៍ថា មានឆ្លងមេរោគក្នុងកសិដ្ឋានចិញ្ចឹមសត្វស្លាប ឬឆ្លងមេរោគពីសត្វស្លាបព្រៃជាច្រើនករណី ហើយមនុស្សអាចឆ្លងជំងឺនេះពីបរិយាកាសកខ្វក់ ។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺបញ្ជាក់ថា គ្រោះថ្នាក់របស់ជំងឺផ្តាសាយបក្សីចំពោះសង្គមស្ថិតក្នុងកម្រិតទាបនៅឡើយ ដោយសារស្ថានការណ៍អាចផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ព្រោះអ្នកជំនាញ ឬគ្រូពេទ្យមានទិន្នន័យច្រើនជាងមុន ៕










