មួយរយៈកន្លងតារាចម្រៀង យឿន សូត្រអនុស្សាវរីយ៍ បានបង្ហោះយំសស្រាក់នៅលើបណ្តាញសង្គមមិនមែនតែម្តងប៉ុន្តែជាច្រើនដងដើម្បីដង្ហោយហៅប្រពន្ធកូនត្រឡប់មកវិញរហូតរត់ទៅចាក់សាក់រូបប្រពន្ធរបស់ខ្លួន។ ក្រោយពីទុក្ខសោកបាយមិននឹកទឹកមិនស្រេកដឹងពីកំហុសរបស់ខ្លួនពេលនេះ តារាចម្រៀងរូបនេះបានបញ្ជាក់ថាប្រពន្ធកូនរបស់លោកយល់ព្រមត្រឡប់មករកវិញហើយ។
នៅល្ងាចថ្ងៃទី១០ ខែកញ្ញា តារាចម្រៀង អនុស្សាវរីយ៍ បានបង្ហោះរូបពីរសន្លឹកអមដោយចំណងជើងថា «ថ្ងៃនេះខ្ញុំបានជួបនិងប្រពន្ធកូនខ្ញុំវិញហើយអរគុណបងថ្លៃអរគុណបងៗកូនស្រីប៉ា» ។ លោកបានបង្ហោះខ្លឹមសារមួយទៀតថា «លើកនេះប្តីសុំមើលថែអូននិងកូនឱ្យបានល្អបំផុត ជីវិតបងឱ្យអូនហើយ»។ ក្នុងគ្រាដែលប្រពន្ធអនុស្សាវរីយ៍វិលត្រឡប់មក វិញនេះលោក ជុំ លីណូ ក៏បានផ្តល់ដំបូន្មានដល់តារាចម្រៀងរូបនេះផងដែរ។

លោក ជុំ លីណូ រហ័សនាម Jakson ស្រុកខ្មែរ បានចែករំលែកការបង្ហោះរបស់ អនុស្សាវរីយ៍ ដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «បើប្អូនបានជួបជុំប្រពន្ធកូនវិញបងសូមចូលរួមត្រេកអរ ។ ហើយសូមប្អូនរក្សាអ្វីដែលយើងកំពុងមានឱ្យបានល្អកុំធ្វើអីតាមអារម្មណ៍ណាប្អូនប្រុស..»។
គួរបញ្ជាក់ថា កន្លងមកនៅពេលតារាចម្រៀង អនុស្សាវរីយ៍ បង្ហោះសុំឱ្យប្រពន្ធកូនវិលត្រឡប់មកវិញជាច្រើនដងដោយដឹងពីកំហុសរបស់ខ្លួនតារាចម្រៀង នេន ទុំ ក៏បានជួយឈឺឆ្អាល សុំឱ្យប្រពន្ធអនុស្សាវរីយ៍ផ្តល់ឱកាសឱ្យប្តីជាលើកទី២ រួមជាមួយពាក្យសម្តីលើកទឹកចិត្តទៅកាន់តារាចម្រៀងរូបនេះ។ ក្នុងការខលរវាង នេន ទុំ និងម្ចាស់បទ ទីងមោង អនុស្សាវរីយ៍ បានទទួលស្គាល់កំហុសថាធ្វើខុសច្រើនដាក់ប្រពន្ធលោកធ្ងន់ណាស់ លោកដឹងកំហុស។
នៅពេលតារាចម្រៀង អនុស្សាវរីយ៍ បង្ហាញទុក្ខលំបាកត្រូវប្រពន្ធចាកចោលជាសាធារណៈនេះ ប្រិយមិត្តអ្នកគាំទ្រទើបតែដឹងថាលោកមានប្រពន្ធមានកូនប៉ុណ្ណោះ ដោយសារកន្លងមកលោកហាក់មិនបានបង្ហាញឡើយថែមទាំងមានរឿងអាស្រូវជាមួយនារីម្នាក់ធ្វើការនៅប្រទេសកូរ៉េទៀត៕










