តៃវ៉ាន់ ៖ គំរបដបផ្លាស្ទិក, ប្រអប់ផ្លាស្ទិកដាក់ម្ហូបអាហារ, ស្លាបព្រា, សម និងសម្ភារៈក្មេងលេងប្រភេទផ្លាស្ទិកបានក្លាយជាផ្នែកមួយសម្រាប់ការផលិត ផលិតផលថ្មីនៅតៃវ៉ាន់ ។ ក្រុមហ៊ុនតៃវ៉ាន់ឈ្មោះ Miniwiz បានរៀបចំកម្មវិធីមួយឈ្មោះថា «Trash Kitchen» ដើម្បីឱ្យអ្នកចូលរួមទទួលបានបទពិសោធន៍កែច្នៃសំរាមទៅជាវ៉ែនតា ក្នុងរយៈពេលត្រឹមតែ២ម៉ោងប៉ុណ្ណោះ ។.png)
លោក Arthur Huang ជាស្ថាបិកក្រុមហ៊ុន Miniwiz បាននិយាយមកកាន់សារព័ត៌មាន Reuters ថា ៖ «យើងព្យាយាមបង្ហាញពី Trash Kitchen ដើម្បីឱ្យមនុស្សគ្រប់គ្នាបានឃើញ និងចូលរួមកែច្នៃកាកសំណល់ផ្លាស្ទិកទៅជាវត្ថុមានតម្លៃ ដោយចំណាយពេលខ្លីប៉ុណ្ណោះ ។ លើសពីនេះ វិធីកែច្នៃរបស់យើងពុំប៉ះពាល់បរិស្ថានទេ ប៉ុន្តែអ្នកចូលរួមនឹងបានឃើញដោយផ្ទាល់ភ្នែក អំពីវិធីកែច្នៃកាកសំណល់ផ្លាស្ទិកជាផលិតផលប្រើប្រាស់ប្រកបដោយនិរន្តរភាព» ។
លោក Arthur Huang ថែមទាំងបានកាន់កែវពិសោធន៍បែបវិទ្យាសាស្ត្រដាក់កាកសំណល់ផ្លាស្ទិក ដើម្បីយកទៅផលិតជាវ៉ែនតាក្នុងកម្មវិធី Trash Kitchen បង្ហាញអ្នកចូលរួមទៀតផង កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ។
ក្រៅពីការផលិតវ៉ែនតាហើយ ក្រុមហ៊ុន Miniwiz ក៏បានផលិតជាដែកព្យួរខោអាវ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនទៀតពីកាកសំណល់ផ្លាស្ទិក និងកាកសំណល់សរីរាង្គ ។ ការផលិតសម្ភារៈទាំងនេះបានប្រើប្រាស់ម៉ាស៊ីនឈ្មោះថា miniTrashpresso ដែលផលិតឡើងកាលពីឆ្នាំ២០១៧ ។
រីឯ Cora Xia ជានិពន្ធនាយកទស្សនាវដ្តី Harper’s Bazaar Taiwan ដែលផ្សព្វផ្សាយពីការច្នៃម៉ូដផលិតផលនិយាយថា គម្រោងកែច្នៃកាកសំណល់ផ្លាស្ទិកជាវ៉ែនតា គឺជាគំនិតផ្តួចផ្តើមដ៏ល្អមួយដើម្បីគាំទ្រម៉ូដផលិតផលប្រកបដោយនិរន្តរភាព ។ គម្រោងនេះនឹងអាចការពារបរិស្ថានពិភពលោក ហើយអតិថិជនគួរតែទទួលបានបទពិសោធន៍ទាំងនេះ ដោយសារវាមានប្រយោជន៍ខ្លាំង ។
អ្នកចូលរួមកម្មវិធី «Trash Kitchen» និយាយថា កម្មវិធីនេះបានជួយឱ្យពួកគេគិតបានគ្រប់ជ្រុងជ្រោយក្នុងការបោះចោលសំរាម និងយកចិត្តទុកដាក់ពីការកែច្នៃសំរាមទាំងនេះទៅជាផលិតផលប្រើប្រាស់មានតម្លៃ ។
ស្ត្រីជាម្ចាស់អាជីវកម្មម្នាក់ឈ្មោះ Debbie Wu អាយុ៤០ឆ្នាំ និយាយថា ៖ «ខ្ញុំមានកូន២នាក់ ហើយខ្ញុំចាប់ផ្តើមគិតពីអនាគតរបស់ពួកគេ ។ បើអ្នកបោះចោលសំរាមផ្តេសផ្តាសនោះ គឺស្មើនឹងអ្នកបង្កើតបញ្ហាដល់សង្គមរយៈពេលយូរ ។ ប៉ុន្តែបើយើងផ្លាស់ប្តូរទម្លាប់ងាកមកប្រើប្រាស់ផ្លាស្ទិកតិចជាងមុន វានឹងជួយឱ្យមានការផ្លាស់ប្តូរដ៏ធំបាន» ។ 
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ពលរដ្ឋតៃវ៉ាន់បានបោះសំរាមផ្លាស្ទិករហូតដល់ជាង១១លានតោន ក្នុងនោះសំរាមដែលអាចកែច្នៃឡើងវិញស្មើជាង៦លានតោន ។ នេះបើតាមទិន្នន័យរបស់ក្រសួងបរិស្ថានតៃវ៉ាន់ ៕










