ប្រទេសកូរ៉េខាងត្បូង ៖ រយៈពេលជាច្រើនខែកន្លងមក សារព័ត៌មានកូរ៉េខាងត្បូងតែងតែចុះផ្សាយពីការបញ្ជូនបាឡុងរបស់កូរ៉េខាងជើងមកប្រទេសខ្លួនជាញឹកញាប់ ដែលបាឡុងទាំងនេះដាក់សំរាមគ្រប់ប្រភេទ ពេលខ្លះ ថែមទាំងមានលាម.ក ទៀតផង ។ ហេតុនេះ កូរ៉េខាងត្បូងបានព្យាយាមរកវិធានការឆ្លើយតបវិញ ដូចជា ៖ ការចាក់មេក្រូបំពងសំឡេងនៅតាមតំបន់ព្រំដែន ដើម្បីឱ្យកូរ៉េខាងជើងឈប់ធ្វើបែបនេះ ។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងឱ្យដឹងថា កូរ៉េខាងជើងបានបញ្ជូនបាឡុងសំរាម និងផ្លាស្ទិកឆ្លងកាត់ព្រំដែនមកកូរ៉េខាងត្បូងជាបន្តបន្ទាប់ ហើយកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ កូរ៉េខាងជើងបានបញ្ជូនបាឡុងចំនួន៤២០ មកកូរ៉េខាងត្បូង ។ លើសពីនេះ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា មានបាឡុងកូរ៉េខាងជើងមួយចំនួនទៀតធ្លាក់នៅកូរ៉េខាងត្បូង ។
រីឯមន្ត្រីកូរ៉េខាងត្បូងបញ្ជាក់ថា កូរ៉េខាងជើងបានបញ្ជូនបាឡុងសំរាមប្រមាណ២០ មកឱ្យកូរ៉េខាងត្បូង ហើយបាឡុងភាគច្រើនបានធ្លាក់នៅខេត្តយ៉ុងគី ស្ថិតនៅភាគខាងជើងប្រទេស ខណៈបាឡុងមួយចំនួនធ្លាក់នៅទីក្រុងសេអ៊ូល ។ តាំងពីចុងខែឧសភា ឆ្នាំ២០២៤ កូរ៉េខាងជើងបានបញ្ជូនបាឡុងសំរាម ចំនួន១៣លើក មកកូរ៉េខាងត្បូង សរុបស្មើជាង៣.៨០០បាឡុង ។
ការបញ្ជូនបាឡុងពីកូរ៉េខាងជើងលើកចុងក្រោយនេះ គឺបានកើតឡើងក្រោយពីទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលជាច្រើនឆ្នាំ ។ ការបញ្ជូនបាឡុងសំរាមពីកូរ៉េខាងជើង ក៏ស្របពេលកូរ៉េខាងជើងទើបតែប្រកាសពង្រាយមីស៊ីលចំនួន២៥០គ្រឿង នៅតាមព្រំដែនភាគខាងត្បូងផងដែរ ។
លោក Kim Hong-kyun អនុរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងថ្លែងថា ៖ «ប្រទេសកូរ៉េខាងជើងនៅតែពុំបញ្ឈប់ការអភិវឌ្ឍសមត្ថភាពអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ហើយកូរ៉េខាងជើងថែមទាំងរំខានដល់ប្រព័ន្ធ GPS និងបញ្ជូនបាឡុងសំរាមមកកាន់តំបន់ព្រំដែនជាញឹកញាប់» ។
ស្ថានការណ៍នេះបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងបានរៀបចំផែនការបង្កចលាចលទ្រង់ទ្រាយធំ នៅមុនពេល និងក្រោយពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AFP កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ៕










