លោហៈគឺជាវត្ថុធាតុរឹងដែលសម្រាំងចេញពីរ៉ែមានតម្លៃដូចជាលោកហៈដែក, ស្ពាន់, ទង់ដែង, លង់ហិន, សំរឹទ្ធិ, ទង់ហ្វ៊ា, និងមាស។ បើនិយាយពីលោហៈដែលកម្រ និងថ្លៃជាងគេបំផុតក្នុងលោកនោះ ប្រហែលជាអ្នកគិតថាជាមាសហើយ មាសគឺជាលោហៈដ៏កម្រ និងមានតម្លៃថ្លៃ ប៉ុន្តែមានលោហៈមួយទៀតដែលមានតម្លៃថ្លៃជាងមាសទ្វេដង ហើយវាក៏ជាវត្ថុដ៏កម្របំផុតផងដែរនោះគឺ រ៉ូដ្យូម។ គិតត្រឹមខែមីនា ឆ្នាំ ២០២៣ រ៉ូដ្យូមមានតម្លៃរហូតដល់ ១០,៣០០ ដុល្លារអាមេរិកក្នុងមួយអោន ខណៈមាសមានតម្លៃត្រឹមតែ ១,៨៥០ ដុល្លារក្នុងមួយអោនប៉ុណ្ណោះ។
យោងតាម Royal Society of Chemistry (RSC) រ៉ូដ្យូមគឺមានវត្តមាននៅដង់ស៊ីតេតិចណាស់ក្នុងសំបកផែនដី ខណៈដែលមាសគឺមានច្រើនក្រៃលែង។ រ៉ូដ្យូមគឺជាកម្មសិទ្ធិរបស់ក្រុមប្លាទីន ឬគេហៅថាប្លាទីនរ៉ូដ្យូម រួមជាមួយនឹងប្លាទីន ប៉ាឡាដ្យូម អូស្មៀម អ៊ីរីដ្យូម និងរូទីញ៉ូម។ ជាមួយនឹងភាពរឹង និងចំណុចរលាយខ្ពស់របស់វា – ១,៩៦៤ អង្សាសេ និងមិនរលាយក្នុងអាស៊ីដភាគច្រើន រ៉ូដ្យូមមានប្រយោជន៍ខ្លាំងណាស់សម្រាប់រថយន្ត យន្តហោះ កុងតាក់អគ្គិសនី ខ្សែភ្លើងធន់ទ្រាំ និងទែរម៉ូកូបសីតុណ្ហភាពខ្ពស់ ហើយវាក៏អាចផលិតទៅជាគ្រឿងអលង្ការដ៏មានតម្លៃខ្ពស់កប់ពពកផងដែរ។
បច្ចុប្បន្ននេះ រ៉ូដ្យូមត្រូវបានប្រើប្រាស់ជាចម្បងនៅក្នុងសារធាតុបន្សាបផ្សែងរថយន្ត ដើម្បីកាត់បន្ថយការបំភាយជាតិពុល។ នៅខាងក្នុងឧបករណ៍បន្សាបឧស្ម័នផ្សែងរបស់រថយន្តគឺផ្សំឡើងពីលោហធាតុដ៏មានតម្លៃប្លាទីន ប៉ាឡាដ្យូម និងរ៉ូដ្យូម។ ដូច្នេះហើយតើអ្នកដឹងទេថា នរណាជាអ្នករកឃើញរ៉ូដ្យូមដំបូងគេបង្អស់? សម្រាប់ចម្លើយនោះគឺលោក William Hyde Wollaston ដែលជាគីមីវិទូជនជាតិអង់គ្លេស បានរកឃើញរ៉ូដ្យូមដំបូងគេបង្អស់នៅក្នុងឆ្នាំ ១៨០៣។ លោកបានទាញយកធាតុពីបំណែកនៃរ៉ែប្លាទីននៅអាមេរិកខាងត្បូង ហើយមិនយូរប៉ុន្មានលោកក៏បានរកឃើញលោហៈមួយទៀតនៅក្នុងក្រុមប្លាទីនគឺ palladium។
Rhodium ត្រូវបានបំបែកចេញពីគំរូរ៉ែដោយយកប្លាទីន និង palladium ចេញដោយបន្សល់ទុកនូវម្សៅពណ៌ក្រហមងងឹត។ ការព្យាបាលឧស្ម័នអ៊ីដ្រូសែននៃម្សៅបង្ហាញពីលោហៈដ៏មានតម្លៃនៃរ៉ូដ្យូម។ ហេតុនេះឈ្មោះ Rhodium មកពី “rhodon” ដែលមានន័យថាផ្កាកុលាបជាភាសាក្រិក ឈ្មោះនេះសំដៅទៅលើពណ៌ក្រហមនៃអំបិលដែកដ៏កម្របំផុតមួយនៅលើផែនដី៕










