ថ្មីៗនេះការសិក្សាមួយពីសហរដ្ឋអាមេរិកបានរកឃើញសារធាតុមីក្រូប្លាស្ទិកដែលមាននៅក្នុងខួរក្បាលមនុស្សជាលើកដំបូង ដែលការរកឃើញនេះគឺជាការភ្ញាក់ផ្អើលមួយ និងគួរឱ្យព្រួយបារម្ភបំផុត។ យើងគ្រប់គ្នាដឹងហើយថា មីក្រូប្លាស្ទិកគឺភាគល្អិតតូចៗ មានទំហំតិចជាង ៥ មីលីម៉ែត្រ ដែលអាចបង្កឱ្យមានបញ្ហាសុខភាពនៅពេលដែលវាជ្រាបចូលទៅក្នុងខ្លួនមនុស្ស។ ដូច្នេះនៅពេលដែលមីក្រូប្លាស្ទិកបានជ្រាបចូលទៅក្នុងរាងកាយមនុស្ស ជាពិសេសគឺខួរក្បាល នឹងបណ្តាលឱ្យមានការរលាកខួរក្បាល ធ្វើឱ្យខូចកោសិកា ផ្លាស់ប្តូរការបញ្ចេញហ្សែន និងផ្លាស់ប្តូររចនាសម្ព័ន្ធខួរក្បាល។ ក្រៅពីនេះ វាក៏អាចផ្ទុកជាតិពុល ឬបាក់តេរីពីបរិស្ថាន ដែលបង្កហានិភ័យដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរបំផុតផងដែរ។ 
តើមូលហេតុអ្វីដែលធ្វើឱ្យមីក្រូប្លាស្ទិកអាចជ្រាបចូលទៅក្នុងរាងកាយមនុស្ស? ជាការពិតណាស់មីក្រូប្លាស្ទិក គឺតែងតែមានវត្តមាននៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង តាំងពីសំលៀកបំពាក់ រថយន្ត ទូរស័ព្ទដៃ រហូតដល់ដបទឹក និងធុងដាក់អាហារ និយាយរួមទៅមីក្រូផ្លាស្ទិចគឺមានគ្រប់ទីកន្លែងនៅក្នុងបរិស្ថានតែម្តង។ មូលហេតុដែលភាគល្អិតតូចៗនេះតែងតែមានគ្រប់ទីន្លែង គឺដោយសារមនុស្សយើងប្រើប្រាស់ពពួកប្លាស្ទិកជារៀងរាល់ថ្ងៃ ដែលពពួកទាំងនេះហើយអាចធ្វើឱ្យបរិស្ថានប្រែប្រួល ដូច្នេះយើងជៀសមិនផុតពីការប៉ះពាល់វានោះទេ។ ហេតុនេះមីក្រូប្លាស្ទីកច្រើនតែចូលក្នុងខ្លួនមនុស្សតាមរយៈអាហារ និងទឹកដែលមានមេរោគ។
ទោះជាយ៉ាងណាក៏ដោយ យើងអាចចាត់វិធានការដើម្បីកាត់បន្ថយការប៉ះពាល់ដូចជា ជៀសវាងអាហារ និងភេសជ្ជៈដែលខ្ចប់ក្នុងផ្លាស្ទិចប្រើតែមួយដង ឬជៀសវាងការកំដៅអាហារឡើងវិញក្នុងធុងប្លាស្ទិក។ លើសពីនេះ ការកាត់បន្ថយការប្រើប្រាស់សរសៃសំយោគក្នុងសម្លៀកបំពាក់ និងក្នុងផ្ទះក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាពផងដែរ។ ខណៈពេលដែលយើងរង់ចាំភស្តុតាងវិទ្យាសាស្រ្តបន្ថែមទៀតដើម្បីយល់កាន់តែច្បាស់ពីផលប៉ះពាល់នៃមីក្រូប្លាស្ទីកលើសុខភាពមនុស្ស វិធានការកាត់បន្ថយការប៉ះពាល់ផ្លាស្ទិក និងកាកសំណល់គឺចាំបាច់ដើម្បីការពារបរិស្ថាន និងសុខភាពសហគមន៍។
គួរបញ្ជាក់ដែរថា មីក្រូប្លាស្ទិកមិនមែនទើបតែជ្រាបចូលទៅក្នុងខួរក្បាលមនុស្សនោះទេ កាលពីឆ្នាំ ២០១៨ វាក៏ត្រូវបានគេរកឃើញនៅក្នុងលាមកមនុស្សផងដែរ ដោយពួកវាអាចប៉ះពាល់ដល់អតិសុខុមប្រាណនៃពោះវៀនដែលបណ្តាលឱ្យរលាក លើសពីនេះមីក្រូផ្លាស្ទិចក៏អាចស្រូបចូលតាមខ្យល់ផងដែរ។ ហើយក្នុងខែមីនា ឆ្នាំ ២០២២ គេក៏បានរកឃើញមីក្រូប្លាស្ទិកនៅក្នុងសួត និងឈាមរបស់មនុស្សទៀតផង នៅពេលដែលភាគល្អិតទាំងនេះចូលទៅក្នុងពោះវៀន ឬសួត ពួកវាអាចផ្លាស់ទីទៅក្នុងចរន្តឈាម និងរាលដាលដល់សរីរាង្គផ្សេងៗទៀត៕










