កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា មុនពេលចាប់ខ្លួន លោក Pavel Durov មហាសេដ្ឋីវ័យក្មេងអាយុ៣៩ឆ្នាំ និងជាស្ថាបនិក Telegram កម្មវិធីផ្ញើសារដ៏ពេញនិយមនិយាយថា លោកបានធ្វើជាឪពុករបស់ក្មេងនៅទូទាំងពិភពលោក រហូតដល់ជាង១០០នាក់ ។
លោក Pavel Durov បានល្បីល្បាញពាសពេញពិភពលោក ក្រោយពីត្រូវបានចាប់ខ្លួននៅប្រទេសបារាំង កាលពីថ្ងៃទី២៤ ខែសីហា កន្លងមក ពាក់ព័ន្ធនឹងករណីឆបោក និងបណ្តោយឱ្យក្រុមឧក្រិដ្ឋជនយក Telegram ប្រើប្រាស់ជាប្រយោជន៍ ។
មុនការចាប់ខ្លួន លោក Pavel Durov បានសរសេរនៅក្នុង Telegram ថា លោកជាឪពុករបស់ក្មេងជាង១០០នាក់ ដែលរស់នៅប្រទេសចំនួន១២ លើពិភពលោក ។ រយៈពេលជាង១៥ឆ្នាំកន្លងមកនេះ លោកពុំធ្លាប់រៀបការជាមួយនារីណាម្នាក់ឡើយ ហើយលោកចូលចិត្តរស់នៅម្នាក់ឯង ។
លោកបន្តថា ដំណើរជីវិតរបស់លោកក្លាយជាឪពុកក្មេងដ៏ច្រើនបែបនេះ គឺចាប់ផ្តើមកាលពី១៥ឆ្នាំមុន ។ មិត្តភក្តិជិតស្និទ្ធរបស់លោកពិបាកមានកូន និងសូមឱ្យលោកជួយបរិច្ចាគមេជីវិតឱ្យនាង ពេលនោះ គ្រូពេទ្យនៅគ្លីនិកមួយកន្លែងប្រាប់ថា អ្នកបរិច្ចាគមេជីវិតឈ្មោលដែលអាចផ្តល់កំណើតដល់ទារកកំពុងតែខ្វះខាត ។ ហេតុនេះ ទើបលោកសម្រេចចិត្តជួយមិត្តភក្តិ ហើយការបរិច្ចាគរបស់លោកអាចជួយប្តី-ប្រពន្ធ ដែលពិបាកមានកូននៅទូទាំងពិភពលោក ។
លោកនិយាយទាំងអស់សំណើចថា ស្តាប់មើលទៅ ដូចជាឆ្កួតបំផុត ប៉ុន្តែខ្ញុំបានចុះឈ្មោះផ្តល់ជំនួយមេជីវិតឈ្មោលរហូតដល់បច្ចុប្បន្ន ។ គេផ្តល់ដំណឹងមកខ្ញុំថា ការបរិច្ចាគរបស់ខ្ញុំបានជួយប្តី-ប្រពន្ធរហូតដល់១០០គូឯណោះនៅប្រទេសចំនួន១២ ។ ក្រៅពីនេះ គ្លីនិកផ្នែកចិញ្ចឹមទារកក្នុងកែវ និយាយថា កំពុងក្លាសេមេជីវិតរបស់លោក ដើម្បីផ្តល់ឱ្យគ្រួសារណាពិបាកមានកូន ។
បច្ចុប្បន្ន លោកមានគម្រោងបង្ហាញព័ត៌មាន DNA របស់ខ្លួនជាសាធារណៈ ដើម្បីជួយឱ្យកូនៗជាប់សាច់ឈាមលោកងាយស្រួលស្វែងរកគ្នា ពីព្រោះតាមធម្មតា ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកបរិច្ចាគមេជីវិត និងអ្នកទទួល គឺពុំបង្ហាញជាសាធារណៈទេ ។ លោកដឹងថា ការបរិច្ចាគបែបនេះប្រថុយប្រថាន ប៉ុន្តែលោកមិនសោកស្តាយចំពោះការបរិច្ចាគកន្លងមកទេ ។
ការចាប់ខ្លួនលោក Pavel Durov គឺបណ្តាលមកពី Telegram ដែលលោកជាអ្នកបង្កើតឡើង ដោយលោកទទួលការចោទប្រកាន់ថា ពាក់ព័ន្ធនឹងករណីទាក់ទាញក្រុមឧក្រិដ្ឋជនមកប្រើប្រាស់ Telegram រហូតមានការរិះគន់ពេញពិភពលោក ។ ក្រៅពីនេះ គេចោទប្រកាន់ថា លោកបង្កើត Telegram សម្រាប់ជាកន្លែងលាក់ខ្លួនរបស់ពួកឧក្រិដ្ឋជន, ជួញដូរថ្នាំញៀន, ជួញដូរមនុស្ស និងផ្សព្វផ្សាយព័ត៌មានពុំសមរម្យប៉ះពាល់កុមារ ៕










