បន្ទាប់ពីបំបែកកំណត់ត្រាដោយបានប៊ូតុងមាសភ្លាមៗពីយូធូប កីឡាករបាល់ទាត់ឆ្នើម Cristiano Ronaldo ក៏បានបង្កើតកំណត់ត្រាថ្មីពី Guinness World Records ផងដែរសម្រាប់អ្នកជាវ YouTube ច្រើនបំផុតក្នុងរយៈពេល ២៤ ម៉ោង។
នៅលើគេហទំព័រ Guinness World Records កាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៤ ថ្មីៗនេះបានវាយតម្លៃថា Cristiano Ronaldo គឺជាបុគ្គលតែម្នាក់គត់ដែលមានអ្នក Subscribe រហូតដល់ជិត ២០ លាននាក់ក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់បំផុតនៅលើពិភពលោក។
នេះមានន័យថាឆានែលរបស់ Ronaldo គឺមានអ្នក Subscriber លឿនបំផុត និងច្រើនបំផុតមិនធ្លាប់មានដែលអាចទទួលបានអ្នកជាវ ១០០,០០០ នាក់ ដោយប្រើពេលត្រឹមតែ ២២ នាទីប៉ុណ្ណោះ និង ១ លាននាក់ក្នុងរយៈពេល ៤៧ នាទី រួមទាំង ១០ លាននាក់ក្នុងរយៈពេល ១១ ម៉ោងក៏ដូចជាជិត ២០ លាននាក់ក្នុងមួយថ្ងៃ។ ដូច្នេះបច្ចុប្បន្ន Channel YouTube របស់ខ្សែប្រយុទ្ធរូបនេះគឺមានអ្នក Subscribe ជិត ៥២ លាននាក់ហើយត្រឹមរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីបើកដំណើរការ។ 
គួររំលឹកផងដែរថា ខ្សែប្រយុទ្ធ CR7 បានបង្កើត Channel យូធូបផ្លូវការរបស់ខ្លួនជាលើកដំបូង ដែលមានឈ្មោះថា «UR Cristiano» កាលពីអាទិត្យមុនថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៤ បានធ្វើឱ្យអ្នកគាំទ្រជុំវិញពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារលោកបង្កើតត្រឹមតែកន្លះថ្ងៃប៉ុណ្ណោះ មានអ្នកជាវរហូតដល់ ១១ លាននាក់ ហើយក៏ទទួលបានប៊ូតុងមាសភ្លាមៗពីយូធូបផងដែរ។ កំណត់ត្រាពិភពលោក Guinness ក៏បានទទួលស្គាល់ដែរថា Ronaldo មានអ្នក Follow ច្រើនជាងគេនៅលើ Instagram ជាមួយនឹង ៦៣៧ លាននាក់ ហើយក៏ជាមនុស្សដំបូងគេដែលឈានដល់ ៥០០ លាននាក់នៅលើវេទិកានេះក្នុងខែវិច្ឆិកា ឆ្នាំ ២០២២។ 
លោកក៏ជាម្ចាស់គណនី Facebook ដែលមានអ្នកគាំទ្រ ១៧០ លាននាក់ និងគណនី X ដែលមានអ្នកតាមដាន ១១២ លាននាក់ផងដែរ។ នៅក្នុងវិស័យបាល់ទាត់ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះក៏បានបង្កើតកំណត់ត្រា Guinness សម្រាប់កីឡាករបុរសដែលស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតក្នុងការប្រកួតបាល់ទាត់អន្តរជាតិដោយបុគ្គលក្នុងឆ្នាំ ២០២១ ទៀតផង៕










