មនុស្សមួយចំនួនបានដើរទៅឱបដើមឈើយ៉ាងស្ងៀមស្ងាត់មួយសន្ទុះធំ តើលោកអ្នកដឹងទេថា ហេតុអ្វីទើបពួកគេធ្វើបែបនេះ? វាពុំមែនជាទង្វើខុសប្រក្រតីទេ បើយើងដឹងថា ដើមឈើជាអ្វី, ដើមឈើទាក់ទងគ្នាដោយរបៀបណា ហើយវាផ្តល់ប្រយោជន៍អ្វីខ្លះ?
ដើមឈើនីមួយៗបានចាក់ឫសទៅក្នុងដីយ៉ាងជ្រៅ និងស្រូបយកជីវជាតិពីក្នុងដី ដើម្បីឱ្យដើមរបស់វាដុះលូតលាស់ល្អ ។ ដើមឈើបានទាក់ទងគ្នាតាមរយៈការចាក់ឫសក្នុងដី ហើយពេលយើងឱបដើមឈើ កម្លាំងថាមពលដែលវាស្រូបពីក្នុងដីនឹងបញ្ជូនមកខ្លួនយើង ខណៈជើងរបស់យើងជាន់នៅលើដី ។ យើងនឹងមានអារម្មណ៍ថា បានក្លាយជាចំណែកមួយនៃកម្លាំងថាមពលទាំងនេះ ក្រោយពីបានឱបដើមឈើ ។
ការឱបដើមឈើ ស្តាប់មើលទៅដូចជារឿងកំប្លែងបន្តិច ប៉ុន្តែការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្របញ្ជាក់ថា វាផ្តល់នូវប្រយោជន៍ច្រើនដល់មនុស្ស និងពិភពលោក មិនគួរឱ្យជឿ ។ ការឱប ឬការដើរទៅជិតដើមឈើ គឺអាចជួយព្យាបាលសុខភាពផ្លូវចិត្តយ៉ាងល្អ ។
តាមសៀវភៅ Blind by Science និពន្ធដោយ Matthew Silverstone បញ្ជាក់ថា ដើមឈើផ្តល់ប្រយោជន៍ដល់សុខភាពផ្លូវចិត្តរបស់អ្នកជំងឺផ្លូវចិត្ត, ជួយកាត់បន្ថយភាពតានតឹងសម្រាប់អ្នកមានសមាធិខ្លី ។ ការស្រាវជ្រាវបញ្ជាក់ទៀតថា អារម្មណ៍របស់កុមារនឹងល្អប្រសើរឡើង ពេលពួកគេបានប៉ះពាល់ដើមឈើ និងស្ថិតនៅតំបន់ពណ៌បៃតង ។
លើសពីនេះ ការឱបដើមឈើនឹងបង្កើនកម្រិតអរម៉ូនអុកស៊ីតូស៊ីន ដោយសារអរម៉ូននេះមានតួនាទីធ្វើឱ្យអារម្មណ៍ស្ងប់ និងកាន់តែមានសេចក្តីសុខពេលបានឱបដើមឈើ ។ ហេតុនេះ ដើមឈើមិនត្រឹមតែផ្តល់ប្រយោជន៍សម្រាប់រក្សាតុល្យភាពក្នុងប្រព័ន្ធអេកូឡូស៊ីប៉ុណ្ណោះទេ ប៉ុន្តែវាអាចព្យាបាលផ្លូវចិត្តមនុស្សបានយ៉ាងល្អទៀតផង ។
ការឱបដើមឈើអាចជារឿងប្លែកៗ ប៉ុន្តែមនុស្សយើងបានឱបដើមឈើដើម្បីព្យាបាលផ្លូវចិត្តតាមធម្មជាតិអស់ជាច្រើនឆ្នាំមកហើយ ។ ជាក់ស្តែង កាលពីប៉ុន្មានឆ្នាំមុន ប្រទេសអ៊ីស្រាអែលបានជំរុញឱ្យពលរដ្ឋឱបដើមឈើ ហើយភ្នាក់ងារធម្មជាតិ និងឧទ្យានជាតិបានគាំទ្រគម្រោងឱបដើមឈើនេះ ។
លោកស្រី Orit Steinfeld មន្ត្រីឧទ្យានជាតិ Apollonia National Park របស់អ៊ីស្រាអែល និយាយថា មនុស្សគ្រប់រូបគួរតែផ្តោតសំខាន់លើធម្មជាតិ ដោយការឱបដើមឈើដកដង្ហើមវែងៗ ដើម្បីបង្ហាញក្តីស្រឡាញ់ធម្មជាតិ និងទទួលយកក្តីស្រឡាញ់ពីធម្មជាតិវិញ ។
អ្នកស្រី Barbara Grant បានមកសាកល្បងឱបដើមឈើ និយាយថា តម្រូវការមូលដ្ឋានដែលមនុស្សត្រូវការខ្លាំងបំផុត គឺទំនាក់ទំនង, ការប៉ះពាល់ និងការឱប ។ រីឯលោក Moshe Hazan ប្រាប់ថា លោកបានទៅឧទ្យានជាតិដើម្បីឱបដើមឈើ ដោយសាររាល់ថ្ងៃនេះ យើងពុំបានឱបមនុស្សច្រើនទេ ។ ដូច្នេះ ការឱបដើមឈើជារឿងល្អបំផុត ដែលយើងគ្រប់គ្នាគួរធ្វើ ។
ចំណែកប្រទេសអ៊ីស្លង់ ក៏បានណែនាំឱ្យពលរដ្ឋឱបដើមឈើដែរ គឺគួរតែឱបដើមឈើ យ៉ាងហោចណាស់ ៥នាទីក្នុង១ថ្ងៃ ។ ដូចគ្នានេះ ប្រទេសជប៉ុនបានណែនាំឱ្យពលរដ្ឋចំណាយពេលវេលានៅក្នុងព្រៃ, ស្តាប់សំឡេងធម្មជាតិ, ស្រូបក្លិនក្រអូបពីធម្មជាតិ និងភ្ជាប់ទំនាក់ទំនងជាមួយកម្លាំងថាមពលធម្មជាតិទាំងនេះ ៕
		
	









