ភឹម ស្រីនោ ចាប់តាំងពីផ្ទេរតំណែងរបស់ខ្លួនកាលពីខែកក្កដា កន្លងមកនេះត្រូវបានកត់សម្គាល់ឃើញថាបង្ហាញសកម្មភាពច្រើនជាងមុន។ Miss Grand Cambodia 2023 រូបនេះបានផ្លាស់ប្តូរការងារបែបកាន់តែហឹរចាប់ដៃគូជាមួយតារាប្រុសៗជាច្រើនរូបក្នុងនោះក៏មានតារាសម្តែង ណាខន ខណៈក៏មាន ចន សុទីម៉ា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៣។
ភឹម ស្រីនោ ជាបវរកញ្ញាកំសត់ម្នាក់ត្រូវបានទស្សនិកជនចាប់អារម្មណ៍ចុងក្រោយកាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងថ្ងៃដែលត្រូវឡើងនិយាយមុនផ្ទេរតំណែងរបស់ខ្លួនហើយត្រូវបានជនខិលខូចលួចបំផ្លាញស្បៃរ៉ូបធ្វើឱ្យផ្អើលពេញវិស័យបវរកញ្ញា។ សកម្មភាពរបស់ ភឹម ស្រីនោ Miss Grand Cambodia 2023 ក្នុងពេលបំពេញតួនាទីរបស់ខ្លួនត្រូវរងនូវការវាយប្រហារច្រើនពីទស្សនិកជនហើយសកម្មភាពនានាការបង្ហាញរបស់នាងមានទាំងរូបភាពស្រគំស្រគុំនិងបញ្ចេញរូបភាពស៊ិចស៊ីមួយចំនួនផងដែរ។
ទោះជាយ៉ាងណា បន្ទាប់ពីលាលែងតំណែងរបស់ខ្លួនរួច ភឹម ស្រីនោ ហាក់បង្ហាញខ្លួនកាន់តែពេញទំហឹងប្លែកជាងមុនដាច់។ គេបានឃើញនាងបង្ហោះរូបភាពហឹរៗស៊ីអារម្មណ៍ជាងមុន និងបានចាប់ដៃគូជាមួយតារាសម្តែងសង្ហាៗជាច្រើនរូបទាំងក្នុងនិងក្រៅស្ទូឌីយូ។លើសពីនេះទៅទៀត Miss Grand Cambodia 2023 បានបង្ហាញសកម្មភាពចាប់ដៃគូជាមួយតារាសម្តែង តារាម៉ូដែល មានបុរស៤នាក់ឈរសងខាងនាងនិងបានរួចការងារជាមួយតារាសម្តែង ណាខន ដូចគ្នា។
ក្រៅពីរូបភាពសម័យបែបហឹរៗ ភឹម ស្រីនោ ក៏បានថតរូបជាមួយសំលៀកបំពាក់បែបខ្មែរ និងសំលៀកបំពាក់សម័យកាលបារាំងជាមួយ ចន សុទីម៉ា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៣ ផងដែរ។
គួរបញ្ជាក់ផងដែរថា ភឹម ស្រីនោ បានក្លាយជា Miss Grand Cambodia 2023 នៅរាត្រីថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៣ ដោយបានឆ្លងកាត់ការប្រលង៣ដងទើបទទួលបានជ័យជម្នះ។ នាងបានតំណាងប្រទេសកម្ពុជាប្រកួត Miss Grand International 2023 លើទឹកដីវៀតណាម កាលពីខែតុលា ឆ្នាំ២០២៣ ដោយមានបេក្ខនារីចូលរួមប្រកួតទាំងអស់ចំនួន៧០នាក់ ប៉ុន្តែ ស្រីនោ មិនបានជាប់TOPឡើយ៕










