សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ក្រសួងកសិកម្មរបស់អាមេរិកបានប្រកាសឱ្យកែលម្អការផ្តល់អាហារនៅតាមសាលារៀនទាំងអស់ ដូចជា ៖ ហាមបន្ថែមស្ករក្នុងអាហារកូនសិស្ស និងកាត់បន្ថយជាតិសូដ្យូម ។ ការប្រកាសពីគោលការណ៍ថ្មីនេះ គឺដើម្បីបង្កើនគុណភាពអាហារូបត្ថម្ភនៅតាមសាលារៀនទូទាំងប្រទេស ។
វាក៏ជាការផ្លាស់ប្តូរទម្លាប់បរិភោគអាហាររបស់កូនសិស្សផងដែរ ដើម្បីឱ្យយុវជនអាមេរិកមានសុខភាពល្អ ។ លោក Tom Vilsack រដ្ឋមន្ត្រីក្រសួងកសិកម្មអាមេរិកបាននិយាយសង្កត់ធ្ងន់ពីសារៈសំខាន់របស់អាហារកូនសិស្ស ថា ៖ «ការកែលម្អគោលការណ៍ទាំងអស់នេះ គឺដើម្បីឱ្យប្រាកដចិត្តថា កូនសិស្សរបស់យើងនឹងបានបរិភោគអាហារមានប្រយោជន៍ដល់សុខភាព, អាហារមានគុណភាពល្អ និងជាប្រភេទអាហារដែលអាណាព្យាបាលចង់ឱ្យកូនៗបរិភោគ» ។

ក្រៅពីនេះ គោលការណ៍ថ្មីនេះ គឺស្របតាមគោលការណ៍ណែនាំរបបអាហាររបស់អាមេរិកផងដែរ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់ស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យយុវជនអាមេរិកមានសុខភាពល្អ ។ រីឯគោលការណ៍សំខាន់ដែលគេជជែកគ្នាច្រើនបំផុតនោះ គឺសាលារៀននានាគួរតែកាត់បន្ថយបរិមាណស្ករ និងសូដ្យូមក្នុងអាហារកូនសិស្ស ។
ការព្យាយាមជំរុញឱ្យសាលារៀននានាយកចិត្តទុកដាក់លើសុខភាពកូនសិស្ស និងស្របតាមគោលការណ៍ណែនាំរបបអាហាររបស់អាមេរិក គឺមានគោលដៅឱ្យយុវជនជ្រើសរើសអាហារល្អសម្រាប់សុខភាពរបស់ពួកគេ និងបង្កើតទម្លាប់បរិភោគអាហារសម្រាប់លើកកម្ពស់សុខុមាលភាពផ្ទាល់ខ្លួន ។
ប៉ុន្តែការអនុវត្តគោលការណ៍ថ្មីនេះអាចជោគជ័យបាន លុះត្រាតែមានការសហការពីស្ថាប័នពាក់ព័ន្ធផ្សេងៗ ដើម្បីផ្តល់អាហារមានប្រយោជន៍ដល់សុខភាពកូនសិស្ស ។ ហេតុនេះ កូនសិស្ស, អាណាព្យាបាល និងអ្នកពាក់ព័ន្ធផ្សេងៗ ចាំបាច់ត្រូវតែចូលរួមសហការអនុវត្តគោលការណ៍ថ្មីឱ្យបានល្អ ហើយកូនសិស្សអាមេរិកអាចបរិភោគអាហារមានប្រយោជន៍ ពីព្រោះវានឹងជួយឱ្យពួកគេលូតលាស់រាងកាយ និងប្រាជ្ញា ៕










